Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Amret Kmenh Chhlat Account promotion
    Home»ព័ត៌មានជាតិ»ក្រសួងទេសចរណ៍កែសម្រួលអភិក្រម «នាំកង្កែបចេញពីអណ្ដូង» ក្រោយទទួលមតិពីសាធារណជន
    ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍កែសម្រួលអភិក្រម «នាំកង្កែបចេញពីអណ្ដូង» ក្រោយទទួលមតិពីសាធារណជន

    ហុង រស្មីBy ហុង រស្មីJuly 8, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោក ហួត ហាក់ ទៅទស្សនា​រមណីយដ្ឋានភ្នំគូលែន។ រូបថត សហការី
    លោក ហួត ហាក់ ទៅទស្សនា​រមណីយដ្ឋានភ្នំគូលែន។ រូបថត សហការី
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ ក្រសួងទេសចរណ៍បានប្រកាសថា នឹងកែសម្រួលការប្រើប្រាស់អភិក្រម «នាំកង្កែបចេញពីអណ្ដូង» បន្ទាប់ពីឃ្លានេះបានបង្កឱ្យមានការចាប់អារម្មណ៍ និងការបកស្រាយខុសៗគ្នាពីសំណាក់សាធារណជន ដោយក្រសួងអះអាងថា ខ្លួនទទួលយកមតិស្ថាបនាទាំងអស់ ខណៈបន្តរក្សាគោលដៅជំរុញការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

    ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ក្រសួងទេសចរណ៍បានឱ្យដឹងថា អភិក្រមដែលត្រូវបានដាក់ចេញនាពេលកន្លងមក ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ប៉ុន្តែក៏មានការបកស្រាយ និងយល់ន័យផ្សេងៗពីគោលបំណងដើមផងដែរ។

    ក្រសួងបានបញ្ជាក់ថា៖ «ដោយឈរលើស្មារតីបើកចំហ តម្លាភាព និងការស្តាប់មតិយោបល់ពីគ្រប់មជ្ឈដ្ឋាន ក្រសួងទេសចរណ៍ សូមថ្លែងអំណរគុណ និងសូមទទួលយកនូវរាល់មតិយោបល់ស្ថាបនាទាំងនោះ ដើម្បីកែសម្រួលការប្រើប្រាស់អភិក្រមខាងលើឱ្យបានកាន់តែសមស្រប និងមានភាពគ្រប់ជ្រុងជ្រោយជាងមុន»។

    ក្រសួងបានឱ្យដឹងទៀតថា ការកែលម្អនេះនឹងឆ្លុះបញ្ចាំងពីស្មារតី «រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ» រវាងរដ្ឋ វិស័យឯកជន សហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់កិត្តិនាមរបស់កម្ពុជានៅលើឆាកអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេសកាន់តែច្រើន។

    ការប្រកាសនេះធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានបង្ហាញអភិក្រម «នាំកង្កែបចេញពីអណ្ដូង» ជាទស្សនវិស័យថ្មីសម្រាប់លើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារពិភពលោក។

    ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយកម្មវិធីរត់ឆ្លងឧបសគ្គនៅតំបន់ប្រាសាទសំបូរព្រៃគុក លោកបានពន្យល់ថា អភិក្រមនេះមានគោលបំណងនាំយកគោលដៅទេសចរណ៍របស់កម្ពុជា ចេញពីការទទួលស្គាល់ក្នុងរង្វង់តូច ទៅកាន់ការទទួលស្គាល់កាន់តែទូលំទូលាយនៅលើទីផ្សារទេសចរណ៍អន្តរជាតិ។

    លោកបានបញ្ជាក់ថា យុទ្ធសាស្ត្រនេះមិនផ្តោតលើគោលដៅទេសចរណ៍ប្រភេទណាមួយឡើយ ប៉ុន្តែគ្របដណ្តប់លើការផ្សព្វផ្សាយទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ ទេសចរណ៍ឆ្នេរ ទេសចរណ៍សហគមន៍ និងផលិតផលទេសចរណ៍ថ្មីៗផ្សេងទៀត ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារទេសចរណ៍សកល។

    ក្រោយការលើកឡើងពីអភិក្រមនេះ មានការពិភាក្សាយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម។ អ្នកខ្លះបានគាំទ្រគំនិតច្នៃប្រឌិតរបស់ក្រសួង ខណៈអ្នកខ្លះទៀតយល់ថា ឃ្លាធៀបនេះអាចបង្កឱ្យមានការយល់ច្រឡំ ឬមិនសមស្របសម្រាប់ការផ្សព្វផ្សាយរូបភាពប្រទេស។

    ជាជាងរក្សាជំហរដដែល ក្រសួងទេសចរណ៍បានជ្រើសរើសទទួលស្គាល់ការបកស្រាយផ្សេងៗ និងប្រកាសកែសម្រួលការប្រើប្រាស់អភិក្រមនេះ ដោយនៅតែរក្សាគោលដៅស្នូលក្នុងការលើកកម្ពស់ទេសចរណ៍កម្ពុជា។

    ក្រសួងក៏បានថ្លែងអំណរគុណដល់ប្រតិបត្តិករទេសចរណ៍ សហគមន៍ ដៃគូអភិវឌ្ឍ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាឌីជីថល និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ដែលបានចូលរួមផ្សព្វផ្សាយសក្ដានុពលទេសចរណ៍របស់កម្ពុជានាពេលកន្លងមក។

    ក្រសួងបានបញ្ជាក់ថា ខ្លួននឹងបន្តអនុវត្តអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយជឿជាក់ថា ការចូលរួមរបស់គ្រប់ភាគីនឹងក្លាយជាកម្លាំងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យទទួលបានជោគជ័យថ្មីៗ។

    ការបញ្ជាក់របស់ក្រសួងស្របពេលដែលលោក ហួត ហាក់ កាលពីថ្ងៃទី៧ ខែកក្កដា បានអំពាវនាវឱ្យមានភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន សហគមន៍ និងដៃគូអភិវឌ្ឍ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ប្រកបដោយចីរភាព។

    លោកថ្លែង​ថា៖ «ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ប្រកបដោយចីរភាព មិនអាចសម្រេចបានដោយភាគីណាមួយតែម្នាក់ឯងនោះទេ គឺចាំបាច់ទាមទារត្រូវមានភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន សហគមន៍ និងដៃគូអភិវឌ្ឍ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ដ៏រឹងមាំ បង្កើតខ្សែចង្វាក់តម្លៃទេសចរណ៍ និងធានាឱ្យអត្ថប្រយោជន៍សេដ្ឋកិច្ចបានទៅដល់ប្រជាសហគមន៍មូលដ្ឋានដោយផ្ទាល់»។

    លោកបានបន្ថែមថា ការធានាឱ្យផលប្រយោជន៍ពីវិស័យទេសចរណ៍ធ្លាក់ទៅដល់សហគមន៍ នឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក ព្រមទាំងរួមចំណែកការពារធនធានធម្មជាតិ និងសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

    ក្នុងសិក្ខាសាលាដែលមានអ្នកចូលរួមប្រមាណ ៤០០ នាក់ មកពីសហគមន៍ទេសចរណ៍ ស្ថាប័នរដ្ឋ វិស័យឯកជន សមាគមទេសចរណ៍ និងដៃគូអភិវឌ្ឍ រដ្ឋមន្ត្រីក៏បានដាក់ចេញអនុសាសន៍ចំនួន ៧ ចំណុច ដើម្បីពង្រឹងការអភិវឌ្ឍទេសចរណ៍សហគមន៍ រួមទាំងការពង្រឹងសមត្ថភាពធនធានមនុស្ស ការភ្ជាប់ផលិតផលសហគមន៍ទៅនឹងកញ្ចប់ទស្សនកិច្ច និងការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីដៃគូអភិវឌ្ឍ។

    លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ បន្តធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍ទូទាំងប្រទេស ជាពិសេសក្នុងរដូវបៃតង ដើម្បីគាំទ្រសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនប្រាក់ចំណូលដល់សហគមន៍ទេសចរណ៍។

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ហុង រស្មី

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.