Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»កុមារភៀសសឹកថ្មដា៖ «ចង់ទៅផ្ទះឱ្យបានលឿន»
    ព័ត៌មានជាតិ

    កុមារភៀសសឹកថ្មដា៖ «ចង់ទៅផ្ទះឱ្យបានលឿន»

    ngornleng namBy ngornleng namJuly 12, 2026No Comments2 Mins Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្តពោធិ៍សាត់: ទោះមានឱកាសបន្តការសិក្សា និងរៀនដល់ទៅបីពេលក្នុងមួយថ្ងៃនៅកន្លែងភៀសសឹក កុមារា ម៉ាច រស្មី នៅតែមានបំណងតែមួយ គឺចង់ត្រឡប់ទៅផ្ទះនៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឱ្យបានឆាប់បំផុត។

    សម្រាប់សិស្សថ្នាក់ទី៣រូបនេះ ការវិលត្រឡប់ទៅផ្ទះមានន័យថា គេអាចត្រឡប់ទៅសាលារៀនដែលធ្លាប់ស្គាល់ ទៅមើលដីរបស់គ្រួសារ និងបន្តជីវិតដូចមុន ដោយរៀនផង និងជួយដាំដំណាំ និងចិញ្ចឹមមាន់ទាផង។

    កុមារា រស្មី ប្រាប់ភ្នំណេញប៉ុស្ដិ៍ថា; «ចង់ទៅផ្ទះឱ្យបានលឿន»។

    រស្មី បានចាកចេញពីផ្ទះនៅតំបន់ថ្មដាក្រោយការសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា។ អស់រយៈពេលជាច្រើនខែមកហើយ គេមិនបានត្រឡប់ទៅមើលផ្ទះ សាលារៀន ដីដាំដំណាំ និងសាច់ញាតិដែលរស់នៅទីនោះឡើយ។

    កំពុងកត់មេរៀន សិស្សថ្នាក់ទី៣ រូបនេះ បានបន្ដថា: «នឹកផ្ទះ និងនឹកសាលារៀន ហើយនឹកអ៊ំពូមីងនៅទីនោះ។ ខានទៅមើលគាត់យូរហើយ»។

    នៅកន្លែងស្នាក់នៅបច្ចុប្បន្ន រស្មី នៅតែបន្តការសិក្សា។ គេទៅរៀននៅសាលារដ្ឋពេលព្រឹក និងពេលថ្ងៃ ហើយបន្តរៀនបន្ថែមនៅកន្លែងស្នាក់នៅទៀត។ គេហៅការសិក្សារបស់ខ្លួនថា «រៀន៣ដង» ក្នុងមួយថ្ងៃ។

    រស្មី ទទួលស្គាល់ថា គេមានឱកាសរៀនច្រើនជាងកាលរស់នៅថ្មដា ដែលពីមុនគេរៀនតែមួយព្រឹក។ ប៉ុន្តែអ្វីដែលគេខ្វះ គឺផ្ទះ និងជីវិតដែលគេធ្លាប់មាននៅទីនោះ។

    រស្មី និយាយថា: «នៅទីនេះបានរៀន តែអត់បានធ្វើអី។ បាននៅតែកន្លែង អត់បានដាំដំណាំអី»។

    កុមារារូបនេះបន្តាំងអួលដើមកថា៖ «នៅទីនោះយើងមានផ្ទះ។ យើងនៅផ្ទះ យើងដាំដំណាំ ហើយចិញ្ចឹមមាន់ទា»។

    ពាក្យសម្ដីរបស់កុមាររូបនេះ បង្ហាញពីអ្វីដែល រស្មី ចង់បានពីការវិលត្រឡប់ទៅផ្ទះ។ គេចង់ត្រឡប់ទៅបន្តការរៀននៅសាលារបស់ខ្លួន និងរស់នៅជាមួយគ្រួសារលើដីដែលពួកគេធ្លាប់ប្រកបរបរកសិកម្ម។

    នៅពេលត្រូវបានសួរថា ប្រសិនបើថ្ងៃណាមួយបានត្រឡប់ទៅផ្ទះវិញ តើគេចង់ធ្វើអ្វីមុនគេ រស្មី ឆ្លើយថា៖ «ចង់ចិញ្ចឹមមាន់ទា ហើយចង់ដាំដំណាំ និងរៀន»។

    មុនការភៀសខ្លួន គ្រួសាររបស់ រស្មី រស់នៅក្នុងផ្ទះឈើមួយខ្នង ដែលកុមាររូបនេះពណ៌នាថា «ល្មមនៅបានគ្រួសារ»។ នៅទីនោះ ពួកគេមានដីដាំដំណាំ និងចិញ្ចឹមឆ្កែ មាន់ និងទា។

    រស្មី នៅតែចងចាំសត្វដែលគេធ្លាប់ចិញ្ចឹម។ ប៉ុន្តែដោយខានត្រឡប់ទៅផ្ទះជាយូរ គេមិនដឹងថា ពួកវានៅរស់ ឬបាត់ទៅណាឡើយ។

    កុមារា រស្មី បានបន្ថែមថា: «មានឆ្កែ និងមាន់ទា។ ឥឡូវដឹងទៅណាអស់ទេ។ ខានទៅមើលយូរ ស្លាប់អស់ក៏មិនដឹង»។

    មុនចាកចេញពីផ្ទះ គ្រួសាររបស់ រស្មី បានខិតខំដាំដំណាំ ដោយរំពឹងថា ប្រហែលមួយខែក្រោយនឹងអាចប្រមូលផលមកបរិភោគបាន។ ប៉ុន្តែការប្រយុទ្ធបានបង្ខំឱ្យពួកគេចាកចេញ មុនដំណាំទាំងនោះផ្ដល់ផល។

    រស្មី បានបញ្ជាក់ថា: «ខំដាំដំណាំនៅហ្នឹង ថាមួយខែទៀតបានហូប។ មិនទាន់បានមួយខែផង គេយកអស់រលីង»។

    តាមការរៀបរាប់ ឪពុករបស់គេបានត្រឡប់ទៅមើលផ្ទះ និងដីរបស់គ្រួសារ ហើយឃើញថា មាន់ដែលធ្លាប់ចិញ្ចឹមបានបាត់ ខណៈដំណាំរងការខូចខាត។

    កុមារាបាននិយាយថា: «ស្តាយដំណាំខ្ញុំ មាន់ខ្ញុំចិញ្ចឹម ឥឡូវបាត់អស់។ ប៉ាខ្ញុំទៅមើល បាត់អស់រលីង។ ដំណាំខ្ទេច ស្លាប់អស់»។

    រស្មី បន្តថា ផ្ទះឈើរបស់គ្រួសារក៏រងការខូចខាត និងឆេះផ្នែកខ្លះ។ ឈើផ្ទះបានបាក់ ហើយសម្លៀកបំពាក់មួយចំនួនក៏ត្រូវភ្លើងឆេះ។

    ការចងចាំពីថ្ងៃដែលគ្រួសារចាកចេញពីផ្ទះ នៅតែធ្វើឱ្យកុមាររូបនេះភ័យខ្លាច។

    រស្មី និយាយ ដោយត្រាប់តាមសំឡេងផ្ទុះដែលគេបានឮថា: «ពេលមកហ្នឹង គេបាញ់ទូងៗៗ»។

    នៅពេលត្រូវបានសួរថា តើគេភ័យដែរឬទេ រស្មី ឆ្លើយខ្លីថា៖ «ភ័យ»។

    ក្រៅពីការភ័យខ្លាច រស្មី និយាយថា គេក៏ខឹង និងចង់យំ នៅពេលគិតថា ខ្លួនមិនអាចត្រឡប់ទៅផ្ទះបាន។

    តាមការយល់ឃើញរបស់កុមាររូបនេះ ការហ៊ុមព័ទ្ធនៅតំបន់ផ្ទះ និងដីរបស់គ្រួសារដោយភាគីថៃ គឺជាឧបសគ្គរារាំងការវិលត្រឡប់របស់ពួកគេ។

    រស្មី និយាយថា: «ខឹង។ ផ្ទះនៅរាល់ថ្ងៃគេព័ទ្ធអ៊ីចឹង ចង់យំដែរ»។

    នៅពេលសួរថា តើមានអ្វីចង់ប្រាប់ទៅភាគីថៃ កុមាររូបនេះបានឆ្លើយដោយខ្លីថា៖ «កុំយកផ្ទះខ្ញុំ»។

    សម្រាប់ រស្មី ការខាតបង់ដោយសារជម្លោះ មិនមែនជារឿងដែលគេបានឮតែពីមនុស្សធំនោះទេ។ វាជាផ្ទះ ដី ដំណាំ និងសត្វចិញ្ចឹមដែលជាផ្នែកមួយនៃជីវិតរបស់គេ។

    កុមារាអះអាងថា: «ខាតដីផ្ទះ ខាតដំណាំ ខាតមាន់ ខាតលុយ។ ផ្ទះគេយកអស់ហើយ»។

    គេបន្តថា៖ «ដំណាំ ដីនៅហ្នឹង។ ឥឡូវគេយកអស់ហើយ មានដីឯណាទៀត? មានតែនៅហ្នឹងផង»។

    អ្វីដែលរស្មីនឹកជាងគេ គឺការបានឃើញទីកន្លែងដែលគេធ្លាប់រស់នៅ និងរៀន។

    កុមារានិយាយថា: «ចង់ទៅផ្ទះ ឱ្យបានទៅមើលសាលារៀន ទៅមើលដីខ្ញុំ។ ខានទៅមើលដីខ្ញុំយូរហើយ»។

    ប៉ុន្តែរហូតមកដល់ពេលនេះ រស្មី មិនដឹងថា ថ្ងៃណាគេ និងគ្រួសារអាចវិលត្រឡប់ទៅផ្ទះបានឡើយ។

    ខណៈកំពុងរង់ចាំថ្ងៃវិលត្រឡប់ រស្មី នៅតែបន្តខិតខំរៀន។ សម្រាប់គេ ចំណេះដឹងក៏ជាផ្នែកមួយនៃក្ដីសង្ឃឹមក្នុងការត្រឡប់ទៅកសាងជីវិតនៅទីនោះឡើងវិញ។

    រស្មី និយាយថា: «ត្រូវខំរៀន យកចំណេះវិជ្ជាទៅកសាងទីនោះវិញ»។

    ក្ដីប្រាថ្នារបស់កុមារថ្នាក់ទី៣រូបនេះ មិនស្មុគស្មាញឡើយ។ គេចង់ត្រឡប់ទៅផ្ទះ បន្តការសិក្សា និងរស់នៅលើដីរបស់គ្រួសារដូចមុន។

    នៅទីនោះ រស្មី ស្រមៃថា គេនឹងទៅរៀន ហើយនៅពេលទំនេរ ជួយដាំដំណាំ និងចិញ្ចឹមមាន់ទា។

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngornleng nam

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.