Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»សេដ្ឋកិច្ច»ផ្នែកឯកជនកម្ពុជា-កូរ៉េ ​ចុះ​ MoU ទ្វេភាគី​ដើម្បី​លើកកម្ពស់សកម្មភាពធុរកិច្ច និងការវិនិយោគ
    សេដ្ឋកិច្ច

    ផ្នែកឯកជនកម្ពុជា-កូរ៉េ ​ចុះ​ MoU ទ្វេភាគី​ដើម្បី​លើកកម្ពស់សកម្មភាពធុរកិច្ច និងការវិនិយោគ

    ngornleng namBy ngornleng namJuly 6, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ការចុះកិច្ច​ព្រមព្រៀង​រវាង​សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា កាល​ពី​ថ្ងៃ​ទី​៣ ខែកក្កដា។ សហការី
    ការចុះកិច្ច​ព្រមព្រៀង​រវាង​សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា កាល​ពី​ថ្ងៃ​ទី​៣ ខែកក្កដា។ សហការី
    Share
    Facebook Twitter LinkedIn Pinterest Email

    ទំនាក់ទំនង​​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​របស់​វិនិយោគិន​កូរ៉េ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​នឹង​កើន​ឡើង​បន្ថែម​ទៀតបន្ទាប់​ពី​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង ២ ​បាន​ចុះអនុស្សរណៈនៃការយោគយល់គ្នា​(Memorandum of Understanding – MoU) ដើម្បីបង្កើតឱកាសថ្មីៗសម្រាប់​ធុរជននៃប្រទេសទាំងពីរ​អាច​ធ្វើការ​​ជាមួយ​កាន់​តែ​សកម្ម​​ថែម​ទៀត​។​

    MoU នេះ​ត្រូវ​បាន​ធ្វើឡើង​រវាង​​សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ កាល​ពី​រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដោយ​មាន​ការ​ចូល​រួម​ពី​លោក ហាន់ ឃាង អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា និង​លោក រ៉ូប៊ីន គីម ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (Robin Kim, President of the Korean Chamber of Commerce in Cambodia)។

    MoU នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ដើម្បីលើកកម្ពស់សកម្មភាពធុរកិច្ច និងការវិនិយោគរបស់សហគ្រាសកូរ៉េនៅកម្ពុជា ព្រម​ទាំង​ជំរុញការផ្លាស់ប្តូរព័ត៌មាន បទពិសោធ និងឱកាសធុរកិច្ច ក៏​ដូចជា​​រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកប​ដោយចីរភាព តាមរយៈការប្រើប្រាស់ធនធាន សក្តានុពល និងបណ្តាញទំនាក់ទំនងរបស់ភាគីទាំងពីរប្រកបដោយប្រសិទ្ធភាព។

    MoU នេះក៏​នឹងក្លាយជាក្របខ័ណ្ឌដ៏សំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម ដូចជា ការគាំទ្រដល់ការចូលទីផ្សារ និងការបង្កើតអាជីវកម្មរបស់ក្រុមហ៊ុនកូរ៉េនៅកម្ពុជា, ការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មអាទិភាព, ការរៀបចំវេទិកាធុរកិច្ច, និងជំនួបផ្គូផ្គងធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាន និងឱកាសវិនិយោគ ព្រមទាំងការសម្របសម្រួលលើគំនិតផ្តួចផ្តើមពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងការចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយ។

    សមាគមឧកញ៉ាកម្ពុជា បាន​លើកឡើង​ថា៖​«​ការចុះហត្ថលេខា​លើ​អនុស្សរណៈនៃការយោគយល់គ្នានេះ បាន​ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ​ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ស្របតាមបរិបទនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ដើម្បីបង្កើតឱកាសថ្មីៗជូនដល់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ»។

    អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​៦ ខែកក្កដាថា ភាព​ល្អ​ប្រសើរ​នៃ​ទំនាក់​ទំនង​ការ​ទូត និង​ការ​ចូល​ជា​ធរមាន​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី​កម្ពុជា-កូរ៉េ កំពុង​ជួយ​ឱ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​​បណ្តាក់​ទុន​រវាង​ប្រទេស​ទាំង ២ ​ល្អ​ប្រសើរ​ជាបន្ត​បន្ទាប់​។ លោក​បន្ត​ថា វិនិយោគិន​កូរ៉េ អាច​ត្រូវ​បាន​ចាត់​ទុក​ជា​​ផ្នែក​សំខាន់​មួយ​​​ដែល​​​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​ជាង ២ ទសវត្សរ៍​កន្លងមក​។ គម្រោង​វិនិយោគរបស់​​កូរ៉េ​ មាន​ភាគ​ច្រើន​ក្នុង​វិស័យ​អចលនទ្រព្យ សំណង់ កសិកម្ម រោងចក្រ​កែច្នៃផលិតផល​កសិកម្ម និង​វិស័យ​ហិរញ្ញវត្ថុ។

    លោក​ប្រាប់​ទៀត​ថា  ដើម្បី​ទាក់​ទាញ​វិនិយោគិន​កូរ៉េ​ឱ្យ​ចូល​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​កាន់​តែ​ច្រើន រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​វិនិយោគិន​ក្នុង​ស្រុក និង​កូរ៉េ​។

    លោក​ថ្លែង​ថា៖​«​ប្រសិន​បើ​មាន​តំបន់​សេដ្ឋកិច្ច​កម្ពុជា-កូរ៉េ គឺ​ប្រាកដ​ជា​នឹង​អាច​ទាក់​ទាញ​វិនិយោគិន​កូរ៉េ​ចូល​មក​បណ្តាក់​ទុន​កាន់តែ​ច្រើន ហើយ​ទំហំពាណិជ្ជកម្ម​ទ្វេភាគី ក៏​នឹង​កើន​ឡើង​ផងដែរ»។

    ទិន្នន័យ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​ ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ៥ខែ​ដើម​ឆ្នាំ​២០២៦ ការ​នាំចេញនាំចូល​ទំនិញ​រវាង​កម្ពុជា-​កូរ៉េ មាន​ទឹក​ប្រាក់​សរុប ៤៧៦,៨៨ លានដុល្លារ កើន​ឡើង ៣១,៥% បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៥ ដែល​មាន​ ៣៦២,៥៨​ លាន​ដុល្លារ​។ ក្នុង​ចំនួន​នេះ គឺ​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​កូរ៉េ​ ១៧០,១ លាន​ដុល្លារ កើន​ឡើង ៣៦,៧% ចំណែក​ទំនិញ​កូរ៉េ​នាំមកវិញ ៣០៦,៧៧ លានដុល្លារ កើនឡើង ២៨,៨%។

    អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ស៊ុន ចាន់ថុល កាល​ពី​ខែមិថុនា បាន​ដឹកនាំមន្ត្រីជាន់ខ្ពស់ និងតំណាងផ្នែក​ឯកជននៅ​កម្ពុជា​ជាច្រើន​រូប​ទៅ​កាន់​​ប្រទេស​កូរ៉េ ក្នុង​បំពេញបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញវិនិយោគកូរ៉េ ឱ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើន។ ក្នុង​បេសកកម្ម​នេះ ភាគី​កម្ពុជា​​បាន​ជួប​ពិភាក្សា​ជាមួយ​​តំណាង​រដ្ឋាភិបាល និង​ផ្នែកឯកជន​កូរ៉េ​ជា​ច្រើន ដូចជា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ(Minister of Trade of Republic of Korea), ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងការវិនិយោគកូរ៉េ (KOTRA), គណៈគ្រប់គ្រងក្រុមហ៊ុន Samsung Electronics, ក្រុមហ៊ុន Emons Furniture Co., Ltd​, ក្រុមហ៊ុន Daejoo KC Group, និងក្រុមហ៊ុន Kyungshin Co., Ltd ជា​ដើម៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngornleng nam

    Related Posts

    ក្រុមហ៊ុនធំៗ​របស់ចិនចំនួន​៩ គ្រោង​​ពង្រីក​ការ​វិនិយោគបន្ថែម​ និងស្វែង​រក​ការបណ្តាក់ទុន​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជា

    July 16, 2026

    ទំហំពាណិជ្ជកម្ម​កម្ពុជាជាមួយ​ក្រុមប្រទេស​សមាជិក​ RCEP កើនដល់ជាង ២៤ ពាន់​លាន​ដុល្លារ​

    July 16, 2026

    ​ប្រភព​ទុន​ក្នុង​ស្រុកមាន​ចំណែក​​​ជិត ៤២% នៃ​ចំនួន​ទុន​វិនិយោគ​សរុបដែល​បាន​អនុម័ត​​ក្នុង​ឆមាស​ទី​១

    July 15, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.