Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»សេដ្ឋកិច្ច»រដ្ឋកំពុង​សិក្សា​​ប្រែក្លាយ​អតីតព្រលាន​យន្តហោះ​ភ្នំពេញ​ឱ្យ​ទៅ​​ជា​មជ្ឈមណ្ឌលភស្ដុភារកម្មប្រចាំ​តំបន់
    សេដ្ឋកិច្ច

    រដ្ឋកំពុង​សិក្សា​​ប្រែក្លាយ​អតីតព្រលាន​យន្តហោះ​ភ្នំពេញ​ឱ្យ​ទៅ​​ជា​មជ្ឈមណ្ឌលភស្ដុភារកម្មប្រចាំ​តំបន់

    ngochecktayBy ngochecktayJuly 7, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោក ហ៊ុន ម៉ាណែត សំណះសំណាលជាមួយ​អ្នក​ចូល​រួម​ក្នុង​ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​កំណាត់ផ្លូវជាតិលេខ ៧។ STPM
    លោក ហ៊ុន ម៉ាណែត សំណះសំណាលជាមួយ​អ្នក​ចូល​រួម​ក្នុង​ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​កំណាត់ផ្លូវជាតិលេខ ៧។ STPM
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុម​អ្នក​ជំនាញ​​វិស័យឡូជីស្ទីកនៅ​កម្ពុជា​ ​​​យល់ឃើញ​​ថា ប្រសិនបើ​រដ្ឋាភិបាល​​អាច​ប្រែក្លាយ​អតីត​ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ​​​ដែល​​ទុក​ចោល​នា​ពេល​នេះឱ្យ​ក្លាយ​ទៅ​​ជា​មជ្ឈមណ្ឌលភស្ដុភារកម្មប្រចាំ​តំបន់ គឺ​វា​នឹង​​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។​

    នៅ​ក្នុង​ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​កំណាត់ផ្លូវជាតិលេខ ៧ ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា នេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​លើក​ឡើង​​​ថា រាជរដ្ឋាភិបាល​​មានផែនការមេជាច្រើន​លើ​គម្រោង​​វិនិយោគ​វិស័យ​​ហេដ្ឋារចនាសម្ព័ន្ធ និង​​ឡូជីស្ទីក។ វិស័យ​​នេះ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការ​​ជំរុញ​សម្ទុះ​កំណើន​សេដ្ឋកិច្ច​ជាតិ​។ លោក​បន្ត​ថា នៅ​​ពេល​នេះ​​រដ្ឋាភិបាល​​កំពុង​​សិក្សាពី​​​លទ្ធភាពនៃ​ការរៀបចំ​​​អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ​ឱ្យ​​​ទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មប្រចាំ​តំបន់​ ដែល​ជា​ផ្នែកដ៏​​សំខាន់​ក្នុង​ការ​តភ្ជាប់​ចរាចរណ៍​ទំនិញ​ទៅ​​កំពង់ផែអន្តរជាតិ​ខេត្ត​ព្រះសីហនុ។

    លោក​បាន​ថ្លែង​ថា៖​«​ព្រលានយន្តហោះនៅភ្នំពេញ យើង​កំពុងតែ​​ទាក់​ទង​រៀបចំធ្វើ​យ៉ាង​ណាដើម្បី​បង្កើតជាមជ្ឈមណ្ឌល​ភស្ដុភារកម្មតំបន់​​ ប្រសិនបើ​អាច​ធ្វើ​ទៅបាន។ ចំណែក​កំពង់ផែសមុទ្រ​ខេត្តព្រះសីហនុ យើងកំពុងកសាងប្លង់មេ(Master Plan) ដើម្បីឱ្យ​ទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់​។ អ៊ីចឹងទៅថ្ងៃក្រោយ​ តំបន់​នេះគឺ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់​ទ្រាយ​ធំមាន​បំពាក់គ្រឿងកម្រិត​ខ្ពស់ ដើម្បីធានា​​ភាព​ប្រកួត​ប្រជែង​»។

    លោក ម៉ាណែត ​បញ្ជាក់​ទៀត​ថា ការអភិវឌ្ឍ និង​រៀបចំប្លង់មេ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ គឺ​ពិតជា​មានសារៈ​សំខាន់ណាស់ក្នុង​ការ​​ចូល​រួម​ចំណែក​គាំទ្រ​​​កំណើន​សេដ្ឋកិច្ច​ជាតិ និង​ជីវភាព​រស់​នៅ​របស់​​ប្រជាជន ព្រោះ​ផ្លូវ​បង្កើត​ក្តីសង្ឃឹម ​បង្កើត​សកម្ម​ភាព​សេដ្ឋកិច្ច និង​បង្កើត​នូវ​សរសៃឈាម​ទៅចិញ្ចឹម​នៅគ្រប់កន្លែង​ទាំង​អស់​។​

    អគ្គនាយកក្រុមហ៊ុន Linehaul Express (Cambodia) Co., Ltd និង​ជា​អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា​ លោក ស៊ិន ចន្ធី បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ក្នុង​ថ្ងៃ​ទី​៧ ខែកក្កដា ថា គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ថ្លៃដើម​ដឹក​ជញ្ជូន​ និង​ឡូជីស្ទីក គឺ​ពិត​ជា​សំខាន់​ក្នុង​ការគាំទ្រ​ដល់​ការ​ជំរុញ​កំណើន​​សេដ្ឋកិច្ច​ជាតិ។ ផែនការ​ប្រែក្លាយ​ព្រលាន​យន្តហោះចាស់​ដែល​នៅ​ទំនេរ​ឱ្យ​ទៅ​ជាមជ្ឈមណ្ឌភស្ដុភារកម្មតំបន់ គឺ​ជាការ​ល្អ ព្រោះ​ទីតាំង​នេះ​​ជា​ចំណុច​ប្រសព្វនៃ​ផ្លូវ​ជាតិ​សំខាន់ៗ​ពី​បណ្តា​ខេត្ត​នានា ទៅ​កាន់​កំពង់ផែសមុទ្រ​ទឹក​ជ្រៅ​ខេត្ត​ព្រះសីហនុ។

    លោក​បាន​​អះអាង​ថា៖​«​នេះ​ជា​ផែនការ​មេ​ដ៏​ល្អសម្រាប់​វិស័យ​ដឹកជញ្ជូន និង​ឡីជីស្ទីក។ ​ខ្ញុំ​មាន​ជំនឿថា ការងារ​នេះ​(ការសិក្សា​រៀបចំ​​​​ព្រលាន​យន្តហោះ​អន្ដរជាតិភ្នំពេញឱ្យ​​​ទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មប្រចាំ​តំបន់​) ​នឹង​ផ្តល់​​ផល​ចំណេញ និង​ភាព​ងាយ​ស្រួល​ច្រើន​ដល់អ្នក​វិនិយោគ ក៏​ដូច​ជា​​អ្នក​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូនតាម​រយៈ​ការ​ធ្វើ​ឱ្យ​តម្លៃ​ដឹក​ជញ្ជូន​ទាប​ជាងមុន និង​ឆាប់​រហ័ស​ផងដែរ»។ លោក​បន្ត​ថា៖​«​ក្នុង​នាម​ជាអ្នក​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន គឺ​ខ្ញុំ​ពិត​ជា​រីករាយ​​ដែល​ម្រមុខរាជរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​វិស័យ​ដឹកជញ្ជូន​ និង​ភស្តុភាកម្ម​»។

    បន្ថែម​ពី​លើ​នេះ ​ប្រធាន​សមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា លោក ជា ចាន់ដារ៉ា និយាយថា ការ​កសាង​មជ្ឈមណ្ឌលភស្ដុភារកម្មដ៏​ធំនៅ​ក្នុង​រាជធានី​ភ្នំពេញ​ គឺ​ពិត​ជា​នឹង​នាំមក​នូវផល​ចំណេញ​ច្រើន​សម្រាប់​សេដ្ឋកិច្ច​ជាតិ ព្រោះ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ទៅ​កាន់​ទីនោះ គឺមាន​រួច​ជាស្រេច និង​ល្អ​ប្រសើរ​ផងដែរ​។ ការ​អភិវឌ្ឍ​​មជ្ឈមណ្ឌលភស្ដុភារកម្មកម្រិត​តំបន់ ក៏​នឹង​ក្លាយ​ជា​ចំណែក​ក្នុង​ការ​ទាក់​ទាញ​វិនិយោគិន​អន្តរជាតិឱ្យ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ផងដែរ។​​

    លោក​និយាយ​​​​ថា៖​«​ផែនការ​របស់​រាជរដ្ឋាភិបាល​ពិត​ជា​ល្អ​ ព្រោះ​ទីនោះ​នៅ​ចំកណ្តាល​រាជធានីភ្នំពេញ​ដែល​អាច​មាន​សេវាកម្ម​ចម្រុះ​​គាំទ្រ​​ជាច្រើន​»។​

    បើ​តាមលោកនាយករដ្ឋមន្ត្រី ក្រៅ​ពី​ផែនការ​អភិវឌ្ឍន៍​ខាង​លើ រាជរដ្ឋាភិបាល​កម្ពុជា​ក៏មាន​​​ផែនការមេជា​ច្រើន​ទៀត ជា​ពិសេសេ​ផែនការ​មេ​​ ស្តីពី«ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣» ដោយ​រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូល​ដ្ឋានឡូជីស្ទីកសំខាន់ៗ​ចំនួន ១១ ទីតាំង​រួមមាន​៖ ១.​មជ្ឈមណ្ឌលឡូជីស្ទីកភ្នំពេញ, ២.​មជ្ឈមណ្ឌលឡូជីស្ទីកព្រះសីហនុ, ៣.​សួនឡូជីស្ទីកបាវិត, ៤.​សួនឡូជីស្ទីកប៉ោយប៉ែត, ៥.មណ្ឌលឡូជីស្ទីកសៀមរាប, ៦.មណ្ឌលឡូជីស្ទីកកំពត, ៧.មណ្ឌលឡូជីស្ទីកកំពង់ចាម, ៨.មណ្ឌលឡូជីស្ទីកបាត់ដំបង, ៩.មណ្ឌលឡូជីស្ទីក​ពោធិ៍សាត់, ១០.មណ្ឌលឡូជីស្ទីកបន្ទាយមានជ័យ, និង ១១.មណ្ឌលឡូជីស្ទីកកំពង់ធំ៕

    post khmer
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    ក្រុមហ៊ុនធំៗ​របស់ចិនចំនួន​៩ គ្រោង​​ពង្រីក​ការ​វិនិយោគបន្ថែម​ និងស្វែង​រក​ការបណ្តាក់ទុន​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជា

    July 16, 2026

    ជំនន់ទឹកភ្លៀងអាចនាំមីន និងគ្រាប់មិនទាន់ផ្ទុះរសាត់មកតំបន់ថ្មី អាជ្ញាធរមីនអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.