យានស្ទង់ Tianwen-2 របស់ទីភ្នាក់ងារអវកាសចិន ដែលត្រូវបានបាញ់បង្ហោះ កាលពីថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៥ ពេលនេះបានធ្វើដំណើរទៅកៀកនឹងគោលដៅហើយ។ ទីភ្នាក់ងារអវកាសចិន បានឲ្យដឹងនៅថ្ងៃទី៦កក្កដា ថា យានស្ទង់បានធ្វើដំណើរប្រមាណ៤០០ថ្ងៃ ក្នុងរយៈចម្ងាយ១ពាន់លានគីឡូម៉ែត្រ ពីផែនដៅ ហើយបានចូលកៀកប្រមាណតែ២០គីឡូម៉ែត្រ ពីអាចម៍ផ្កាយមួយឈ្មោះ ថា 2016 HO3។
ទីភ្នាក់ងារអវកាសចិន បានបង្ហោះផ្សាយរូបភាព ថតដោយយានស្ទង់ Tianwen-2 បង្ហាញឲ្យឃើញទ្រង់ទ្រាយដុំថ្មអាចមន៍ផ្កាយ ពណ៌ប្រផេះ កំពីកកំពកខ្លាំង។ យានស្ទង់ Tianwen-2 នឹងចាប់ផ្តើមចូលកាន់តែកៀក វិលជុំវិញថតរូបភាព មុននឹងចុះឲ្យដល់ផ្ទាល់ ដើម្បីប្រមូលទិន្នន័យស្រាវជ្រាវមួយចំនួន ទាក់ទិននឹងសណ្ឋានទ្រង់ទ្រាយរបស់អាចម៌ផ្កាយ ក៏ដូចជាល្បាយផ្សំនៅក្នុងកម្រាស់ថ្មរបស់អាចម៌ផ្កាយនេះ។ បន្ទាប់មកទៀត យាននេះហោះឡើងទៅកាន់លំហអាកាសវិញ ហើយព្រលែងផ្នែកម៉ូឌុល ដែលនឹងចុះមកដល់ផែនដីវិញ នាំមកនូវសំរង់បំណែករបស់អាចម៌ផ្កាយ។
សូមបញ្ជាក់ថា អាចម៌ផ្កាយគឺជាបំណែកសិលាអណ្តែតនៅលើតំបន់ខ្សែគន្លងតារាវិថីរបស់ព្រះអាទិត្យ។ ការស្រាវជ្រាវលម្អិតអំពីអាចម៌ផ្កាយ អាចជួយឲ្យអ្នកវិទ្យាសាស្ត្រឆ្វេងយល់ កាន់តែច្បាស់ អំពីដើមកំណត់ដំបូង ក៏ដូចជាដំណើរវិវឌ្ឍន៍នៃប្រព័ន្ធព្រះអាទិត្យ។
គួរជំរាបដែរថា នេះមិនមែនជាលើកទី១ទេ ដែលមានការស្រាវជ្រាវស្រង់បំណែកពីអាចម៌ផ្កាយ។ ទីភ្នាក់ងារអវកាសអាមេរិកនិងជបោះ ធ្លាប់ធ្វើបានដោយជោគជ័យរួចមកហើយ។ យ៉ាងណាក៏ដោយ បេសកកម្មរបស់យានស្ទង់ Tianwen-2 របស់ចិន គឺជាជំហានដ៏សំខាន់មួយ ដែលចិនខំប្រឹងតាមឱ្យទាន់អាមេរិកនិងអឺរ៉ុប នៅក្នុងជំនាញស្រាវជ្រាវអវកាសទីឆ្ងាយៗ លើសពីព្រះចន្ទ។ កាលពីឆ្នាំ២០២៤ ចិនបានបញ្ជូនយានទៅស្រង់បំណែកដី នៅផ្នែកខាងងងឹតរបស់ព្រះចន្ទរួចហើយ។ ចិនចំណាយប្រាក់ច្រើនពាន់លានដុល្លារណាស់ ក្នុងវិស័យអវកាស។ កម្មវត្ថុដ៏ធំមួយរបស់ចិន គឺបញ្ជូនមនុស្សទៅកាន់ព្រះចន្ទ នៅឆ្នាំ២០៣០៕
