ក្រុមកីឡាការិនីជម្រើសជាតិបាល់ទាត់កម្ពុជា ដណ្តើមបានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFF Women’s Cup 2026 ជាថ្មីម្តងទៀត បន្ទាប់ពីពួកគេ បានបញ្ចប់ការប្រកួតជម្រុះក្នុងពូល ដោយទទួលបានលេខ១នោះ ប៉ុន្តែការស្វែងរកឱកាសឡើងទៅវគ្គបន្តរបស់ក្រុមកីឡាករជម្រើសជាតិបាល់ទះកម្ពុជា ក្នុងព្រឹត្តិការណ៍ SEA V-Cup 2026 កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីពួកគេ បានចាញ់ក្រុមជើងឯក ឥណ្ឌូនេស៊ី ៣សិតដាច់ (៣-០)នោះ។
សម្រាប់ការប្រកួតពានរង្វាន់ AFF Women’s Cup 2026 ដែលកំពុងធ្វើនៅប្រទេសម៉ាឡេស៊ីនេះ ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា បានបញ្ចប់ការប្រកួតជម្រុះក្នុងពូល B ដោយបានយកឈ្នះក្រុមទីម័រខាងកើត ៣-១ នៅថ្ងៃបើកឆាក និងបានវាយបកតាមស្មើក្រុមការពារតំណែងជើងឯក ឥណ្ឌូនេស៊ី ១-១ សម្រាប់ការប្រកួតចុងក្រោយ កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
កីឡាការិនី វិបុល សិរីសេដ្ឋា ជាអ្នកតែតបាល់បញ្ចូលទីឱ្យក្រុមនារីកម្ពុជា នៅនាទីទី ៤៧ ដើម្បីលុបចោលគ្រាប់បាល់នាំមុខរបស់ឥណ្ឌូនេស៊ី ដែលរកបានដោយកីឡាការិនី Sheva Imut Furyzcha នៅនាទីទី ៤២។
ការចែកគ្នាម្នាក់១ពិន្ទុនេះ បានជួយឱ្យក្រុមនារីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំពូល B ខណៈក្រុមនារីឥណ្ឌូនេស៊ី ឈរនៅលេខ២ ដោយមាន៤ពិន្ទុស្មើគ្នា ហើយលទ្ធផលនេះ គឺដូចគ្នាទៅនឹងការប្រកួតពាន AFF Women’s Cup 2024 តែម្តង ព្រោះកាលនោះ ក្រុមនារីកម្ពុជា និងឥណ្ឌូនេស៊ី បានស្មើគ្នា ០-០ និងបានយកឈ្នះក្រុមកីឡាការិនីជម្រើសជាតិម៉ាឡេស៊ី ដូចគ្នា។
យោងតាមលទ្ធផលនេះ ក្រុមនារីកម្ពុជា ត្រូវឡើងទៅជួបក្រុមកីឡាការិនីជម្រើសជាតិឡាវ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលទទួលបានលេខ២ប្រចាំពូល A មាន ២ពិន្ទុ រីឯ ឥណ្ឌូនេស៊ី ត្រូវប៉ះក្រុមជម្រើសជាតិនារីសិង្ហបុរី ដែលដណ្តើមបានលេខ១ ប្រចាំពូល A បន្ទាប់ពីពួកគេ បានទម្លាក់ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ដោយការយកឈ្នះ ៣-១ ក្នុងជំនួបចុងក្រោយ កាលពីម្សិលមិញដែរ ហើយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងធ្វើនៅថ្ងៃទី ១៩ ខែកក្កដានេះ។
ក្តីសង្ឃឹមឡើងទៅកាន់វគ្គបន្តរបស់ក្រុមបាល់ទះកម្ពុជា កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ក្រោយចាញ់ឥណ្ឌូនេស៊ី ៣-០
ដោយឡែកក្រុមកីឡាករជម្រើសជាតិកម្ពុជា នៅតែមិនអាចធ្វើអ្វីទៅលើក្រុមការពារតំណែងជើងឯកឥណ្ឌូនេស៊ី បានដដែល ដោយពួកគេ បានបន្តចាញ់ ៣សិតដាច់ (៣-០) ជាមួយគ្រាប់បាល់ ២៥-១៨ ២៥-១៨ និង ២៥-២១ កាលពីព្រលប់ថ្ងៃទី ១៦ ខែកក្កដា ហើយលទ្ធផលនេះ បានធ្វើឱ្យក្រុមកម្ពុជា កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ចំពោះការទទួលបានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន SEA V-Cup 2026។
បើទោះបីជាក្រុមជម្រើសជាតិកម្ពុជា បានបង្កើតកំណត់ត្រាថ្មី តាមរយៈការយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន ៣-២ នៅថ្ងៃបើកឆាក ប៉ុន្តែការចាញ់ក្រុមឥណ្ឌូនេស៊ី រហូតដល់ ៣-០ ធ្វើឱ្យក្រុមកម្ពុជា បានបញ្ចប់ការប្រកួតក្នុងពូលរបស់ខ្លួន ដោយមានត្រឹម២ពិន្ទុ និងកំពុងឈរនៅលេខ២ ប្រចាំពូល A ជាបណ្តោះអាសន្ន ខណៈឥណ្ឌូនេស៊ី ឈរនៅលេខ១ មាន៣ពិន្ទុ ហើយម្ចាស់ផ្ទះ ហ្វីលីពីន ឈរនៅលេខ៣ក្រោយគេ មាន១ពិន្ទុ។
តាមរយៈលទ្ធផលនេះ បានបង្ហាញថា ទីតាំងលេខ២របស់ក្រុមកម្ពុជា អាចនឹងមានការប្រែប្រួល បន្ទាប់ពីការប្រកួតបញ្ចប់ពូល A រវាងក្រុមឥណ្ឌូនេស៊ី និងហ្វីលីពីន នៅរសៀលថ្ងៃសុក្រនេះ។ បើសិនជាក្រុមម្ចាស់ផ្ទះហ្វីលីពីន អាចមានលទ្ធផលយកឈ្នះក្រុមឥណ្ឌូនេស៊ី បាន នោះក្រុមកម្ពុជា អស់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។

តែទោះបីជាយ៉ាងណា បើតាមកម្រិតលេងរបស់ឥណ្ឌូនេស៊ី ដែលអាចយកឈ្នះលើក្រុមកម្ពុជា រហូតដល់ ៣-០ នោះ ត្រូវបានគេមើលឃើញថា មិនអាចមកចាញ់ក្រុមម្ចាស់ផ្ទះហ្វីលីពីន នោះទេ ហើយឥណ្ឌូនេស៊ី ក៏មិនចង់បានត្រឹមលេខ២ ដោយត្រូវឡើងទៅជួបក្រុមលេខ១ពូល B នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះដែរ គឺក្រុមជម្រើសជាតិថៃ ដែលបានយកឈ្នះក្រុមវៀតណាម ៣-១ និងឈ្នះក្រុមមីយ៉ាន់ម៉ា ៣-០ ខណៈក្រុមវៀតណាម និងមីយ៉ាន់ម៉ា ត្រូវប្រកួតគ្នា ដណ្តើមយកលេខ២ប្រចាំពូល B នៅរសៀលថ្ងៃសុក្រនេះ៕
