Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»សេដ្ឋកិច្ច»IMF ​ទម្លាក់​ការ​ព្យាករអត្រាកំណើន​សេដ្ឋកិច្ចកម្ពុជាសម្រាប់​ឆ្នាំ​២០២៦ មក​នៅ​ត្រឹម ៣%
    សេដ្ឋកិច្ច

    IMF ​ទម្លាក់​ការ​ព្យាករអត្រាកំណើន​សេដ្ឋកិច្ចកម្ពុជាសម្រាប់​ឆ្នាំ​២០២៦ មក​នៅ​ត្រឹម ៣%

    ngornleng namBy ngornleng namJuly 8, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោក Kenichiro Kashiwase(ឆ្វេង) និង​លោក Jochen M. Schmittmann, IMF Regional Resident Representative Cambodia, Lao PDR, និង Vietnam ពេល​ធ្វើ​សន្និសីទសារព័ត៌មាន​។ ហ៊ឹន ពិសី
    លោក Kenichiro Kashiwase(ឆ្វេង) និង​លោក Jochen M. Schmittmann, IMF Regional Resident Representative Cambodia, Lao PDR, និង Vietnam ពេល​ធ្វើ​សន្និសីទសារព័ត៌មាន​។ ហ៊ឹន ពិសី
    Share
    Facebook Twitter LinkedIn Pinterest Email

    សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៦ នេះត្រូវ​បាន​មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ព្យាករ​ថានឹង​សម្រេច​បាន​ក្នុង​អត្រា​កំណើន​ ៣% ​​​ដោយ​បាន​បន្ថយ​ពី​អត្រា​ ៤% ដែល​បាន​ព្យាករ​កាល​ពី​អំឡុង​ពាក់​កណ្តាល​ខែ​មេសាកន្លងមក។​

    ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ពី​ការិយាល័យ​ប្រចាំប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កក្កដា នេះ លោក Kenichiro Kashiwase ដែល​បាន​ដឹកនាំ​​ក្រុមការងារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មក​ប្រទេស​កម្ពុជា​ដើម្បី​ជួប​ពិភាក្សាជាមួយអាជ្ញាធរកម្ពុជា តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងក្របខ័ណ្ឌនៃការពិគ្រោះយោបល់តាមមាត្រា IV (Article IV Consultation) ឆ្នាំ២០២៦ បាន​ឱ្យ​ដឹង​​ថា ទោះ​បី​​ជួប​នឹង​វិបត្តិ​ខាង​ក្រៅ និង​ខាង​ក្នុងជា​ច្រើន​ក៏​ដោយ ក៏​​​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​តែ​មាន​ភាព​ធន់​ ដោយ​គ្រាន់​តែ​អត្រា​កំណើន​បាន​ធ្លាក់​ចុះ​បន្តិច​បើ​ធៀប​នឹង​ឆ្នាំ​២០២៥​។​​​

    លោក​បាន​អះអាង​ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដ ដែលទទួលបានការគាំទ្រពីតម្រូវការខាងក្រៅ ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ​បានថយចុះមកនៅត្រឹម ៥,៣% ក្នុងឆ្នាំ២០២៥ ពី ៦,០% ក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនេះតម្រូវការក្នុងស្រុក វិស័យសំណង់ និងអចលនទ្រព្យ នៅតែមានសភាពទន់ខ្សោយ។

    សេចក្តី​ប្រកាស​ព័ត៌មាន​របស់ IMF ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ទី​៨ ខែ​កក្កដា ឱ្យ​ដឹង​ថា៖​«កំណើនសេដ្ឋកិច្ចកម្ពុជា​ត្រូវបានព្យាករថា នឹងថយចុះមកនៅត្រឹម ៣% ក្នុងឆ្នាំ២០២៦ មុននឹងងើបឡើងវិញនៅឆ្នាំ២០២៧ ខណៈតម្លៃថាមពលកើនឡើង តម្រូវការខាងក្រៅចុះខ្សោយ និងផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ (Scam Activities) កំពុងដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច វិស័យទេសចរណ៍ និងបង្កហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុ»។

    IMF បាន​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​អតិផរណាជាមធ្យមដែល​មានអត្រា ២,៥% ក្នុងឆ្នាំ២០២៥ គឺ​បានកើនឡើងយ៉ាងឆាប់រហ័សនៅខែឧសភា ឆ្នាំ២០២៦ ហើយត្រូវបានព្យាករថានឹងមានជាមធ្យម ៥,៦% សម្រាប់ឆ្នាំ២០២៦ ដោយសារផលប៉ះពាល់ពីការកើនឡើងនៃតម្លៃថាមពល។ អតិផរណាត្រូវបានរំពឹងថានឹងថយចុះវិញនៅឆ្នាំ២០២៧ ខណៈ​ប្រាក់រៀលនៅតែមានស្ថិរភាពជាទូទៅ និងបន្តដើរតួនាទីជាបង្គោល​មួយ​សម្រាប់សេដ្ឋកិច្ច។

    ទិដ្ឋភាព​សំណង់​អគារ​ជាច្រើន​ក្នុង​រាជធានីភ្នំពេញ។ ហ៊ឹន ពិសី

    ជាមួយ​គ្នា​នេះស្ថានភាពវិស័យខាងក្រៅក៏​បានចុះខ្សោយក្នុងឆ្នាំ២០២៥ ដោយសមតុល្យគណនីចរន្តបានផ្លាស់ប្តូរពីអតិរេកតិចតួចទៅជាឱនភាព ព្រោះការនាំចូលបាន​កើនលឿនជាងការនាំចេញ ហើយប្រាក់បញ្ញើ​ពីខាង​ក្រៅ​របស់​ពលករ​បានធ្លាក់ចុះ បន្ទាប់ពីពលករចំណាកស្រុកបានវិលត្រឡប់មកប្រទេសវិញ។ ការវិនិយោគផ្ទាល់ពីបរទេសនៅតែមានភាពរឹងមាំ ខណៈទុនបម្រុងអន្តរជាតិនៅតែស្ថិតក្នុងកម្រិតគ្រប់គ្រាន់ស្មើនឹងប្រមាណ ៨ ខែនៃការនាំចូល។

    IMF បញ្ជាក់​ថា៖​«ហានិភ័យចំពោះទស្សនវិស័យសេដ្ឋកិច្ចមានទិសដៅអវិជ្ជមានចំពោះកំណើន និងមានទិសដៅវិជ្ជមានចំពោះអតិផរណា។ ការកើនឡើង ឬភាពប្រែប្រួលខ្លាំងនៃតម្លៃថាមពល ផលប៉ះពាល់សេដ្ឋកិច្ចពីបាតុភូតអែលនីញ៉ូ (El Niño) ភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្ម និងតម្រូវការទេសចរណ៍ដែលចុះខ្សោយ អាចប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច។ នៅក្នុងប្រទេសភាពងាយរងគ្រោះរបស់វិស័យហិរញ្ញវត្ថុ ភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ និងការធ្លាក់ចុះគុណភាពទ្រព្យសកម្ម នៅតែជាហានិភ័យសំខាន់»។

    ជាមួយ​គ្នា​នេះ IMF ក៏​បាន​ផ្តល់​នូវ​អនុសាសន៍​ណែនាំមួយ​ចំនួន ដូចជា៖​

    ក្នុងបរិបទនេះ គោលនយោបាយសារពើពន្ធគួរជួយសម្រួលផលប៉ះពាល់ក្នុងរយៈពេលខ្លី។ វិធានការគាំទ្រគួរមានលក្ខណៈបណ្តោះអាសន្ន និងផ្តោតលើគ្រួសារងាយរងគ្រោះ និងអាជីវកម្មដែលរងផលប៉ះពាល់ ដោយជៀសវាងការបង្កសម្ពាធបន្ថែមលើអតិផរណា។ ការគាំទ្រទាក់ទងនឹងប្រេងឥន្ធនៈជាទូទៅ មានលក្ខណៈមិនផ្តល់អត្ថប្រយោជន៍សមធម៌ ហើយគួរត្រូវបានដកចេញជាបណ្តើរៗ ដើម្បីការពារចំណូលសារពើពន្ធ នៅពេលស្ថានភាពអនុញ្ញាត។

    ក្នុងរយៈពេលមធ្យម យុទ្ធសាស្ត្រប្រមូលចំណូលដែលមានភាពជឿជាក់ គឺមានសារៈសំខាន់សម្រាប់រក្សាការចំណាយលើវិស័យអាទិភាព និងការបែងចែកថវិកាដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍របស់ប្រទេស ខណៈរក្សានិរន្តរភាពបំណុល​។ យុទ្ធសាស្ត្រនេះគួររួមមាន ការពង្រឹងការអនុវត្តតាមច្បាប់ពន្ធ ការកែលម្អអភិបាលកិច្ចលើការលើកលែងពន្ធ និងការពង្រីកមូលដ្ឋានពន្ធ។

    ការរក្សាស្ថិរភាពហិរញ្ញវត្ថុនៅតែជាអាទិភាពសំខាន់។ ការបញ្ចប់វិធានការបន្ធូរបន្ថយបទប្បញ្ញត្តិជាទូទៅ គឺជាជំហានដ៏សំខាន់មួយ។ វិស័យអចលនទ្រព្យនៅតែជាចំណុចងាយរងគ្រោះសំខាន់ ដោយសារមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយតារាងតុល្យការរបស់គ្រួសារ ធនាគារ ក្រុមហ៊ុនអភិវឌ្ឍន៍ និងអាជីវកម្មពាក់ព័ន្ធ។ ធនាគារជាតិនៃកម្ពុជា បានអនុវត្តវិធានការអន្តរាគមន៍ត្រួតពិនិត្យជាមុន ហើយគួរបន្តធានាឱ្យមានការទទួលស្គាល់ការខាតបង់ទាន់ពេលវេលា និងការធ្វើសំវិធានគ្រប់គ្រាន់។

    ក្នុង​ក្របខ័ណ្ឌគ្រប់គ្រងវិបត្តិ និងការដោះស្រាយបញ្ហា ធនាគារគួរត្រូវបានដាក់ឱ្យដំណើរការពេញលេញ​ដោយផ្តល់ជំនួយសាច់ប្រាក់បន្ទាន់តែចំពោះស្ថាប័នដែលនៅមានសមត្ថភាពទូទាត់បំណុល និងមានវិធានការការពារសមស្រប។

    IMF បាន​អះអាង​ថា៖​«កំណែទម្រង់រចនាសម្ព័ន្ធគឺ​មានសារៈសំខាន់ណាស់ក្នុងការពង្រឹងគំរូកំណើន និងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅពេលប្រទេសកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDC)។ អាទិភាពរួមមាន ការកែលម្អបរិយាកាសធុរកិច្ច ការពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ ការអភិវឌ្ឍជំនាញ និងសមត្ថភាពស្រូបយកកម្លាំងពលកម្ម ការគាំទ្រការធ្វើពិពិធកម្មការនាំចេញ និងការទាក់ទាញការវិនិយោគដែលមានគុណភាពខ្ពស់។ ការពង្រឹងសន្តិសុខថាមពល និងប្រសិទ្ធភាពថាមពល ការបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងកំណែទម្រង់ដើម្បីគាំទ្រថាមពលកកើតឡើងវិញ ក៏នឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងផងដែរ»៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngornleng nam

    Related Posts

    ក្រុមហ៊ុនធំៗ​របស់ចិនចំនួន​៩ គ្រោង​​ពង្រីក​ការ​វិនិយោគបន្ថែម​ និងស្វែង​រក​ការបណ្តាក់ទុន​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជា

    July 16, 2026

    ទំហំពាណិជ្ជកម្ម​កម្ពុជាជាមួយ​ក្រុមប្រទេស​សមាជិក​ RCEP កើនដល់ជាង ២៤ ពាន់​លាន​ដុល្លារ​

    July 16, 2026

    ​ប្រភព​ទុន​ក្នុង​ស្រុកមាន​ចំណែក​​​ជិត ៤២% នៃ​ចំនួន​ទុន​វិនិយោគ​សរុបដែល​បាន​អនុម័ត​​ក្នុង​ឆមាស​ទី​១

    July 15, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.