ឥទ្ធិពល និងភាពជោគជ័យនៃការប្រកួតបាល់ទះពានរង្វាន់ «តេជោលីគ» រដូវកាល ឆ្នាំ ២០២៥-២០២៦ បានក្លាយជាស្ពានដ៏សំខាន់មួយ ក្នុងការសម្រិតសម្រាំងបាននូវកីឡាករ ដែលមានគុណភាពដ៏ពិតប្រាកដ សម្រាប់ចូលរួមការប្រកួតបាល់ទះជើងឯកអាស៊ាន (Sea V-League) ហើយនេះជាក្តីសង្ឃឹមថ្មី សម្រាប់ក្រុមតំណាងឱ្យកម្ពុជាមួយនេះ ក្នុងការប្រជែងយកលទ្ធផលល្អ ជាមួយពិន្ទុច្រើន ដើម្បីអាចមានឱកាសបានឡើងទៅលេងពានកម្រិតអាស៊ី AVC Men’s Volleyball Continental Championship។
បើទោះបីជាការប្រកួត Sea V-League ឆ្នាំ ២០២៥ ក្រុមជម្រើសជាតិកម្ពុជា បានឈរនៅលេខ៥ចុងក្រោយ ដោយបានចាញ់ទាំង៨លើក ក្នុងការប្រកួតទាំង២ជុំ ប៉ុន្តែតាមរយៈការប្រកួតប្រជែងជាមួយកីឡាករបរទេសមកពីចម្រុះជាតិសាសន៍ ក្នុងព្រឹត្តិការណ៍ «តេជោលីគ» ដែលទើបបានបញ្ចប់ កាលពីថ្ងៃទី ៣ ខែកក្កដា បានក្លាយជាក្តីសង្ឃឹមថ្មី សម្រាប់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងការសម្រិតសម្រាំងបានកីឡាករល្អៗ ដើម្បីចូលរួមនឹងក្រុមជម្រើសជាតិ ត្រៀមការប្រកួត Sea V-League នៅឆ្នាំនេះ។
លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឱ្យដឹងថា ចំណុចតែមួយគត់ ដែលធ្វើឱ្យ «តេជោលីគ» រដូវកាលទី៣នេះ មានការផ្ទុះ និងកក្រើកខ្លាំង គឺដោយសារយើងបាននាំយកកីឡាករបរទេសមានកម្រិតខ្ពស់មកចូលរួមប្រកួតប្រជែងជាមួយកីឡាករក្នុងស្រុក។
លោកបញ្ជាក់ថា៖ «នៅពេលយើងមានកីឡាករបរទេសកម្រិតខ្ពស់ៗ មកពីប្រភពច្រើនកន្លែង អ្វីដែលចំណាយគឺអត្តពលិកកម្ពុជាយើង ហើយនេះជាចេតនារបស់សហព័ន្ធ ដោយយើងចង់បានគុណផលក្រុមជម្រើសជាតិឱ្យខ្ពស់។ បើយើងលេងតែកីឡាករក្នុងស្រុក កម្រិតគុណផលរបស់ជម្រើសជាតិយើង មិនអាចកើនឡើងទេ។ ជាក់ស្តែងបច្ចុប្បន្ន យើងឃើញថា កីឡាករយើងមួយចំនួន គាត់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការលេងជាមួយកីឡាករ ដែលមានរបាំងធំ»។
តាមរយៈការប្រកួត «តេជោលីគ» រដូវកាលទី៣ ឆ្នាំ ២០២៥-២០២៦នេះ ក្រុមបញ្ជាការដ្ឋានអង្គរក្ស បានបន្តឈ្នះជើងឯកជាលើកទី៣ និងបានយកពាននេះផ្តាច់តែម្តង បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមវិសាខា ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី ៣ ខែកក្កដា រីឯក្រុមស្នងការនគរបាលខេត្តស្វាយរៀង បានយកឈ្នះក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ៣-២ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣។

ជាមួយនេះ កីឡាកររបស់ក្រុមទាំង៤ខាងលើ ត្រូវបានគេមើលឃើញថា អាចមានភាគរយច្រើន ក្នុងការជ្រើសរើសចូលជ្រើសជាតិ ជាពិសេសក្រុមវិសាខា ព្រោះក្រុមនេះ បានប្រមូលផ្តុំហ្វឹកហាត់ និងប្រកួត ក្រោមការដឹកនាំរបស់គ្រូបង្វឹកក្រុមជម្រើសជាតិ លោក Li Huanning ផ្ទាល់តែម្តង។ ចំណែកកីឡាករមកពីក្លិបមួយចំនួនទៀត ដែលបានប្រមូលផ្តុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ តាំងពីខែមេសាមកនោះ ក៏មានភាគរយខ្ពស់ ជាប់ជម្រើសជាតិដែរ។
លោក អាំង សិរីពិសិដ្ឋ បានទទួលស្គាល់ថា ការដាក់កីឡាករថ្មីៗ ចូលក្រុមជម្រើសជាតិ សម្រាប់ត្រៀមការប្រកួត Sea V-League 2026 នេះ អាចនឹងលេងមិនសូវស៊ីចង្វាក់គ្នា ដោយសាររយៈពេលនៃការហ្វឹកហាត់ជុំគ្នា ខ្លីពេក ខណៈ Sea V-League 2026 នេះ នឹងមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយរូបមន្តថ្មី ព្រោះក្លិបនីមួយៗ សុទ្ធតែចង់បានកៅអី ទៅលេងនៅ AVC Men’s Volleyball Continental Championship។
លោក សិរីពិសិដ្ឋ បញ្ជាក់ថា៖ «Sea V-League លើកនេះ ក្រុមដែលមានឱកាសខ្ពស់ គាត់នឹងមានកៅអីទៅលេងនៅ AVC Championship អ៊ីចឹងក្រុមនីមួយៗ កាន់តែមានការប្រកួតប្រជែងខ្ពស់ហើយ ដោយមិនមានក្រុមណាទម្លាក់ដៃនោះទេ ព្រោះចង់បានពិន្ទុខ្ពស់ ហើយខ្ញុំក៏មានមហិច្ឆតា និងក្តីស្រមៃ ចង់រុញក្រុមជម្រើសជាតិរបស់យើង ឡើងទៅលេងនៅ AVC Championship ផងដែរ»។
សម្រាប់ Sea V-League កាលពីឆ្នាំ ២០២៥ មានតែ៥ក្រុមទេ ដោយប្រកួតវិលជុំសន្សំពិន្ទុ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ ក្លាយជាម្ចាស់ជើងឯក នៅតាមជុំទាំង២តែម្តង។ ប៉ុន្តែ ឆ្នាំ ២០២៦នេះ មានរហូតដល់៦ក្រុម ដោយបែងចែកការប្រកួតជា២ពូល ហើយក្រុមលេខ១ និងលេខ២ នៃពូលទាំង២ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រីឯក្រុមឈ្នះត្រូវឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ។
បន្ទាប់ពីចាប់ឆ្នោតរួចរាល់ ក្រុមកម្ពុជា ស្ថិតនៅពូល B ជាមួយ ហ្វីលីពីន និង ឥណ្ឌូណេស៊ី ខណៈពូល A មាន សៀម មីយ៉ាន់ម៉ា និង វៀតណាម ដោយក្នុងនោះការប្រកួតជុំទី១ គ្រោងធ្វើពីថ្ងៃទី១៥ ដល់ ទី១៩ ខែកក្កដា នៅប្រទេសហ្វីលីពីន និងជុំទី២ ពីថ្ងៃទី២២ ដល់ ទី២៦ ខែកក្កដា នៅប្រទេសឥណ្ឌូនេស៊ី។
ជាមួយគ្នានេះ ស្មាត់ធំ គួន មុំ របស់ក្រុមជម្រើសជាតិកម្ពុជា បានបង្ហើបថា បញ្ជីឈ្មោះប្រមូលផ្តុំចុងក្រោយនេះ មានកីឡាករ១៨នាក់ ដោយត្រូវជម្រុះចេញខ្លះ។ មុំ បញ្ជាក់ថា៖ «Sea V-League ឆ្នាំនេះ យើងមានកាតព្វកិច្ចប្រកួតតំណាងឱ្យជាតិ ធំជាងលើកមុនទៅទៀត។ សហព័ន្ធ នឹងជ្រើសរើសយកកីឡាករ ដែលមានសមត្ថភាពទៅចូលរួម ហើយអ្នកទាំងអស់ហ្នឹង សុទ្ធតែជាអ្នកលះបង់ដើម្បីជាតិតែម្តង ទើបគាត់យកទៅ»៕
