Author: ហុង រស្មី

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានប្រកាសថា នឹងកែសម្រួលការប្រើប្រាស់អភិក្រម «នាំកង្កែបចេញពីអណ្ដូង» បន្ទាប់ពីឃ្លានេះបានបង្កឱ្យមានការចាប់អារម្មណ៍ និងការបកស្រាយខុសៗគ្នាពីសំណាក់សាធារណជន ដោយក្រសួងអះអាងថា ខ្លួនទទួលយកមតិស្ថាបនាទាំងអស់ ខណៈបន្តរក្សាគោលដៅជំរុញការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ក្រសួងទេសចរណ៍បានឱ្យដឹងថា អភិក្រមដែលត្រូវបានដាក់ចេញនាពេលកន្លងមក ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ប៉ុន្តែក៏មានការបកស្រាយ និងយល់ន័យផ្សេងៗពីគោលបំណងដើមផងដែរ។ ក្រសួងបានបញ្ជាក់ថា៖ «ដោយឈរលើស្មារតីបើកចំហ តម្លាភាព និងការស្តាប់មតិយោបល់ពីគ្រប់មជ្ឈដ្ឋាន ក្រសួងទេសចរណ៍ សូមថ្លែងអំណរគុណ និងសូមទទួលយកនូវរាល់មតិយោបល់ស្ថាបនាទាំងនោះ ដើម្បីកែសម្រួលការប្រើប្រាស់អភិក្រមខាងលើឱ្យបានកាន់តែសមស្រប និងមានភាពគ្រប់ជ្រុងជ្រោយជាងមុន»។ ក្រសួងបានឱ្យដឹងទៀតថា ការកែលម្អនេះនឹងឆ្លុះបញ្ចាំងពីស្មារតី «រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ» រវាងរដ្ឋ វិស័យឯកជន សហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់កិត្តិនាមរបស់កម្ពុជានៅលើឆាកអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេសកាន់តែច្រើន។ ការប្រកាសនេះធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានបង្ហាញអភិក្រម «នាំកង្កែបចេញពីអណ្ដូង» ជាទស្សនវិស័យថ្មីសម្រាប់លើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារពិភពលោក។ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយកម្មវិធីរត់ឆ្លងឧបសគ្គនៅតំបន់ប្រាសាទសំបូរព្រៃគុក លោកបានពន្យល់ថា អភិក្រមនេះមានគោលបំណងនាំយកគោលដៅទេសចរណ៍របស់កម្ពុជា ចេញពីការទទួលស្គាល់ក្នុងរង្វង់តូច ទៅកាន់ការទទួលស្គាល់កាន់តែទូលំទូលាយនៅលើទីផ្សារទេសចរណ៍អន្តរជាតិ។ លោកបានបញ្ជាក់ថា យុទ្ធសាស្ត្រនេះមិនផ្តោតលើគោលដៅទេសចរណ៍ប្រភេទណាមួយឡើយ ប៉ុន្តែគ្របដណ្តប់លើការផ្សព្វផ្សាយទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ ទេសចរណ៍ឆ្នេរ ទេសចរណ៍សហគមន៍ និងផលិតផលទេសចរណ៍ថ្មីៗផ្សេងទៀត ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារទេសចរណ៍សកល។ ក្រោយការលើកឡើងពីអភិក្រមនេះ មានការពិភាក្សាយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម។ អ្នកខ្លះបានគាំទ្រគំនិតច្នៃប្រឌិតរបស់ក្រសួង ខណៈអ្នកខ្លះទៀតយល់ថា ឃ្លាធៀបនេះអាចបង្កឱ្យមានការយល់ច្រឡំ ឬមិនសមស្របសម្រាប់ការផ្សព្វផ្សាយរូបភាពប្រទេស។ ជាជាងរក្សាជំហរដដែល ក្រសួងទេសចរណ៍បានជ្រើសរើសទទួលស្គាល់ការបកស្រាយផ្សេងៗ និងប្រកាសកែសម្រួលការប្រើប្រាស់អភិក្រមនេះ ដោយនៅតែរក្សាគោលដៅស្នូលក្នុងការលើកកម្ពស់ទេសចរណ៍កម្ពុជា។ ក្រសួងក៏បានថ្លែងអំណរគុណដល់ប្រតិបត្តិករទេសចរណ៍ សហគមន៍ ដៃគូអភិវឌ្ឍ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាឌីជីថល និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ដែលបានចូលរួមផ្សព្វផ្សាយសក្ដានុពលទេសចរណ៍របស់កម្ពុជានាពេលកន្លងមក។ ក្រសួងបានបញ្ជាក់ថា ខ្លួននឹងបន្តអនុវត្តអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយជឿជាក់ថា ការចូលរួមរបស់គ្រប់ភាគីនឹងក្លាយជាកម្លាំងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យទទួលបានជោគជ័យថ្មីៗ។ ការបញ្ជាក់របស់ក្រសួងស្របពេលដែលលោក ហួត ហាក់ កាលពីថ្ងៃទី៧ ខែកក្កដា បានអំពាវនាវឱ្យមានភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន សហគមន៍ និងដៃគូអភិវឌ្ឍ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ប្រកបដោយចីរភាព។ លោកថ្លែង​ថា៖ «ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ប្រកបដោយចីរភាព មិនអាចសម្រេចបានដោយភាគីណាមួយតែម្នាក់ឯងនោះទេ គឺចាំបាច់ទាមទារត្រូវមានភាពជាដៃគូរវាងរដ្ឋ…

Read More