ធ្លាប់តែជាគូសត្រូវ នៅលើវាលស្មៅ ដោយមានការប៉ះទង្គិចគ្នាជារឿយៗ ក្នុងឯកសណ្ឋានខុសគ្នានោះ ប៉ុន្តែពេលនេះខ្សែបម្រើប្រយុទ្ធកូឡុំប៊ីសញ្ជាតិខ្មែរ Andres Nieto និងខ្សែប្រយុទ្ធប្រេស៊ីល Cristian Roque បានសម្រេចមកចាប់ដៃប្រយុទ្ធជាមួយគ្នា ដើម្បីក្លិបវិសាខា សម្រាប់ត្រៀមការប្រកួតប្រជែងនៅរដូវកាលថ្មី ឆ្នាំ ២០២៦-២០២៧។
ក្លិបវិសាខា បានប្រកាសស្វាគមន៍សមាជិកថ្មី Andres Nieto និង Cristian Roque កាលពីថ្ងៃចន្ទ ដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ជាក់ផ្អើលខ្លាំង ព្រោះបន្ទាប់ពីការប្រកាសចាកចេញពីក្រុមភ្នំពេញក្រោន ជាលើកទី២ ក្រោយបញ្ចប់រដូវកាល ឆ្នាំ ២០២៥-២០២៦ Nieto មិនបានទម្លាយព័ត៌មានណាមួយ សម្រាប់ការបន្តលេងនៅលីគកំពូលកម្ពុជា បន្តទៀតនោះទេ។
អ្នកគាំទ្រភាគច្រើន បានគិតថា Nieto អាចនឹងទៅប្រកបអាជីព នៅលីគប្រទេសផ្សេង ដ្បិតអី កាលពីឆ្នាំ ២០២៥ Nieto ធ្លាប់បានចេញទៅលេងនៅលីគកំពូលឥណ្ឌូនេស៊ីម្តងហើយ មុនពេលវិលត្រឡប់មកជួយភ្នំពេញក្រោន នៅពាក់កណ្តាលរដូវកាល ឆ្នាំ ២០២៥-២០២៦ ដោយរូបគេបានជួយឱ្យក្រុមសិង្ហក្រហម ទទួលបានជើងឯករងនៃលីគកំពូលកម្ពុជា។
ចំណែកខ្សែប្រយុទ្ធស្លាប Cristian Roque ដែលបានចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀង តាំងពីឆ្នាំ ២០២៤ ហើយបានចាកចេញ ក្រោយបញ្ចប់រដូវកាល ឆ្នាំ ២០២៥-២០២៦នោះ ធ្លាប់បានប្រកាសថា រូបគេ នឹងបន្តលេងនៅលីគកំពូលកម្ពុជា ដើម្បីអាចបានសញ្ជាតិខ្មែរ និងបានលេងឱ្យក្រុមជម្រើសជាតិកម្ពុជា ដូច Andres Nieto និងកីឡាករបរទេសទទួលបានសញ្ជាតិខ្មែរមួយចំនួនទៀត។

តែទោះបីជាយ៉ាងណា Cristian Roque មិនបានបង្ហើបឈ្មោះក្លិប ដែលរូបគេត្រូវចូលរួមនោះទេ គឺទើបតែកាលពីថ្ងៃទី ១៣ ខែកក្កដានេះ រូបគេបានបង្ហាញខ្លួនរួមគ្នាជាមួយ Andres Nieto ជាមួយនឹងឯកសណ្ឋានថ្មីរបស់ក្លិបវិសាខា ហើយនៅចុងខ្សែវីដេអូខ្លីនោះ Cristian បានចាប់ដៃជាមួយ Nieto រួចនិយាយថា៖ «យើងធ្លាប់តែជាគូប្រកួត នៅលើទីលាន ប៉ុន្តែពេលនេះ យើងនឹងប្រយុទ្ធជាមួយគ្នា»។
ចំណែក Andres Nieto បានបង្ហាញចំណាប់អារម្មណ៍ តាមរយៈការបង្ហោះសាររបស់ខ្លួន កាលពីថ្ងៃចន្ទថា៖ «រំភើបណាស់ ដែលបានចាប់ផ្តើមជាមួយការប្រកួតប្រជែងថ្មី។ សូមអរគុណដល់ក្លិប (វិសាខា) សម្រាប់ការជឿទុកចិត្តរបស់ពួកគេ។ ខ្ញុំមកដល់ពោរពេញដោយភាពរីករាយ ការប្តេជ្ញាចិត្ត និងបំណងប្រាថ្នានៃការលះបង់អ្វីៗទាំងអស់ សម្រាប់ពណ៌ទាំងនេះ (របស់ក្រុមវិសាខា)។ តោះទៅជាមួយគ្នា!»។
តាមរយៈការចុះកិច្ចសន្យាជាមួយ Andres Nieto និង Cristian Roque ត្រូវបានគេមើលឃើញថា ក្លិបវិសាខា បានទទួលនូវកីឡាករ ដែលមានគុណភាព និងជំនាញខ្ពស់ សម្រាប់មកជួបដល់ក្រុម ហើយពួកគេ បានយល់ច្បាស់រួចទៅហើយ ពីស្ថានភាពប្រកួតប្រជែងនៅលីគកំពូលកម្ពុជា ព្រោះទាំង២នេះ សុទ្ធតែធ្លាប់បានសាងស្នាដៃល្អ ក្នុងការជួយឱ្យក្រុមភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះទាំងពានលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេច ហ៊ុន សែន ដូចគ្នា ហើយក៏ជាក្លិប ដែលមានកៅអីទៅលេងនៅពានរង្វាន់ AFC Champions League Two នៅរដូវកាលនេះដូចគ្នាផងដែរ។
ជាមួយគ្នានេះ វិសាខា ក៏បាននាំចូលកីឡាករបរទេសចំណូលថ្មីមួយចំនួនទៀត មកជួយដល់ក្រុម សម្រាប់ការប្រកួត នៅរដូវកាលនេះផងដែរ ខណៈពួកគេ បានទទួលលទ្ធផលមិនល្អ កាលពីរដូវកាលមុននោះ ហើយកីឡាករបរទេស ដែលវិសាខា បានចុះកិច្ចសន្យារួចរាល់ហើយនោះ រួមមាន កីឡាករប្រេស៊ីល Lucas Tancler Ambiel ខ្សែកាពារបារាំង Ndom Aly ខ្សែបម្រើមកពីប្រទេសហ្គាំប៊ី Gai Pa Ousman កីឡាករហូឡង់ Sherwin Dandey Seedorf និងខ្សែប្រយុទ្ធកាមេរូន Ewolo Donovan៕
