នៅអ៊ុយក្រែន យុវជនច្រើនពាន់នាក់ ប្រមូលផ្តុំគ្នាធ្វើបាតុកម្ម តាមបណ្តាទីប្រជុំជន ទោះបីជាត្រូវប្រឈមនឹងការវាយប្រហាររបស់ទ័ពរុស្ស៊ី យ៉ាងណាក្តី។ បាតុកម្មនេះ ប្រឆាំងនឹងការដកតំណែងរដ្ឋមន្ត្រីការពារជាតិដ៏មានប្រជាប្រិយភាព និងជាអ្នកជំរុញដ៏ចម្បងឲ្យទ័ពអ៊ុយក្រែនសម្រុកប្រើដ្រូនចម្បាំង។ រដ្ឋមន្ត្រីវ័យក្មេងរូបនេះ មានទំនាស់ជាមួយមេបញ្ជាការកងទ័ព ដែលបណ្តាលឲ្យត្រូវរុះរើរដ្ឋាភិបាលថ្មី។ ដោយមិនកាន់ជើងខាងណាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានអំពាវនាវឲ្យ«រួបរួមជាតិ»។
យុវជនអ៊ុយក្រែន ច្រើនពាន់នាក់ នាំគ្នាងើបឈរធ្វើបាតុកម្ម ក្នុងថ្ងៃព្រហស្បតិ៍ ទី១៦កក្កដា ដើម្បី ប្រឆាំងនឹងការបញ្ចប់តំណែងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក មីកាអ៊ីឡូ ហ្វេដូរូវ (Mykhaïlo Fedorov)។ ការជួបសម្តែងមតិរៀបចំធ្វើនៅរដ្ឋធានីកៀវ និងតាមបណ្តាទីប្រជុំជនក្រុងជាច្រើន។ មិនថា នៅទីក្រុងជាប់ព្រំដែនរុស្ស៊ី ដែលឋិតក្នុងសមរភូមិមុខនោះឡើយ។ ក្រៅពីថ្លែងទាមទារឲ្យរដ្ឋមន្ត្រីវ័យក្មេងដែលខ្លួនពេញចិត្តឲ្យបន្តនៅកាន់តំណែង ពួកយុវបាតុករក៏បានឆ្លៀតថ្កោលទោសអំពើពុករលួយក្នុងជួរអ្នកដឹកនាំជាតិទៀតផង។
មានអាយុ៣៥ឆ្នាំនិងចូលកាន់តំណែងរដ្ឋមន្ត្រីការពារជាតិ ត្រឹមតែ ៦ ខែប៉ុណ្ណោះ លោក Mykhaïlo Fedorov បានធ្វើឲ្យវិស័យកងទ័ពអ៊ុយក្រែនមានមុខមាត់ល្បីខ្លាំង ពិសេសខាងប្រើដ្រូនប្រឆាំងនឹងការឈ្លានពានរុស្ស៊ី។ ក្នុងអំឡុងពេល៤ខែចុងក្រោយ អ៊ុយក្រែនក៏បានផលិតដ្រូនចម្បាំងយ៉ាងច្រើនសន្ធឹកនិងប្រើប្រាស់វាវាយប្រហារយ៉ាងដំណំចំទីតាំងយុទ្ធសាស្ត្រចម្បងៗរបស់រុស្ស៊ី។ បើតាមសម្រែកបាតុករ លោករដ្ឋមន្ត្រីរូបនេះបានជួយកែទម្រង់ខ្លាំងក្នុងជួរកងទ័ពអ៊ុយក្រែន ដោយផ្តោតសំខាន់ទៅលើបច្ចេកវិទ្យានិងទំនើបកម្មវិស័យយោធា ព្រមទាំងឈានទៅបញ្ចប់មន្ត្រីរដ្ឋការខ្លះផង។
នៅក្រុងកៀវ លោក Mykhaïlo Fedorov បានធ្វើសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃពុធ និងម្តងទៀត ថ្ងៃព្រហស្បតិ៍ ដោយពន្យល់ប្រាប់អ្នកកាសែតថា ដើមហេតុដែលលោកត្រូវបញ្ចប់តំណែង ព្រោះតែមានទំនាស់ជាមួយនឹងអគ្គមេបញ្ជាការកងទ័ព លោកឧត្តមសេនីយ៍ អូឡិចសង់ សៀស្គី (Oleksandr Syrskyi)។ មេបញ្ជាការរូបនេះ និយមប្រើយុទ្ធសាស្ត្រសង្គ្រាមចាស់គំរឹល ដោយចូលចិត្តប្រើរថក្រោះទៅច្បាំងបាញ់ត្រង់តែម្តង និងបង្កហានិភ័យដល់ជីវិតទាហាន។ នេះបើតាមលោក Mykhaïlo Fedorov ដោយចោទលោកឧត្តមសេនីយ៍ Oleksandr Syrskyi ថាកំពុងតែបំបែកបំបាក់ជាតិ។
ទំនាស់រវាងរដ្ឋមន្ត្រីវ័យក្មេង និងមេបញ្ជាការកងទ័ពជើងចាស់ បានជំរុញឲ្យមន្ត្រីមួយចំនួន ជំនាញខាងដ្រូនចម្បាំង សុំលាឈប់ពីតំណែង ហើយក៏ឈានទៅរុះរើរដ្ឋាភិបាលថ្មី ទៀតផង។
ក្នុងកាលៈទេសៈសង្គ្រាមទប់ទល់នឹងរុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី មិនកាន់ជើងខាងណាមួយទេ និងបានអំពាវនាវឲ្យប្រជាជនរួបរួមគ្នាដើម្បីសាមគ្គីជាតិ។
ក្នុងថ្ងៃព្រហស្បតិ៍ ទី១៦កក្កដា រដ្ឋសភាអ៊ុយក្រែន សម្រេចអនុម័តតែងតាំង លោក សែហ្គី គូរេតស្គី (Serguiï Koretsky) ឲ្យធ្វើនាយករដ្ឋមន្ត្រី និងរៀបចំរដ្ឋាភិបាលថ្មី។ ធ្លាប់ជាប្រធានក្រុមហ៊ុនរដ្ឋខាងដឹកជញ្ជូនប្រេងនិងឧស្ម័ន Naftogaz លោកប្រមុខរដ្ឋាភិបាលថ្មីថ្មោងរូបនេះ ទទួលអម្រែកកាតព្វកិច្ចដ៏ចម្បង ត្រូវដោះស្រាយវិបត្តិចំពោះមុខ ពោលគឺរកមធ្យោបាយសង្គ្រោះប្រជាជនអ៊ុយក្រែននៅរដូវរងា ត្រជាក់ខ្លាំងអាចដល់ក្រោម២០អង្សារ ដែលនឹងជិតឈានចូលមកដល់។
គួរបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែល អ៊ុយក្រែនសម្រេចរុះរើរដ្ឋាភិបាល គិតចាប់ពីផ្ទុះសង្គ្រាមរុស្ស៊ីឈ្លានពាន នៅខែកុម្ភៈ ឆ្នាំ២០២២ មក។
ចំពោះរុស្ស៊ី មិនថាបុគ្គលណាឡើងតំណែងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន គ្មានខុសប្លែកអ្វីទេ ហើយក៏គ្មានធ្វើឲ្យរដ្ឋអំណាចម៉ូស្កូព្រឺសម្បុរនោះដែរ។ នេះបើតាមលោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង៕
