អាជ្ញាធរថៃបានឱ្យដឹងថា អគ្គិភ័យដ៏ធំមួយបានលេបត្របាក់ហាងស្រាមួយកន្លែងក្នុងទីក្រុងបាងកក កាលពីព្រឹកព្រលឹមថ្ងៃចន្ទនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់ និងរបួសរាប់សិបនាក់ផ្សេងទៀត មុនពេលកម្លាំងពន្លត់អគ្គិភ័យអាចគ្រប់គ្រងស្ថានការណ៍បាន។ វីដេអូដែលត្រូវបានចែកចាយតាមអនឡាញដោយក្រុមអ្នកជួយសង្គ្រោះដំបូង បានបង្ហាញពីអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ និងផ្សែងខ្មៅហុយចេញពីទ្វារខាងមុខនៃហាងស្រា Na Ladprao ដែលស្ថិតនៅភាគខាងជើងនៃរាជធានីថៃ។ មនុស្សម្នាត្រូវបានព្យាយាមរត់គេចខ្លួន ខណៈដែលផ្សែងខ្មៅក្រាស់កំពុងហុយពេញអាកាស។ ក្រុមអ្នកជួយសង្គ្រោះបានបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យនេះត្រូវបានរាយការណ៍នៅម៉ោងប្រហែលពាក់កណ្តាលអធ្រាត្រ។ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា មនុស្ស ២៧ នាក់បានបាត់បង់ជីវិត។ លោកបានបន្តថា មូលហេតុនៃអគ្គិភ័យនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។ លោក អានុទីន បានឱ្យដឹងទៀតថា តន្ត្រីករម្នាក់ដែលកំពុងសម្តែងនៅក្នុងហាងស្រាបានប្រាប់លោកថា គាត់បានឃើញផ្សែងហុយចេញពីប្រអប់តង់ស្យុង (circuit breaker) នៅក្បែរឆាក បន្ទាប់មកភ្លើងក៏បានរលត់ ហើយស្នូរផ្ទុះមួយត្រូវបានឮឡើង រួចផ្សែងក្រាស់ក៏បានគ្របដណ្តប់ពេញទីកន្លែងនោះយ៉ាងលឿន។ លោក អានុទីន បានបន្ថែមថា ជនរងគ្រោះជាច្រើននាក់ត្រូវបានរកឃើញនៅក្នុងបន្ទប់ទឹកនៅផ្នែកខាងក្រោយនៃហាងស្រា។ អភិបាលក្រុងបាងកក លោក ឆាតឆាត ស៊ីទីពុណ្យ (Chadchart Sittipunt) បានថ្លែងថា មនុស្ស ៦៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលក្នុងនោះ ២២ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោកបន្តថា អាជ្ញាធរកំពុងធ្វើការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយសារមនុស្សជាច្រើនមិនបានយកអត្តសញ្ញាណប័ណ្ណជាប់តាមខ្លួន ឬកំពុងសន្លប់បាត់ស្មារតី។ កម្លាំងពន្លត់អគ្គិភ័យបានប្រើពេលប្រហែលកន្លះម៉ោងដើម្បីគ្រប់គ្រងអគ្គិភ័យនេះ។ រូបភាពបន្ទាប់ពីហេតុការណ៍បានបង្ហាញពីតុ និងកៅអីដែលរងការឆេះខ្ទេច និងការខូចខាតយ៉ាងដំណំនៅផ្នែកខាងក្នុងនៃហាងស្រានោះ៕ AP