Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»កីឡា»លោក ខូវ ឆាយ ៖ ឥឡូវនេះ មិនមែន​គុនខ្មែរចេញ​ទៅ​រកពិភពលោក​​ទេ គឺ​ពិភពលោក កំពុងមក​រក​គុនខ្មែរ! ដល់​ពេល​​យើងត្រូវ​​សម្រិតសម្រាំង​វិញ
    កីឡា

    លោក ខូវ ឆាយ ៖ ឥឡូវនេះ មិនមែន​គុនខ្មែរចេញ​ទៅ​រកពិភពលោក​​ទេ គឺ​ពិភពលោក កំពុងមក​រក​គុនខ្មែរ! ដល់​ពេល​​យើងត្រូវ​​សម្រិតសម្រាំង​វិញ

    ngornleng namBy ngornleng namJuly 10, 2026No Comments2 Mins Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោក ខូវ ឆាយ និងលោក អ៊ឹង វីរៈ (ឈរកណ្តាល) ពេលថតជាមួយកីឡាករ កីឡាការិនី នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦។ រូបថត ឈន ណន
    លោក ខូវ ឆាយ និងលោក អ៊ឹង វីរៈ (ឈរកណ្តាល) ពេលថតជាមួយកីឡាករ កីឡាការិនី នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦។ រូបថត ឈន ណន
    Share
    Facebook Twitter LinkedIn Pinterest Email

    ប្រធានសហព័ន្ធកីឡា​ប្រដាល់​គុនខ្មែរ និងជាអគ្គលេខាធិការ​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ លោក ខូវ ឆាយ បានបញ្ជាក់ពីរបត់​នៃការ​រីកចម្រើន​របស់​វិស័យប្រដាល់គុនខ្មែរ ដែល​បានចាប់​ផ្តើម​តាំងពី​មិនទាន់មាន​អ្នកស្គាល់ រហូត​ក្លាយជា​ប្រភេទ​កីឡាមួយ ដែល​ទទួលបានការគាំទ្រ​ខ្លាំង នៅលើ​ពិភព​លោក ហើយក៏កំពុងបោះជំហាន​ទៅមុខ​កាន់​តែ​លឿន ដើម្បី​ឈានទៅរកការ​ដាក់ «គុនខ្មែរ» ឱ្យមានការ​ទទួលស្គាល់នៅ​អូឡាំពិក​អន្តរជាតិ។

    លោក ខូវ ឆាយ បានអះអាង​ថា សកម្មភាពគាំទ្រ «គុនខ្មែរ» នៅពេលនេះ ប្រៀបដូចជាព្យុះ ដែលកំពុង​បក់បោកខ្លាំង នាំ​យក​កីឡាអត្តសញ្ញាណគុន​ខ្មែរ ទៅ​ដល់​គ្រប់​ទិសដៅ ​ធ្វើ​ឱ្យ​ពិភព​លោក មានការចាប់អារម្មណ៍ និងចង់មក​រួម​រស់ជីវភាពជាមួយ​គុនខ្មែរ ហើយនេះជាការ​ផ្លាស់ប្តូរនូវ​​របត់​ថ្មី ដោយប្រែ​ពីការ​ចេញ​ទៅស្វែង​រកការគាំទ្រ​នៅក្រៅ​ប្រទេស មកជាពិភពលោក ងាកមក​រកគាំ​ទ្រ​ដល់​គុនខ្មែរ​វិញ។​

    «មក​ដល់ម៉ោង​នេះ ព្យុះ​នៃការគាំទ្រ ធ្វើ​ឱ្យ​យើង​ដូចទឹកបាក់ទំនប់​ ដោយ​មាន​ការគាំទ្រ និង​ចូល​រួម​ជាមួយ​យើង​គ្រប់ប្រទេស​។ មួយ​ថ្ងៃៗ​​មានការទំនាក់ទំនង​ចង់​មក​រួមរស់ជីវភាពជាមួយគុនខ្មែរ​យើង គឺ​ដូច​ខ្ញុំ​ថាអ៊ីចឹង ឥឡូវនេះ មិនមែន​គុនខ្មែរចេញ​ទៅ​រកពិភពលោក​នោះ​ទេ គឺ​ពិភពលោក កំពុងមក​រក​គុនខ្មែរ»។

    លោក ខូវ ឆាយ បានបន្ថែម​ថា៖ «​ដល់​ម៉ោង​យើង​សម្រិតសម្រាំង​វិញ​ម្តង ព្រោះ​ជួនកាល​ប្រទេស​មួយ មានស្ថាប័ន​៥ទៅ​៦ មក​រកចូល​រួមជាមួយគុនខ្មែរ អ៊ីចឹង​យើង​ត្រូវពិនិត្យ​មើល ថាតើ​ស្ថាប័នមួយណា ដែល​យើង​ធ្វើការជាមួយ​បាន ហើយទុក​ចិត្ត​ និងជឿជាក់​ថា គាត់​អភិវឌ្ឍ​គុនខ្មែរ​យើង​ឱ្យ​មាន​ស្ថិរភាព និងនិរន្តរភាព​នៅក្នុងប្រទេស​របស់​ពួកគាត់»។

    លោក ឆាយ លើក​ឡើង​បែបនេះ ក្នុង​សន្និសីទ​កាសែត ស្តីពីព្រឹត្តិការណ៍ប្រកួតការពារ និង​ដណ្តើមខ្សែក្រវាត់ CAMBODIA KUN KHMER BEST OF BEST IN AUSTRALIA នៅអគារ Chip Mong Tower កាលពី​​ថ្ងៃទី​ ៩ ខែកក្កដា ហើយនេះ​ជាបេសសកម្មថ្មីមួយទៀត​នៃ​ផែនការ​​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយគុនខ្មែរ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនខ្មែរ​អន្តរជាតិ ទៅកាន់ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

    កីឡាករ ពេជ្រ សម្បត្តិ, បឺត សង្ឃឹម និង ពេជ្រ អាទិទេព បានស្ពាយ​ខ្សែ​ក្រវាត់ ដែល​ពួកគេ ត្រូវ​ប្រកួត​ការពារ នៅលើ​ទឹក​ដី​ប្រទេស​អូស្រ្តាលី នា​ថ្ងៃទី ១៧​ ខែកក្កដា ខាងមុខនេះ។ រូប​ថត ឈន ណន

    ព្រឹត្តិការណ៍​ប្រកួតនេះ នឹងរៀបចំនៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ​ក្រោម​កិច្ចសហការ​រវាង​ភាគីកម្ពុជា និង​ម្ចាស់​ផ្ទះ​អូស្រ្តាលី ហើយ​កម្ពុជា បានត្រៀមបញ្ជូល​កីឡាករ​៥នាក់ និង​កីឡាការិនី​១នាក់ ទៅ​ប្រកួតកាពារ និងដណ្តើម​ខ្សែ​ក្រវាត់​នៅទី​នោះ។ ចំណែក​លោក អ៊ឹង វីរៈ អគ្គនាយកបន្តវេន​នៃក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដែលជាអ្នក​ឧបត្ថម្ភ​ធំ បានអះអាង​ថា ការ​ឧបត្ថម្ភនេះ ជាការ​បើក​ផ្លូវផ្សព្វ​ផ្សាយ​គុនខ្មែរ ទៅកាន់ពិភពលោក។

    លោក វីរៈ បញ្ជាក់​ថា៖ ​«ការឧបត្ថម្ភគាំ​ទ្រ​ដល់​ព្រឹត្តិការណ៍​ប្រកួតនីមួយៗ គឺជា​ផ្នែកមួយនៃការ​ប្តេជ្ញាចិត្ត​រយៈពេល​វែង​របស់​ក្រុមហ៊ុន​យើង ក្នុងការបន្ត​ឈរជាមួយ​វិស័យ​គុនខ្មែរ ដើម្បី​រៀបចំ​ឱ្យ​មានការ​ប្រកួតប្រដាល់​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ ផ្តល់​ឱកាស​ឱ្យ​កីឡាករ កីឡាការិនី បាន​បង្ហាញ​សមត្ថ​ភាព ទទួលបានបទពិសោធន៍ និង​ផ្សព្វ​ផ្សាយវប្បធម៌ជាតិ អត្តសញ្ញាណគុនខ្មែរទៅកាន់​ពិភពលោក»។

    ជាមួយគ្នានេះ លោក ខូវ ឆាយ បានអះអាង​ថា រចនាសម្ព័ន្ធ​គ្រប់​គ្រង ដឹកនាំ ក្នុងការ​អភិរក្ស និង​អភិវឌ្ឍ «គុនខ្មែរ» កំពុង​ដើរនៅលើ​ផ្លូវដ៏​ត្រឹម​ត្រូវ​មួយ ហើយ​កន្លងមក​នេះ សហព័ន្ធ បានសហការជាមួយ​ដៃគូ​ផ្សេងៗ ដើម្បី​រៀបចំ​ឱ្យមានការ​ប្រកួត​ប្រដាល់​គុនខ្មែរ នៅតាមប្រទេស​ផ្សេងៗ ធ្វើ​ឱ្យ​បរទេស មានការចាប់អារម្មណ៍កាន់​តែ​ខ្លាំង និង​ចង់​ចូលរួមជាមួយ​គុនខ្មែរ។

    ជាក់ស្តែង​ការ​រៀបចំប្រកួត​ប្រដាល់​គុនខ្មែរ នៅប្រទេស​បារាំង កាលពីពេល​ថ្មីៗនេះ លោក ខូវ ឆាយ បាន​បញ្ជាក់​ថា ទទួលបានការគាំទ្រ​ភ្លូកទឹក​ភ្លូក​ដី ហើយ​ក្លិបជាច្រើននៅប្រទេស​បារាំង បាន​ប្តូរមកហ្វឹកហាត់គុនខ្មែរ​វិញ ចំណែក​ប្រទេសជា​ច្រើន​ទៀត ក៏បានចូលរួមជាមួយគុនខ្មែរ​ផងដែរ ធ្វើ​ឱ្យ​ចំនួនសមាជិក​ភាព​របស់​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ នៅក្រៅប្រទេស បាន​កើន​ឡើង​កាន់​តែ​ច្រើន ហើយនេះជាការបើក​ជើងមេឃ ក្នុងការឈាន​ទៅ​​ដាក់ «គុនខ្មែរ» ឱ្យមានការ​ទទួលស្គាល់ នៅអូឡាំពិកអន្តរជាតិ។

    លោក ខូវ ឆាយ បាន​ថ្លែង​ថា៖​«គុនខ្មែរ​របស់​យើង បាននឹងកំពុង​ដើរ​នៅលើ​ផ្លូវដ៏​ត្រឹមត្រូវ​មួយ ក្នុងការ​ផ្សព្វ​ផ្សាយ ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់​ខ្លួន​ ទទួល​យក​គុនខ្មែរ​យើង ហើយ​តាម​ល្បឿន​នៃការ​អភិវឌ្ឍ​ និងស្ថានភាព ដែល​យើងកំពុង​ដើរ​លើ​ផ្លូវ​ត្រូវនេះ ខ្ញុំ​ជឿជាក់​ថា ក្នុង​រយៈពេល​ខាងមុខ​ដ៏​ខ្លី គុនខ្មែរ​របស់​យើង នឹង​មាន​ការ​ទទួលស្គាល់​យ៉ាងទូលំទូលាយជា​សកល​លោក​តែម្តង»។

    ជាមួយផែនការ​នេះ លោក ឆាយ ​បញ្ជាក់​ថា៖ «យើងនឹង​រៀបចំបង្កើត​​រចនាសម្ព័ន្ធ​គ្រប់គ្រង​ដឹកនាំសហព័ន្ធគុនខ្មែរ នៅ​ក្រៅប្រទេស ដោយនៅពេលនេះ​យើងមានសមាជិក​ភាពប្រមាណ ៦០​ប្រទេស​ហើយ។ ​យើងរំពឹង​ថា គុនខ្មែរ​ នឹងក្លាយជា​ប្រភេទ​កីឡា ទទួលស្គាល់​ដោយ​អូឡាំពិក​អន្តរជាតិ ដែលនឹង​ដាក់​ឱ្យ​ប្រកួតក្នុងកម្រិត​អូឡាំពិក មានជាង​២០០ប្រទេស ហើយ​ពេល​នោះគុនខ្មែរ នឹង​ក្លាយជា​កីឡា​របស់​សកល​លោក​ ដែលមានការ​ទទួល​ស្គាល់ពី​គ្រប់​ប្រទេស! នេះជាគោលបំណង​ធំ ដែល​យើង​ចង់​បាន»៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngornleng nam

    Related Posts

    ក្រុមបាល់ទះនារីកម្ពុជា បានឡើង​ទៅ​វគ្គ​១/២ផ្តាច់​ព្រ័ត្រពាន ​AFF Women’s Cup ជាថ្មី តែ​ឱកាស​របស់​ក្រុមបាល់​ទះ ស្ថិត​ក្នុង​ភាពមិនច្បាស់លាស់

    July 17, 2026

    ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ទាំង​លំបាក ដើម្បី​សាងបាន​កំណត់ត្រាថ្មី នៅ SEA V-Cup

    July 16, 2026

    ធ្លាប់តែជាគូសត្រូវនៅលើ​ទីលាន តែពេលនេះ Cristian និង Nieto បានសម្រេច​ចាប់ដៃ​​គ្នាប្រយុទ្ធ ដើម្បី​ក្លិបថ្មី ​វិសាខា

    July 14, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.