វិសោធនកម្មច្បាប់ ស្តីពី «ផ្លូវថ្នល់» បានកំណត់ច្បាប់លាស់ពីការដាក់ពិន័យទៅលើអ្នក ដែលបានយកចំណីផ្លូវធ្វើអាជីវកម្ម ដោយគ្មានការអនុញ្ញាត ហើយអ្នកដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់ផ្លូវ ដោយទង្វើផ្សេងៗ ប៉ះពាល់ដល់ប្រយោជន៍រួម ក៏នឹងត្រូវទទួលរងការពិន័យជាប្រាក់ទៅតាមច្បាប់កំណត់ដូចគ្នា ចាប់ពី៥ម៉ឺនរៀល រហូតដល់៥លានរៀល តែបើនៅតែប្រព្រឹត្តល្មើសទៀត នឹងត្រូវពិន័យទ្វេដង។
ច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពី «ផ្លូវថ្នល់» នេះ ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ហើយព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ នាសម័យប្រជុំព្រឹទ្ធសភា លើកទី៥ នីតិកាលទី៥ ដោយបានកំណត់ច្បាស់លាស់ពីបែបបទនៃការប្រើប្រាស់ផ្លូវថ្នល់ និងវិធានការឆ្លើយតបចំពោះអ្នកប្រព្រឹត្តខុស ទៅតាមមាត្រានីមួយៗ ដែលមានទម្ងន់នៃការផាកពិន័យ និងដាក់ពិន័យខុសៗគ្នា។
ចំពោះមាត្រា៦៦ (ថ្មី) នៃវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់នេះ បានបញ្ជាក់ថា៖ «ជនណាដែលធ្វើនូវការ្យ លើដីចំណីផ្លូវសម្រាប់ធ្វើផ្លូវចេញចូលគេហដ្ឋាន អគារ រោងចក្រ សហគ្រាស ឬកន្លែងផ្សេងៗ ដែលជាប់ផ្លូវថ្នល់ ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់បានត្រឹមត្រូវ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល»។
ធ្វើការ្យ នៅត្រង់ឃ្លានេះ សំដៅទៅលើសកម្មភាពសាងសង់ ជួសជុល កែប្រែ ឬចោះបំផ្លាញធ្វើឱ្យខូចផ្លូវថ្នល់ ឬចំណីផ្លូវ ហើយចំពោះអ្នកទទួលរងការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ក្នុងរយៈពេល ១២ខែ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង គឺឡើងដល់ ១០ម៉ឺនរៀល។
ចំណែកមាត្រា៦៧ (ថ្មី) បានកំណត់ថា ជនណាដែលធ្វើឱ្យផ្លូវថ្នល់រអិល ស្អិត ចាក់គំនរសំណង់ពង្រាយលើផ្លូវថ្នល់ ដាក់សម្ភារៈវត្ថុរាយប៉ាយ លើផ្លូវថ្នល់ ដាក់តាំងសម្ភារៈ ឬផ្លាកសញ្ញាផ្សេងៗធ្វើឱ្យបាំងភ្នែកអ្នកបើកបរ ឬមួយបង្កឧបសគ្គដល់អ្នកថ្មើរជើង ក្នុងការធ្វើដំណើរ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥ម៉ឺនរៀល។ ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើសទៀត ក្នុងរយៈពេល ១២ខែ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង។
ដោយឡែក មាត្រា៦៨ (ថ្មី) បានបញ្ជាក់ថា៖ «ជនណាដែលផ្លាស់ប្តូរ រុះរើ សរសេរ ឬធ្វើឱ្យខូចប្រយោជន៍ដល់ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ របងការពារសុវត្ថិភាព បង្គោលគីឡូម៉ែត្រ សញ្ញាបង្ហាញទិស ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន១០ម៉ឺនរៀល»។
ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើសទៀត ក្នុងរយៈពេល ១២ខែ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង។
ចំពោះមាត្រា៦៩ (ថ្មី)វិញ បានបញ្ជាក់ច្បាស់ថា៖ «ជនណាប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់ ដោយគ្មានអាជ្ញាបណ្ណ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន៥លានរៀល»។ ក្នុងករណី ដែលទទួលរងការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ក្នុងរយៈពេល ១២ខែ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដងដូចគ្នា៕
