Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»កីឡា»កីឡាករសំខាន់ៗជាច្រើននាក់ គ្មាន​ឈ្មោះ​ក្នុង​​ជម្រើសជាតិ តែ​គ្រូ​បង្វឹក​ថា អ្នកត្រូវបានជ្រើសរើសលើកនេះ គឺសមស្រប និងល្អបំផុត
    កីឡា

    កីឡាករសំខាន់ៗជាច្រើននាក់ គ្មាន​ឈ្មោះ​ក្នុង​​ជម្រើសជាតិ តែ​គ្រូ​បង្វឹក​ថា អ្នកត្រូវបានជ្រើសរើសលើកនេះ គឺសមស្រប និងល្អបំផុត

    ngochecktayBy ngochecktayJuly 8, 2026No Comments2 Mins Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    កីឡាករជាជម្រើស១១នាក់ដំបូង​របស់​ក្រុមជម្រើសជាតិកម្ពុជា ពេល​ប្រកួតជាមួយក្រុមចិនហុងកុង ហើយ​ក្នុងនោះ​៦នាក់ គ្មានឈ្មោះ សម្រាប់ការ​ប្រមូល​ផ្តុំ​លើកនេះ​ទេ។ រូប​ថត FFC
    កីឡាករជាជម្រើស១១នាក់ដំបូង​របស់​ក្រុមជម្រើសជាតិកម្ពុជា ពេល​ប្រកួតជាមួយក្រុមចិនហុងកុង ហើយ​ក្នុងនោះ​៦នាក់ គ្មានឈ្មោះ សម្រាប់ការ​ប្រមូល​ផ្តុំ​លើកនេះ​ទេ។ រូប​ថត FFC
    Share
    Facebook Twitter LinkedIn Pinterest Email

    កីឡាករសំខាន់ៗប្រមាណ​​១០នាក់ ដែល​ធ្លាប់បង្ហាញសមត្ថ​ភាព​លេង​បាន​ល្អ ក្នុងជម្រើស​១១នាក់​ដំបូង​របស់​ក្រុមជម្រើសជាតិកម្ពុជា គ្មានឈ្មោះ​សម្រាប់ការ​ប្រមូល​ផ្តុំ ត្រៀមការ​ប្រកួត​​ពានរង្វាន់ ASEAN Championship Hyundai Cup 2026​នេះ​ទេ ប៉ុន្តែ​គ្រូ​បង្គោលជប៉ុន លោក Koji Gyotoku បានអះអាង​ថា ​កីឡាករដែលត្រូវ​បាន​ជ្រើស​រើសលើកនេះ គឺ​សមស្រប និងល្អបំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅពេលបច្ចុប្បន្ន។

    តាម​បញ្ជីរាយនាមក្រុមជម្រើសជាតិកម្ពុជា ដែល​ចេញ​ដោយសហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា បានបង្ហាញ​ថា កីឡាករ​ចំនួន​២៤នាក់ ត្រូវបានកោះហៅ សម្រាប់​ការ​ប្រមូល​ផ្តុំ​ក្នុង​ក្រុមជម្រើសជាតិ​លើកនេះ ហើយក្នុង​នោះ​ជាងពាក់កណ្តាល ជាអ្នក​​ធ្លាប់​មាន​ឈ្មោះ​ក្នុង​ក្រុមជម្រើសជាតិ ពេល​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយក្រុមជម្រើសជាតិប៊ូតាន និង​ក្រុមជម្រើសជាតិ​ចិនហុងកុង កាលពី​ដើមខែមិថុនា ឆ្នាំ ២០២៦ ខណៈ​ខ្លះ​ទៀត ជាកីឡាករ​ចំណូល​ថ្មី ទើបមានឱកាសជាប់ជម្រើសជាតិ។

    ប៉ុន្តែ​កីឡាករ ដែល​ធ្លាប់​បង្ហាញ​ខ្លួនក្នុងជម្រើស១១នាក់ដំបូង​​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា រួមមាន​អ្នកចាំទី វីរៈ ដារ៉ា, កែវ សុខសិលា ខ្សែការពារ សារ៉េត គ្រីយ៉ា, ឡេង ណូរ៉ា, ស រតនា ខ្សែបម្រើ មិន រតនៈ, គឹម សុខយុទ្ធ, ញាណ សុស៊ីដាន, ស៊ិន កក្កដា និង​ខ្សែ​ប្រយុទ្ធ នេតូ រ៉ុនដុន  ជា​ដើម គឺគ្មាន​ឈ្មោះ សម្រាប់ការ​ប្រមូល​ផ្តុំ​លើកនេះ​ទេ។ ​

    យ៉ាងណា​ក៏​ដោយ ការខកខាន មិនមែន​ចូលរួម​ជាមួយ​ក្រុមជម្រើសជាតិ​លើកនេះ អាចមកពី​កីឡាករ​សំខាន់ៗ​ទាំងអស់​នោះ ជាប់ភារកិច្ចជាមួយ​​ក្លិប​របស់ពួកគេ ដែល​បាន​នឹងកំពុង​ត្រៀម​ខ្លួន សម្រាប់​ការ​ប្រកួតប្រជែង នៅរដូវ​កាល​ថ្មី ឆ្នាំ ២០២៦-២០២៧។

    ខ្សែ​ប្រយុទ្ធ នេតូ រ៉ុនដុន និង មិន រតនៈ ពេល​ប្រកួតជាមួយ​ក្រុម​ជម្រើសជាតិចិនហុងកុង នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយ​ក្រុមម្ចាស់​ផ្ទះកម្ពុជា បានយក​ឈ្នះ កាលពី​ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦។ រូប​ថត FFC
    ខ្សែ​ប្រយុទ្ធ នេតូ រ៉ុនដុន និង មិន រតនៈ ពេល​ប្រកួតជាមួយ​ក្រុម​ជម្រើសជាតិចិនហុងកុង នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយ​ក្រុមម្ចាស់​ផ្ទះកម្ពុជា បានយក​ឈ្នះ កាលពី​ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦។ រូប​ថត FFC

    លោក Koji Gyotoku គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិកម្ពុជា បានដឹងច្បាស់ពី​ស្ថានភាពនេះ ហើយ​លោក​ថ្លែង​អំណរគុណ​ដល់​គ្រប់ក្លិបទាំងអស់ ដែលបានបង្ហាញការយោគយល់ និងផ្តល់កិច្ចសហការក្នុងការអនុញ្ញាត​ឱ្យកីឡាករចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា លើកនេះ បើ​ទោះបីជាកម្មវិធី ASEAN Championship Hyundai Cup 2026 នេះ ធ្វើឡើងក្រៅពី FIFA International Match Window និងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការត្រៀមក្រុមសម្រាប់រដូវកាលថ្មីរបស់ក្លិបក៏ដោយ។

    ដោយគោរពចំពោះផែនការរៀបចំក្រុមរបស់ក្លិបនីមួយៗ និងបន្ទាប់ពីការពិភាក្សារួមគ្នា មានកីឡាករមួយចំនួនត្រូវបន្តបំពេញភារកិច្ចជាមួយក្លិបរបស់ខ្លួន ដោយ​ត្រូវ​ខកខានឱកាស​លេងឱ្យ​ជម្រើសជាតិ ប៉ុន្តែ​  លោក Koji Gyotoku បានអះអាង​ថា កីឡាករ​ទាំង​​២៤នាក់ ដែល​បានចូលរួម​ជាមួយ​ក្រុមគោព្រៃកម្ពុជា លើកនេះ គឺសមស្រប និង​​ល្អបំផុត​ហើយ។

    តាម​រយៈ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា លោក Koji Gyotoku បាន​បញ្ជាក់​ថា៖ «ចំពោះបញ្ជីកីឡាករដែលត្រូវ​បាន​ជ្រើស​រើសលើកនេះ រួមទាំង​កីឡាករ​ដែល​ទើបតែ​ទទួល​បាន​ឱកាសជាប់​ជាលើកដំបូង គឺ​ជា​ក្រុម​ដែល​យើង​ជឿជាក់ថា សមស្រប និងល្អបំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅពេលបច្ចុប្បន្ន»។

    បញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជា ដែលត្រូវបានកោះដៅ សម្រាប់ការប្រមូលផ្តុំ ត្រៀមការប្រកួត ពានរង្វាន់ ASEAN Championship Hyundai Cup 2026។ រូបថត FFC
    បញ្ជីរាយនាម​កីឡាករជម្រើសជាតិ​កម្ពុជា ដែលត្រូវបានកោះដៅ សម្រាប់ការ​ប្រមូល​ផ្តុំ ត្រៀមការ​ប្រកួត ​​ពានរង្វាន់ ASEAN Championship Hyundai Cup 2026។ រូប​ថត FFC

    សម្រាប់​ការប្រកួតពានរង្វាន់ ASEAN Championship Hyundai Cup 2026​​នេះ ក្រុមជម្រើសជាតិ​កម្ពុជា ឈរនៅពូល​​ A ជាមួយ​ វៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ខណៈពូល B មាន​ ថៃ ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និង​ឡាវ ហើយ​​ការប្រកួត​នឹង​ចាប់​ផ្ដើម​ពីថ្ងៃទី២៤ ខែកក្កដា ដល់​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

    យ៉ាងណាក៏​ដោយ នៅក្នុងដំណើរ​ត្រៀម​ការ​​ប្រកួតពាន​រង្វាន់ ASEAN Championship Hyundai Cup 2026 នេះ ក្រុមគោព្រៃកម្ពុជា នឹងចេញ​ទៅបោះជំរំហ្វឹកហាត់នៅប្រទេសជប៉ុន ហើយលោក Koji Gyotoku បាន​ថ្លែងអំណរគុណដល់​សមាគមបាល់ទាត់ជប៉ុន (JFA) ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងធំធេងក្នុងការរៀបចំការបោះជំរំហ្វឹកហាត់នេះ ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិកម្ពុជា កាន់​តែត្រៀម​ខ្លួនបានល្អ សម្រាប់​ការ​ប្រកួត​ពាននេះ។

    គ្រូ​បង្គោលជនជាតិជប៉ុន លោក Koji Gyotoku បានបញ្ជាក់​ថា៖ «យើងនឹង​រៀបចំ​ការ​ហ្វឹកហាត់ ឱ្យបាន​ល្អ​បំផុត​​ក្នុង​​អំឡុង​ជំរំហ្វឹក​ហាត់​នៅ​ប្រទេស​ជប៉ុន ជាមួយកីឡាករ​ទាំងអស់ ដែល​ត្រូវ​​បាន​ជ្រើសរើស ដើម្បីត្រៀ​មខ្លួន​ឱ្យ​បាន​រួច​រាល់ និង​បង្ហាញ​សមត្ថភាពល្អ​បំផុត​​របស់​​ក្រុម​​ជម្រើសជាតិ​កម្ពុជា ក្នុង​ការ​ប្រកួត Hyundai Cup»៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ក្រុមបាល់ទះនារីកម្ពុជា បានឡើង​ទៅ​វគ្គ​១/២ផ្តាច់​ព្រ័ត្រពាន ​AFF Women’s Cup ជាថ្មី តែ​ឱកាស​របស់​ក្រុមបាល់​ទះ ស្ថិត​ក្នុង​ភាពមិនច្បាស់លាស់

    July 17, 2026

    ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ទាំង​លំបាក ដើម្បី​សាងបាន​កំណត់ត្រាថ្មី នៅ SEA V-Cup

    July 16, 2026

    ធ្លាប់តែជាគូសត្រូវនៅលើ​ទីលាន តែពេលនេះ Cristian និង Nieto បានសម្រេច​ចាប់ដៃ​​គ្នាប្រយុទ្ធ ដើម្បី​ក្លិបថ្មី ​វិសាខា

    July 14, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.