ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្ន ខណៈឥទ្ធិពលព្យុះទី៩ ឈ្មោះ បាវី (Bavi) និងព្យុះទី១១ ឈ្មោះ ហៃសិន (Haishen) អាចបង្កឱ្យមានទឹកជំនន់ ដែលអាចនាំយកមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមរសាត់ទៅកាន់តំបន់ថ្មី បង្កការគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋ។
នៅក្នុងសេចក្តីណែនាំចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា អាជ្ញាធរមីនបានឱ្យដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជាកំពុងទទួលរងឥទ្ធិពលព្យុះទាំងពីរ ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតាមរាជធានី-ខេត្តមួយចំនួន។
អាជ្ញាធរមីនបានព្រមានថា: “ក្នុងអំឡុងពេល និងក្រោយពេលទឹកជំនន់ យុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ពីសង្គ្រាម អាចត្រូវទឹកហូរច្រោះនាំចេញពីតំបន់ដែលមានការបំពុលដោយមីន មីនប្រឆាំងយានយន្ត គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះផ្សេងៗ ទៅកាន់ទីតាំងថ្មី ដែលប្រជាពលរដ្ឋមិនធ្លាប់សង្ស័យថាមានគ្រោះថ្នាក់”។
សេចក្តីណែនាំបានអំពាវនាវដល់គណៈកម្មាធិការសកម្មភាពមីនរាជធានី-ខេត្ត ប្រតិបត្តិករបោសសម្អាតមីន និងក្រសួងស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយអប់រំអំពីហានិភ័យនៃយុទ្ធភណ្ឌគ្រឿងផ្ទុះ និងឆ្លើយតបឱ្យបានទាន់ពេលវេលា នៅពេលប្រជាពលរដ្ឋរាយការណ៍ពីការប្រទះឃើញវត្ថុសង្ស័យ។
អាជ្ញាធរមីនក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ មិនត្រូវរើស កាន់ គប់ ដំ ឬកែច្នៃ វត្ថុសង្ស័យដែលអាចជាមីន ឬគ្រាប់មិនទាន់ផ្ទុះនោះឡើយ ព្រោះអាចបណ្តាលឱ្យរងរបួស ពិការ ឬស្លាប់បានគ្រប់ពេល។

ផ្ទុយទៅវិញ ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ កម្លាំងប្រដាប់អាវុធ ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតបំផុត។
បន្ថែមពីលើបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើនទសវត្សរ៍កន្លងមក កម្ពុជាក៏កំពុងប្រឈមនឹងយុទ្ធភណ្ឌគ្រឿងផ្ទុះថ្មីៗ ដែលបន្សល់ទុកពីការឈ្លានពានរបស់កងទ័ពថៃក្នុងអំឡុងការប៉ះទង្គិចតាមព្រំដែនកាលពីឆ្នាំ២០២៥។
យោងតាមទិន្នន័យរបស់រាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ បន្ទាប់ពីបទឈប់បាញ់ ក្រុមការងារជំនាញបានរកឃើញ និងប្រមូលយក យុទ្ធភណ្ឌគ្រឿងផ្ទុះរាប់ម៉ឺនគ្រាប់ ដែលបន្សល់ទុកដោយកងទ័ពថៃនៅតាមតំបន់ជួរមុខ និងភូមិព្រំដែនក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។
យុទ្ធភណ្ឌទាំងនោះរួមមានគ្រាប់កាំភ្លើងធំ គ្រាប់បែកត្បាល់ គ្រាប់រ៉ុក្កែត និងគ្រាប់មិនទាន់ផ្ទុះជាច្រើនប្រភេទ ដែលបន្តបង្កហានិភ័យដល់ប្រជាពលរដ្ឋ ជាពិសេសនៅពេលមានទឹកជំនន់អាចនាំយកវត្ថុទាំងនោះរសាត់ទៅកាន់ទីតាំងផ្សេងៗ។
អ្នកជំនាញផ្នែកមីនបានពន្យល់ថា ទឹកជំនន់អាចបំលាស់ទីមីន និងគ្រាប់មិនទាន់ផ្ទុះពីទីតាំងដើម ធ្វើឱ្យតំបន់ដែលធ្លាប់មានសុវត្ថិភាពក្លាយជាតំបន់គ្រោះថ្នាក់ និងធ្វើឱ្យការកំណត់ទីតាំងបំពុលដោយគ្រាប់មីនកាន់តែមានភាពស្មុគស្មាញ។
ដើម្បីកាត់បន្ថយហានិភ័យ អាជ្ញាធរមីនបានណែនាំឱ្យដាក់ស្លាកសញ្ញាព្រមានជាបន្ទាន់នៅតំបន់សង្ស័យមានយុទ្ធភណ្ឌគ្រឿងផ្ទុះដែលអាចរសាត់តាមទឹក និងដីល្បាប់ ព្រមទាំងបន្តផលិត និងចែកចាយសម្ភារអប់រំអំពីគ្រោះថ្នាក់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះក្នុង និងក្រោយពេលទឹកជំនន់ ជាពិសេសសម្រាប់សហគមន៍ជនបទ។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ បានអំពាវនាវឱ្យគ្រប់គណៈកម្មាធិការសកម្មភាពមីន ប្រតិបត្តិករជាតិ និងអន្តរជាតិ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ សហការអនុវត្តវិធានការបន្ទាន់ទាំងនេះឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពប្រជាពលរដ្ឋក្នុងរដូវវស្សាឆ្នាំនេះ។

