ភ្នំពេញ៖ កម្ពុជាបានលើកឡើងពីផលប៉ះពាល់ផ្នែកមនុស្សធម៌នៃជម្លោះតាមព្រំដែនជាមួយថៃ ក្នុងជំនួបជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដោយអះអាងថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមួយចំនួន ខណៈប្រជាពលរដ្ឋជាង ២ម៉ឺននាក់ នៅតែមិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាន ទោះបីមានបទឈប់បាញ់អស់រយៈពេលជាងកន្លះឆ្នាំក៏ដោយ។
បញ្ហានេះត្រូវបានលើកឡើងក្នុងជំនួបកាលពីថ្ងៃទី៧ ខែកក្កដា រវាងលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងលោកស្រី Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃ OHCHR ប្រចាំកម្ពុជា ខណៈភាគីទាំងពីរបានបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ស.ម.ក. ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា លោក កែវ រ៉េមី បានថ្លែងអំណរគុណចំពោះ OHCHR ដែលបានបន្តកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា និងបានចែករំលែកជាមួយភាគីអង្គការសហប្រជាជាតិអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកម្ពុជាចាត់ទុកថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។
លោកបានលើកឡើងថា៖ «កម្ពុជាព្រួយបារម្ភចំពោះការរើសអើង ការគំរាមកំហែង និងការប្រើប្រាស់អំពើហិង្សាលើពលករចំណាកស្រុកខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។ លោកក៏បានលើកឡើងពីករណីពលការិនីខ្មែរម្នាក់ ដែលកម្ពុជាអះអាងថា បានរងការចាប់រំលោភបូកពីសំណាក់យោធាថៃ ខណៈកំពុងធ្វើដំណើរវិលត្រឡប់មកប្រទេសកម្ពុជាវិញ»។
ក្រៅពីនេះ លោក កែវ រ៉េមី បានអះអាងថា៖ «ក្នុងអំឡុងជម្លោះប្រដាប់អាវុធកាលពីឆ្នាំមុន ភាគីថៃបានវាយប្រហារដោយមិនរើសគោលដៅចូលមកក្នុងទឹកដីកម្ពុជា ដោយប្រើអាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16, Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមទាំងបង្ខំឱ្យប្រជាពលរដ្ឋជាង ៦៤ម៉ឺននាក់ភៀសខ្លួន»។
លោកក៏បានចោទប្រកាន់ថា យោធាថៃបានព្យាយាមបង្កើត «តថភាពថ្មីនៅនឹងកន្លែង» តាមរយៈការវាយកម្ទេចផ្ទះប្រជាពលរដ្ឋ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាត្រូវបានកាន់កាប់ដោយខុសច្បាប់ និងការលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជា។
បើទោះបីកម្ពុជា និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ លោក កែវ រ៉េមី បានឱ្យដឹងថា ប្រជាពលរដ្ឋជាង ២០,០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាន ដោយសារតែយោធាថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជា ដាក់ពង្រាយបន្លាលួស និងទូរកុងតឺន័រ ព្រមទាំងការបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។
លោកបានឱ្យដឹងថា៖ «ទោះបីមានបទឈប់បាញ់ក៏ដោយ ប្រជាពលរដ្ឋជាង ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនបាន ដោយសារការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់យោធាថៃ»។
ក្រៅពីបញ្ហាព្រំដែន លោក កែវ រ៉េមី ក៏បានជម្រាបជូនភាគី OHCHR អំពីការចូលរួមរបស់កម្ពុជា និងបារាំង ក្នុងការគាំទ្រសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្តីពី «ការធ្វើឱ្យលែងមានទោសជាសកលនៃការស្រឡាញ់ភេទដូចគ្នា» ដែលគ្រោងដាក់ឱ្យអនុម័តក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងផ្តល់សច្ចាប័នលើពិធីសារទី២ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលមានគោលបំណងលុបបំបាត់ទោសប្រហារជីវិតជាអចិន្ត្រៃយ៍។
ជាការឆ្លើយតប លោកស្រី Matilda Bogner បានសម្តែងការស្វាគមន៍ចំពោះការបន្តលើកកម្ពស់ និងការពារសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ព្រមទាំងការពិចារណាផ្តល់សច្ចាប័នលើពិធីសារអន្តរជាតិ ស្តីពីការលុបបំបាត់ទោសប្រហារជីវិត។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែល លោកស្រីក៏បានបញ្ជាក់ថា OHCHR បានតាមដានស្ថានការណ៍នៅតាមតំបន់ព្រំដែនដោយយកចិត្តទុកដាក់ និងបានចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋខ្មែរដែលភៀសសឹក ដើម្បីសិក្សាពីស្ថានភាពរស់នៅរបស់ពួកគេ។
លោកស្រីបានលើកឡើងថា OHCHR «បានតាមដានដោយយកចិត្តទុកដាក់ និងបានចុះទៅជួបផ្ទាល់ជាមួយជនភៀសសឹកកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់អ្នកទាំងនោះ»។
ជាកិច្ចបញ្ចប់ លោក កែវ រ៉េមី បានថ្លែងអំណរគុណចំពោះ OHCHR ដែលបានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភៀសសឹកកម្ពុជា ដោយចាត់ទុកថា ជាការចូលរួមដ៏មានសារៈសំខាន់ក្នុងការការពារសិទ្ធិរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះតាមព្រំដែន។
ភាគីទាំងពីរបានបញ្ចប់ជំនួបដោយបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស ក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នា។
