Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»កម្ពុជាស៊ើបអង្កេតករណីផ្ទុះនៅតំបន់ព្រំដែន បណ្ដាលឱ្យទាហាន ៤នាក់រងរបួស ខណៈភាគីថៃបដិសេធមិនពាក់ព័ន្ធ
    ព័ត៌មានជាតិ

    កម្ពុជាស៊ើបអង្កេតករណីផ្ទុះនៅតំបន់ព្រំដែន បណ្ដាលឱ្យទាហាន ៤នាក់រងរបួស ខណៈភាគីថៃបដិសេធមិនពាក់ព័ន្ធ

    ហុង រស្មីBy ហុង រស្មីJuly 6, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ក្រសួងការពារជាតិកំពុងស៊ើបអង្កេតករណីផ្ទុះនៅតំបន់ព្រំដែន ដែលបណ្តាលឱ្យយោធិនកម្ពុជា ៤នាក់រងរបួសធ្ងន់ អំឡុងពេលចេញល្បាតនៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៥ ខែកក្កដា។ រូបថត បណ្ដាញសង្គម
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កំពុងបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើករណីផ្ទុះមួយនៅតាមបណ្តោយព្រំដែន ក្នុងខេត្តឧត្តរមានជ័យ ដែលបណ្ដាលឱ្យយោធិនកម្ពុជា ៤នាក់រងរបួសធ្ងន់ ខណៈក៏បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីខែធ្នូ ឆ្នាំមុន។

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១២:៣៥នាទីរសៀល ថ្ងៃអាទិត្យ ទី៥ ខែកក្កដា ខណៈកងកម្លាំងកម្ពុជាកំពុងចេញល្បាតជាប្រចាំ នៅតំបន់ចម្ការស្វាយចន្ទី ក្នុងភូមិសាស្ត្រចូកគ្រួស ស្ថិតក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

    ក្រសួងបានបញ្ជាក់ថា កងល្បាតកម្ពុជាបានជួបប្រទះកងល្បាតរបស់កងទ័ពភូមិន្ទថៃ ដែលកំពុងល្បាតនៅម្ខាងទៀតនៃលួសបន្លា។ បន្ទាប់ពីកងល្បាតទាំងពីរបានដើរហួសគ្នាបន្តិច ស្រាប់តែមានការផ្ទុះគ្រាប់បែកមួយនៅពីក្រោយកងល្បាតកម្ពុជា។

    តាមសេចក្តីប្រកាស យោធិនកម្ពុជា ៤នាក់ បានរងរបួសដោយសារអម្បែងគ្រាប់ និងកំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

    សេចក្តីប្រកាសបានបញ្ជាក់ថា៖ «ចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់បែកនេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិតជូនដល់កងកម្លាំង និងសាធារណជនរបស់យើង»។

    ក្រសួងមិនបានបញ្ជាក់ថា ភាគីណាជាអ្នកទទួលខុសត្រូវចំពោះការផ្ទុះនេះឡើយ ដោយអះអាងថា ការស៊ើបអង្កេតនៅតែបន្ត។

    ឧបទ្ទវហេតុនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន បន្ទាប់ពីរូបភាព និងវីដេអូបង្ហាញពីយោធិនរងរបួស ត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមក្នុងប្រទេសកម្ពុជា។

    ក្នុងសេចក្តីប្រកាសដដែល ក្រសួងការពារជាតិបានរំលឹកឡើងវិញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។

    ក្រសួងបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាល និងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំ ស្មោះត្រង់ និងមិនងាករេ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត»។

    ក្រសួងបានបន្ថែមថា កម្ពុជានៅតែបន្តប្តេជ្ញាចិត្តក្នុងការស្តារស្ថានភាពឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ និងសម្រេចឱ្យបាននូវ «សន្តិភាព និងស្ថិរភាពយូរអង្វែង» នៅតាមបណ្តោយព្រំដែនរួម។

    សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានកំណត់ឱ្យប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ជាបន្ទាន់ រក្សាទីតាំងឈរជើងរបស់កងកម្លាំង មិនធ្វើសកម្មភាពយោធាបង្កហេតុ និងដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់។

    ទោះជាយ៉ាងណា ភូមិភាគទី២ នៃកងទ័ពថៃ (Thailand’s 2nd Army Region) បានបដិសេធថា កងកម្លាំងរបស់ខ្លួនមិនបានពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះឡើយ។

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ការស៊ើបអង្កេតរបស់ភាគីថៃបានសន្និដ្ឋានថា ទាហានថៃមិនបានបាញ់អាវុធ ឬប្រើប្រាស់គ្រាប់បែកណាមួយឡើយ ហើយអះអាងថា ការផ្ទុះបានកើតឡើងទាំងស្រុងនៅក្នុងទឹកដីកម្ពុជា។  

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ហុង រស្មី

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.