កុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ(ក.ស.ភ.)ក្នុងឆមាសទី១ ឆ្នាំ២០២៦ មានប្រមាណជិត ៣៤ ម៉ឺន ធីអ៊ីយូ(TEU) កើនឡើងជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈចំនួនអ្នកដំណើរឆ្លងកាត់មានប្រមាណជាង ២ ម៉ឺននាក់។
សេចក្តីប្រកាសព័ត៌មានរបស់ ក. ស. ភ. ដែលជាអង្គភាពចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា(CSX) ចេញផ្សាយកាលពីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឱ្យដឹងថា ចាប់ពីខែមករា-មិថុនា ឆ្នាំ២០២៦ កំពង់ផែស្វយ័តភ្នំពេញបានទទួលនាវាដឹកទំនិញឆ្លងកាត់ចំនួន ១ ៨៩១ គ្រឿង កើនឡើង ៦,៦៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ សម្រាប់កុងតឺន័រឆ្លងកាត់មានចំនួន ៣៣៩ ៦០៦ ធីអ៊ីយូ កើន ៣១,៥៦%, និងបរិមាណទំនិញ-ប្រេងឥន្ទនៈ ឆ្លងកាត់ ២ ៨៩៧ ០០០ តោន កើន ១០,០១%។ រីឯនាវាដឹកអ្នកដំណើរ មានចំនួន ២០៩ គ្រឿង កើន ៨,២៩% និងអ្នកដំណើរ ឆ្លងកាត់ ២១ ៤២៦ នាក់ កើនឡើង ៦,៦៧%។
ដោយឡែកសម្រាប់ខែមិថុនា ឆ្នាំ២០២៦ នាវាចូលចតមានចំនួន ៣០៩ គ្រឿង កើន ៤,៧៥% បើធៀបខែមិថុនា ឆ្នាំ២០២៥, កុងតឺន័រ ៦៣ ៤៥៥ ធីអ៊ីយូ កើន ២១,៨៣%, ទំនិញប្រេងឥន្ទនៈឆ្លងកាត់ ៤៨៩ ៤១៣ តោន កើន ៦,៧២%, នាវាដឹកអ្នកដំណើរ ៩ គ្រឿង រក្សាចំនួននៅដដែល និងអ្នកដំណើរមានចំនួន ៥០១ នាក់ កើន ២៨,១៣%។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កំណើនចរាចរណ៍ទំនិញ និងកុងតឺន័រឆ្លងកាត់ គឺមានន័យថាសកម្មភាពសេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងមានដំណើរការល្អបើទោះបីសេដ្ឋកិច្ចពិភពលោកកំពុងបន្តជួបនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ។ កំពង់ផែភ្នំពេញនឹងកាន់តែមានភាពមមាញឹកបន្ថែមទៀតនៅពេលគម្រោងព្រែកជីកហ្វូណនតេជោដែលតភ្ជាប់រវាងទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្របើកដំណើរការ។
លោកបន្ថែមថា៖«ការកើនឡើងនៃសកម្មភាពវិនិយោគផ្ទាល់ក្នុងប្រទេស និងកំណើនពាណិជ្ជកម្មអន្តរជាតិ គឺជាចំណែកដែលធ្វើឱ្យចរាចរណ៍ទំនិញឆ្លងកាត់កំពង់ផែភ្នំពេញកើនឡើង។ ភាពវិជ្ជមាននេះនឹងមានកាន់តែធំនាពេលខាងមុខឆាប់ៗនេះ»។
បើតាមលោក ចាន់ដារ៉ា ប្រភេទទំនិញដែលគេដឹកជញ្ជូនតាមរយៈកំពង់ផែភ្នំពេញ មានភាគច្រើនជាផលិតផលវាយនភណ្ឌ និងផលិតផលកសិកម្ម។
ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោក ហ៊ី បាវី ធ្លាប់បាននិយាយថា ភាពជោគជ័យទាំងអស់ គឺអាស្រ័យដោយ ក. ស. ភ. តែងប្រកាន់ភ្ជាប់នូវការយកចិត្តទុកដាក់ក្នុងការបម្រើសេវាកម្មប្រតិបត្តិការផែជូនអតិថិជនប្រកបដោយតម្លាភាព និងភាពឆាប់រហ័ស ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ចំពោះតម្រូវការរបស់អតិថិជន។ ជាក់ស្តែង ក. ស. ភ. បានប្រើប្រាស់គ្រប់យន្តការ តាមរយៈការពង្រឹងគុណភាពសេវាកម្ម ការពង្រីកសមត្ថភាពលើកដាក់ និងផ្ទេរ ឬផ្ទុកទំនិញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការជួសជុលថែទាំ និងការងារបំពាក់គ្រឿងចក្រ និងឧបករណ៍ថ្មីៗជាដើម។ លោកថ្លែងថា៖«ក. ស. ភ. មានជំនឿចិត្ត និងគោលជំហរយ៉ាងរឹងមាំក្នុងការអនុវត្តការងារប្រចាំថ្ងៃ និងប្រតិបត្តិការនៅតាមបណ្តាចំណតផែនានាឱ្យមានតម្លាភាព ភាពឆាប់រហ័ស ដើម្បីបង្កើននូវទំនុកចិត្ត និងការទាក់ទាញនៃការផ្តល់សេវាកំពង់ផែប្រកបដោយស្តង់ដាជូនដល់អតិថិជន»។
កាលពីឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ បានទទួលនាវាដឹកទំនិញឆ្លងកាត់ ៣ ៧៤៦ គ្រឿង កើនឡើង ១,៣៥% បើធៀបនឹងឆ្នាំ២០២៤ ដោយឡែកបរិមាណកុងតឺន័រឆ្លងកាត់ ៦០០ ០២៣ ធីអ៊ីយូ កើន ២៤,៩៥% និងបរិមាណទំនិញ-ប្រេងឥន្ទនៈឆ្លងកាត់ ៥ ៦០៦ ៤៩៥ តោន កើន ១៥,៥៩%។ ដោយឡែកសម្រាប់នាវាដឹកអ្នកដំណើរមានចំនួន ៤១៣ គ្រឿង កើន ៥,៩% និងអ្នកដំណើរឆ្លងកាត់ ៣៩ ៨០៤ នាក់ កើនឡើង ១០,១១%%៕
