Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»កីឡា»ឥទ្ធិពល​របស់ «តេជោលីគ» បានបង្កើត​ឱ្យមានក្តីសង្ឃឹម​ថ្មី សម្រាប់​ក្រុមជម្រើសជាតិ​បាល់​ទះកម្ពុជា នៅ Sea V-League
    កីឡា

    ឥទ្ធិពល​របស់ «តេជោលីគ» បានបង្កើត​ឱ្យមានក្តីសង្ឃឹម​ថ្មី សម្រាប់​ក្រុមជម្រើសជាតិ​បាល់​ទះកម្ពុជា នៅ Sea V-League

    ngochecktayBy ngochecktayJuly 7, 2026No Comments2 Mins Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ក្រុមបញ្ជាការដ្ឋានអង្គរក្ស បាននាំគ្នាស្រែកអបអរចំពោះការឈ្នះពាន «តេជោលីគ» ជា​លើក​ទី​៣​ជាប់ៗ​គ្នា ខណៈការ​ប្រកួត​នៅរដូវកាលទី​៣នេះ មាន​ការ​ផ្ទុះកក្រើក​ខ្លាំង ទាំងនៅក្នុងស្រុក និង​ក្រៅ​ប្រទេស ហើយនេះជា​ក្តីសង្ឃឹម​សម្រាប់​សហព័ន្ធ​កីឡាបាល់ទះកម្ពុជា ក្នុងការ​សម្រិតសម្រាំង​បាន​កីឡាករ​មានគុណភាព​ខ្ពស់ ចូលរួមជាមួយ​ក្រុមជម្រើសជាតិ ត្រៀម​ការ​ប្រកួត Sea V-League 2026។ រូប​ថត សហព័ន្ធ
    ក្រុមបញ្ជាការដ្ឋានអង្គរក្ស បាននាំគ្នាស្រែកអបអរចំពោះការឈ្នះពាន «តេជោលីគ» ជា​លើក​ទី​៣​ជាប់ៗ​គ្នា ខណៈការ​ប្រកួត​នៅរដូវកាលទី​៣នេះ មាន​ការ​ផ្ទុះកក្រើក​ខ្លាំង ទាំងនៅក្នុងស្រុក និង​ក្រៅ​ប្រទេស ហើយនេះជា​ក្តីសង្ឃឹម​សម្រាប់​សហព័ន្ធ​កីឡាបាល់ទះកម្ពុជា ក្នុងការ​សម្រិតសម្រាំង​បាន​កីឡាករ​មានគុណភាព​ខ្ពស់ ចូលរួមជាមួយ​ក្រុមជម្រើសជាតិ ត្រៀម​ការ​ប្រកួត Sea V-League 2026។ រូប​ថត សហព័ន្ធ
    Share
    Facebook Twitter LinkedIn Pinterest Email

    ឥទ្ធិពល និង​ភាព​ជោគ​ជ័យនៃការ​ប្រកួតបាល់​ទះ​ពាន​រង្វាន់ «តេជោលីគ» រដូវ​កាល ឆ្នាំ ២០២៥-២០២៦ បានក្លាយជាស្ពាន​ដ៏សំខាន់​មួយ ក្នុងការ​សម្រិតសម្រាំង​បាននូវ​​កីឡាករ​ ដែលមាន​គុណ​ភាព​ដ៏ពិតប្រាកដ សម្រាប់​ចូលរួម​ការ​ប្រកួតបាល់​ទះ​ជើង​ឯក​អាស៊ាន (Sea V-League) ហើយ​នេះជា​ក្តីសង្ឃឹម​ថ្មី សម្រាប់​ក្រុម​តំណាង​ឱ្យ​កម្ពុជា​មួយនេះ ក្នុងការ​ប្រជែង​​យក​​​លទ្ធផល​ល្អ ជាមួយពិន្ទុ​ច្រើន ដើម្បីអាចមានឱកាសបាន​ឡើង​ទៅលេង​ពាន​កម្រិតអាស៊ី AVC Men’s Volleyball Continental Championship។

    បើទោះបីជា​ការ​ប្រកួត Sea V-League ឆ្នាំ ២០២៥ ក្រុមជម្រើសជាតិ​កម្ពុជា បាន​ឈរនៅលេខ៥ចុង​ក្រោយ ដោយ​បានចាញ់​ទាំង​​៨​លើក ក្នុងការ​ប្រកួត​ទាំង​២ជុំ ប៉ុន្តែ​​តាម​រយៈការ​ប្រកួត​ប្រជែង​ជាមួយ​កីឡាករបរទេស​មកពីចម្រុះជាតិ​សាសន៍ ក្នុង​ព្រឹត្តិការណ៍ «តេជោលីគ» ដែល​ទើបបានបញ្ចប់ កាលពី​ថ្ងៃទី ៣ ខែកក្កដា បាន​ក្លាយជា​ក្តីសង្ឃឹមថ្មី សម្រាប់​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា ក្នុងការ​សម្រិតសម្រាំង​បាន​កីឡាករ​ល្អៗ ដើម្បី​ចូល​រួមនឹង​ក្រុមជម្រើសជាតិ ត្រៀម​ការ​ប្រកួត Sea V-League នៅ​ឆ្នាំ​នេះ។

    លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទះកម្ពុជា បាន​ឱ្យ​ដឹង​ថា  ​ ចំណុចតែមួយគត់ ដែល​ធ្វើ​ឱ្យ «តេជោលីគ» រដូវកាលទី​៣នេះ មានការ​ផ្ទុះ និងកក្រើក​ខ្លាំង គឺ​ដោយសារ​យើងបាននាំ​យក​កីឡាករ​បរទេសមានកម្រិតខ្ពស់​មកចូលរួមប្រកួតប្រជែងជាមួយកីឡាករក្នុងស្រុក។

    លោកបញ្ជាក់​ថា៖ ​«នៅពេល​យើងមានកីឡាករបរទេស​កម្រិតខ្ពស់ៗ មកពី​ប្រភព​ច្រើន​កន្លែង ​អ្វីដែលចំណាយ​គឺអត្តពលិកកម្ពុជា​​យើង ហើយនេះជាចេតនា​របស់​សហព័ន្ធ ដោយ​យើងចង់បានគុណផល​ក្រុមជម្រើសជាតិ​ឱ្យខ្ពស់។ បើយើង​លេង​តែកីឡាករក្នុងស្រុក​ កម្រិត​គុណផល​របស់​ជម្រើសជាតិ​​យើង មិនអាច​កើន​ឡើង​ទេ។ ជាក់ស្តែង​បច្ចុប្បន្ន យើង​ឃើញ​ថា កីឡាករ​​យើងមួយចំនួន គាត់​មាន​លទ្ធភាព​គ្រប់​គ្រាន់ ក្នុងការ​លេង​ជាមួយ​កីឡាករ ដែលមានរបាំងធំ»។  

    តាម​រយៈការ​ប្រកួត «តេជោលីគ» រដូវកាលទី​៣ ឆ្នាំ ២០២៥-២០២៦នេះ ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្ស បានបន្ត​ឈ្នះ​ជើងឯក​ជា​លើក​ទី​៣ និងបាន​យកពាននេះ​ផ្តាច់​តែម្តង បន្ទាប់ពីពួកគេ បាន​យក​ឈ្នះ​ក្រុម​វិសាខា ៣-០ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កាលពី​ថ្ងៃទី ៣ ខែកក្កដា រីឯ​ក្រុមស្នងការនគរ​បាល​ខេត្ត​ស្វាយរៀង បាន​យក​ឈ្នះ​ក្រុមស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ ៣-២ ដើម្បី​ទទួល​បានចំណាត់ថ្នាក់​លេខ​៣។

    ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​រវាង​ក្រុមបញ្ជាការ​ដ្ឋានអង្គរក្ស (ពណ៌ខៀវ) និង​ក្រុម​វិសាខា នៅវិមាន​ពហុកីឡដ្ឋានជាតិអូឡាំពិក កាលពី​ថ្ងៃទី ៣ ខែកក្កដា ហើយ​ក្រុមទាំង២ សុទ្ធតែ​បាន​នាំ​យក​កីឡាករ​បរទេសចំនួន៥នាក់ មកចូល​រួមជួយ​ក្រុមដូចគ្នា។ រូប​ថត សហព័ន្ធ
    ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​រវាង​ក្រុមបញ្ជាការ​ដ្ឋានអង្គរក្ស (ពណ៌ខៀវ) និង​ក្រុម​វិសាខា នៅវិមាន​ពហុកីឡដ្ឋានជាតិអូឡាំពិក កាលពី​ថ្ងៃទី ៣ ខែកក្កដា ហើយ​ក្រុមទាំង២ សុទ្ធតែ​បាន​នាំ​យក​កីឡាករ​បរទេសចំនួន៥នាក់ មកចូល​រួមជួយ​ក្រុមដូចគ្នា។ រូប​ថត សហព័ន្ធ

    ជាមួយ​នេះ កីឡាករ​របស់​ក្រុមទាំង​៤​ខាងលើ ត្រូវបានគេមើល​ឃើញ​ថា អាច​មានភាគ​រយ​ច្រើន ក្នុងការ​ជ្រើស​រើស​ចូល​ជ្រើសជាតិ ជាពិសេស​ក្រុម​វិសាខា ព្រោះ​ក្រុមនេះ បាន​​ប្រមូល​ផ្តុំ​ហ្វឹកហាត់ និង​ប្រកួត ​ក្រោម​ការ​ដឹកនាំ​របស់​​គ្រូ​បង្វឹក​ក្រុមជម្រើសជាតិ លោក Li Huanning ផ្ទាល់​តែម្តង។ ចំណែក​កីឡាករ​មកពី​ក្លិប​មួយចំនួនទៀត ដែលបានប្រមូល​ផ្តុំ​ហ្វឹកហាត់​ជាមួយ​ក្រុមជម្រើសជាតិ តាំងពី​ខែ​មេសាមក​នោះ ក៏​មានភាគ​រយ​ខ្ពស់ ជាប់ជម្រើសជាតិ​ដែរ។

    លោក អាំង សិរីពិសិដ្ឋ បានទទួលស្គាល់​ថា ការ​ដាក់​កីឡាករ​ថ្មីៗ ចូល​ក្រុមជម្រើសជាតិ សម្រាប់ត្រៀម​ការ​ប្រកួត Sea V-League 2026 នេះ អាច​នឹងលេង​មិនសូវ​ស៊ីចង្វាក់គ្នា ដោយសារ​រយៈពេលនៃការ​ហ្វឹកហាត់ជុំគ្នា ​ខ្លីពេក ខណៈ Sea V-League 2026 នេះ នឹងមានការ​ប្រកួតប្រជែងកាន់​តែ​ខ្លាំង​ជាមួយ​រូបមន្ត​ថ្មី ព្រោះ​ក្លិប​នីមួយៗ សុទ្ធតែ​ចង់បានកៅអី ទៅលេង​នៅ AVC Men’s Volleyball Continental Championship។

    លោក សិរីពិសិដ្ឋ បញ្ជាក់​ថា៖​ «Sea V-League លើកនេះ ក្រុម​ដែលមានឱកាសខ្ពស់ គាត់​នឹងមាន​កៅអី​​ទៅលេង​នៅ AVC Championship អ៊ីចឹង​ក្រុមនីមួយៗ កាន់តែ​មានការ​ប្រកួត​ប្រជែង​ខ្ពស់​​ហើយ ដោយមិនមានក្រុមណា​ទម្លាក់ដៃ​នោះ​ទេ ព្រោះ​ចង់បានពិន្ទុខ្ពស់ ហើយ​ខ្ញុំ​ក៏មាន​មហិច្ឆតា​ និង​ក្តីស្រមៃ ចង់​រុញ​ក្រុម​ជម្រើសជាតិ​របស់​យើង ឡើង​ទៅលេង​នៅ AVC Championship ផងដែរ»។

    សម្រាប់​ Sea V-League កាលពីឆ្នាំ ២០២៥ មាន​តែ​​៥​ក្រុមទេ ដោយ​​ប្រកួត​វិលជុំ​សន្សំពិន្ទុ ហើយ​ក្រុមមានពិន្ទុ​ខ្ពស់ជាង​គេ ក្លាយជា​ម្ចាស់​ជើងឯក នៅតាមជុំទាំង​២​​តែម្តង។ ប៉ុន្តែ​ ឆ្នាំ ២០២៦​​នេះ មានរហូត​ដល់​​៦ក្រុម ដោយ​បែង​ចែក​ការ​ប្រកួតជា២ពូល ហើយ​ក្រុម​លេខ​១ និងលេខ​២ នៃពូល​ទាំង​២ ឡើង​ទៅប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ រីឯ​​ក្រុម​ឈ្នះ​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

    បន្ទាប់​ពី​ចាប់​ឆ្នោត​រួច​រាល់ ក្រុមកម្ពុជា ស្ថិត​នៅ​ពូល B ជា​មួយ​ ហ្វីលីពីន និង​ ឥណ្ឌូណេស៊ី ខណៈ​ពូល A មាន​ សៀម មីយ៉ាន់ម៉ា និង វៀតណាម ដោយ​ក្នុងនោះ​ការ​ប្រកួត​ជុំ​ទី១ ​គ្រោង​ធ្វើពី​ថ្ងៃ​ទី១៥ ដល់ ទី​១៩ ខែ​កក្កដា នៅ​ប្រទេស​ហ្វីលីពីន និង​ជុំ​ទី​២ ​ពី​ថ្ងៃ​ទី​២២ ដល់ ទី​២៦ ខែ​កក្កដា នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

    ជាមួយគ្នានេះ ស្មាត់ធំ គួន មុំ ​របស់​​ក្រុមជម្រើសជាតិកម្ពុជា​ បាន​បង្ហើប​ថា បញ្ជីឈ្មោះប្រមូល​ផ្តុំ​ចុង​ក្រោយ​នេះ មាន​កីឡាករ​១៨នាក់ ដោយ​ត្រូវជម្រុះ​ចេញ​ខ្លះ។ មុំ បញ្ជាក់​​ថា៖ ​«​Sea V-League ឆ្នាំនេះ យើងមានកាតព្វកិច្ច​ប្រកួត​តំណាង​ឱ្យជាតិ​ ធំជាងលើក​មុនទៅ​ទៀត។ សហព័ន្ធ នឹងជ្រើស​រើសយក​កីឡាករ ដែលមានសមត្ថ​ភាពទៅចូលរួម ហើយ​អ្នកទាំងអស់​ហ្នឹង សុទ្ធតែជា​អ្នក​លះបង់​ដើម្បីជាតិតែម្តង ទើបគាត់​យក​ទៅ»៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ក្រុមបាល់ទះនារីកម្ពុជា បានឡើង​ទៅ​វគ្គ​១/២ផ្តាច់​ព្រ័ត្រពាន ​AFF Women’s Cup ជាថ្មី តែ​ឱកាស​របស់​ក្រុមបាល់​ទះ ស្ថិត​ក្នុង​ភាពមិនច្បាស់លាស់

    July 17, 2026

    ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ទាំង​លំបាក ដើម្បី​សាងបាន​កំណត់ត្រាថ្មី នៅ SEA V-Cup

    July 16, 2026

    ធ្លាប់តែជាគូសត្រូវនៅលើ​ទីលាន តែពេលនេះ Cristian និង Nieto បានសម្រេច​ចាប់ដៃ​​គ្នាប្រយុទ្ធ ដើម្បី​ក្លិបថ្មី ​វិសាខា

    July 14, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.