Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»ក្រុម​ឧក្រិដ្ឋជន​ Online Scams ​បានបំបែកខ្លួនពីប៉ោយប៉ែត ទៅ​ក្រុងសិរីសោភ័ណ អាជ្ញាធរ​ខេត្ត ដាក់បទបញ្ជា​តាមបោកសម្អាត​ឱ្យអស់
    ព័ត៌មានជាតិ

    ក្រុម​ឧក្រិដ្ឋជន​ Online Scams ​បានបំបែកខ្លួនពីប៉ោយប៉ែត ទៅ​ក្រុងសិរីសោភ័ណ អាជ្ញាធរ​ខេត្ត ដាក់បទបញ្ជា​តាមបោកសម្អាត​ឱ្យអស់

    ngornleng namBy ngornleng namJuly 8, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ក្រុមកម្លាំងសមត្ថកិច្ចចម្រុះ ពេលចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាពេលកន្លងមក។ រូបថត សមត្ថកិច្ច
    ក្រុមកម្លាំងសមត្ថកិច្ចចម្រុះ ពេលចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាពេលកន្លងមក។ រូបថត សមត្ថកិច្ច
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមឧក្រិដ្ឋជន ដែលបាន​ប្រព្រឹត្ត​បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) យ៉ាង​សកម្ម នៅ​លើ​ទឹក​ដី​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំបែក​ខ្លួន និងនាំគ្នាទៅ​សម្ងំលាក់​ខ្លួន បន្ត​ប្រព្រឹត្តបទល្មើសនេះ នៅ​ក្រុងសិរីសោភ័ណ ហើយអាជ្ញាធរ​ខេត្ត បានដាក់​បទបញ្ជា​​តាមបោកសម្អាត​ក្រុមនេះ​ឱ្យអស់។

    លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ទៅដល់ក្រុង-ស្រុកទាំងអស់ ព្រមទាំង មេឃុំ-ចៅសង្កាត់ និងភូមិ​ទូទាំងខេត្ត ត្រូវ​បន្តបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលក្រុមនេះ​បានធ្វើការផ្តាច់ខ្លួនពីក្រុមធំៗ មកជាក្រុមតូច ហើយ​កំពុងបង្កប់ខ្លួននៅតាមផ្ទះសំណាក់ និងតាមរថយន្តជាដើម។

    ការ​ដាក់បទបញ្ជាបែបនេះ ត្រូវបាន​ធ្វើ​ឡើង នៅពេលលោក​បាន​ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ​កិច្ចមួយ​ចំនួន ជាមួយ​អភិបាលរង​ខេត្ត អភិបាល ក្រុង-ស្រុក ចំនួន៨ (ក្នុងចំណោម៩ក្រុង-ស្រុក) រួមនឹងមេឃុំ-ចៅសង្កាត់ នៅសាលប្រជុំ​សាលាបន្ទាយមានជ័យ កាល​ពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៦។

    លោក អ៊ុំ រាត្រី ​បាន​លើក​ឡើង​ពីការរកឃើញ និងចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ កាលពី​ពេលថ្មីៗនេះ ដោយលោកបញ្ជាក់​ថា «ក្រុមឧក្រិដ្ឋជនបានបំបែកខ្លួនពីក្រុងប៉ោយប៉ែត មកសម្ងំលាក់ខ្លួនប្រព្រឹត្តការឆបោក Online Scams នៅ​ក្រុងសិរីសោភ័ណ ហើយ​អាជ្ញាធរ និងសមត្ថកិច្ច កំពុង​បន្ត​ស្រាវជ្រាវ​ទីតាំង​សង្ស័យ​បន្ថែម​ទៀត ដើម្បី​ធ្វើការ​បង្ក្រាប​បោសសម្អាត​ឱ្យអស់»។

    ដើម្បី​សម្រេចកិច្ចការងារនេះ​ លោក អ៊ុំ រាត្រី បាន​ណែនាំ និងដាក់បទបញ្ជា​ដល់ក្រុង-ស្រុ​ក ជាពិសេស​មេឃុំ-ចៅសង្កាត់ និងភូមិ ត្រូវសហការក្នុងការចុះស្រង់ទិន្នន័យចំនួនជនបរទេស ដែលស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយបើសិន​​មាន​ករណីសង្ស័យថា មាន​កន្លែង​លួច​បង្កប់​ការ​ឆបោក​ Online Scams ត្រូវ​រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការចុះប្រតិបត្តិការបង្ក្រាបឱ្យ​បានទាន់ពេលវេលា។

    លោក អ៊ុំ រាត្រី ពេល​​​ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ​កិច្ច​ជាមួយ​អភិបាលរង​ខេត្ត អភិបាល ក្រុង-ស្រុក រួមនឹងមេឃុំ-ចៅសង្កាត់ នៅសាលប្រជុំ​សាលាខេត្ត កាល​ពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៦។ រូប​ថត រដ្ឋបាល​ខេត្តបន្ទាយមានជ័យ

    ជាមួយគ្នានេះ លោក​អភិបាល​ខេត្ត បាន​ប្រាប់​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​បន្ត​ផ្សពវផ្សាយ​អនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល ស្តីពីការ​គ្រប់​គ្រង សន្តិសុខ​សុវត្ថិភាព​តាម​ទីតាំង​រស់​នៅ​ប្រមូលផ្តុំ ដល់​ម្ចាស់​ទីតាំង​សណ្ឋាគារ និងផ្ទះ​សំណាក់​ ដើម្បី​​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​រាយការ​ពី​ជន​បរទេស​ដែល​មក​ស្នាក់នៅ។

    នៅត្រង់ចំណុចនេះ លោក អ៊ុំ រាត្រី បានសង្កត់​ធ្ងន់​ថា ប្រសិនបើរក​ឃើញ​ម្ចាស់​ទីតាំង​ណា ផ្តល់ទីតាំង​​ឱ្យ​​ជន​បរទេស​ស្នាក់​​នៅ​ប្រព្រឹត្ត​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវ​ប្រឈមទៅនឹងការផ្តន្ទាទោស​តាមផ្លូវច្បាប់។

    គួរ​រំឭក​ថា ទីក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បានក្លាយជា​ទីតាំង​ចុង​ក្រោយ ដែល​ផ្ទុះ​ខ្លាំង​លើ​ករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ​ទៀត ហើយ​កម្លាំងសមត្ថកិច្ចចម្រុះ បានចុះ​ត្រួតពិនិត្យ និង​បង្រ្កាបជាបន្តបន្ទាប់ ដោយចាប់បានជន​សង្ស័យ និងជនល្មើស​សរុប​រាប់ពាន់នាក់ យកទៅ​ផ្ទន្ទាទោស ខណៈ​ជនបរទេសពាក់ព័ន្ធមួយចំនួន​ធំ ត្រូវបានកសាងសំណុំបែបបទ​បញ្ជូន​ទៅកាន់​ប្រទេសកំណើត​​របស់ពួកគេ​វិញ។

    ជាមួយគ្នានេះ ​កាស៊ីណូ មួយចំនួន នៅ​ក្រុង​ប៉ោយប៉ែត ត្រូវបានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ សម្រេច​ដកហូតអាជ្ញាបណ្ណវិញ បន្ទាប់ពីបាន​រក​ឃើញ​ថា បានពាក់ព័ន្ធ​នឹងបទល្មើស Online Scams ហើយបទល្មើសនេះ នៅតែ​បន្ត​កើតមាន​ គ្រាន់តែ​បាន​​ផ្តាច់​ខ្លួន​ពីក្រុមធំ ទៅជា​ក្រុមតូច ដោយ​​អាជ្ញាធរខេត្តបន្ទាយមានជ័យ បាន​ដាក់វិធានការ​ ត្រូវ​តាមបោកសម្អាតឱ្យអស់​ពីទឹកដី នៅជាប់​ព្រំដែនមួយនេះ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngornleng nam

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.