មន្ត្រីរាជការថៃជាង៥ពាន់នាក់ អាចនឹងត្រូវព្យូរពីការងារ និងតួនាទី ដោយហេតុមានរឿងអាស្រូវពុករលួយ និងលួចបន្លំនៅពេលប្រលងចូល។ នេះបើតាមការអះអាងរបស់អាជ្ញាធរ នៅថ្ងៃព្រហស្បតិ៍ទី១៦កក្កដា ដោយបញ្ជាក់ថាបានចាប់ខ្លួនជនជាប់សង្ស័យបីនាក់ ក្នុងសំណុំរឿងនេះ។
នៅក្នុងសន្និសីទកាសែត អ្នកទទួលខុសត្រូវជាន់ខ្ពស់នៃក្រសួងមហាផ្ទៃថៃលោក Unsit Sampuntharat បានអះអាងលទ្ធផលប្រលងប្រកួតប្រជែងយកប៉ុស្តិ៍ ឬដើម្បីឡើងថាន្តរៈសក្តិ៍ក្នុងជួរមន្ត្រីរាជការ មានភាពមិនប្រក្រតីចំនួន ៥៨១៤ករណី។ ជាសរុប ក្រសួងបានសើរើត្រួតពិនិត្យកូពីប្រលងប្រមាណជាង៨សែនឡើងវិញ ទើបរកឃើញមានការលួចបន្លំនេះ។ ក្នុងពេលរង់ចាំសេចក្តីសម្រេចរបស់គណៈកម្មាធិការមន្ត្រីរាជការទាំងអស់នេះ អាចនឹងត្រូវព្យួរតំណែងនិងការងារ។ នេះបើតាមប្រសាសន៍របស់លោក អ៊ុនស៊ីត សំពុនថារ៉ាត ដោយបញ្ជាក់ទៀត នេះជារឿងអាស្រូវធំណាស់ និងវាមិនយុត្តិធម៌សម្រាប់អ្នកប្រលងជាប់បានតួនាទីដោយសុចរិតទេ។
សំណុំរឿងអាស្រូវនេះ បានផ្ទុះឡើងកាលពីខែមិថុនា នៅពេលក្រុមអ្នកអង្កេតបានរកឃើញមានអ្នកទទួលខុសត្រូវកម្មវិធីប្រលង ទទួលសំណូកជាទឹកប្រាក់រហូតដល់ទៅ ប្រមាណ ២១០០០អឺរ៉ូ ដើម្បីកែប្រែលទ្ធផលរបស់បេក្ខជន តាមប្រព័ន្ធអេឡិចត្រូនិក។ ការចាប់បានជនសង្ស័យម្នាក់ដែលប៉ុនប៉ងរត់គេចទៅប្រទេសឡាវ ដែលជំរុញឱ្យប៉ូលិសបើកអង្កេតដោយសហការជាមួយទីភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ គិតមកត្រឹមថ្ងៃព្រហស្បតិ៍នេះ មានមនុស្សបីនាក់ ក្នុងនោះពីរនាក់ជាបុរស ម្នាក់ជាស្ត្រី ត្រូវចាប់ខ្លួនបាន និងជាប់ចោទពីលួចបន្លំ និងបំផ្លាញឯកសារផ្លូវការរដ្ឋ។ ជនទាំងបីអាចនឹងទទួលទោសផាកពិន័យផងនិងជាប់ពន្ធនាគារដល់៥ឆ្នាំផង។
នៅថ្ងៃពុធទី ១៤កក្កដាម្សិលមិញ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បានចាត់ទុកសកម្មភាពលួចបន្លំពេលប្រលងជ្រើសរើសអ្នករាជការ ថាជាទង្វើគួរឱ្យស្អប់ខ្ពើម និងវដ្តសង្ខារនៃអំពើពុករលួយវិលវល់ក្នុងរដ្ឋបាល។ លោកអានុទីន សន្យានឹងកម្ចាត់ឱ្យអស់នៅក្នុងអាណត្តិរបស់លោក។ អំពើពុករលួយ ស៊ីសំណូក តែងផ្ទុះឡើងក្លាយជាបច្ចុប្បន្នភាពសង្គមជាញឹកញយ នៅក្នុងប្រទេសថៃ ប៉ុន្តែកម្រមានករណីពុករលួយជាប់ពាក់ព័ន្ធនឹងចំនួនមនុស្សដ៏ច្រើនដូច្នេះទេ។ មន្ត្រីរាជការថៃ បានទទួលប្រាក់បៀរវត្សរ៍ជាទូទៅ ពី៤៥០ទៅ២០០០អឺរ៉ូ ក្នុងមួយខែ ទៅតាមឋានៈនិងអតីតភាព៕
