កីឡាករសំខាន់ៗប្រមាណ១០នាក់ ដែលធ្លាប់បង្ហាញសមត្ថភាពលេងបានល្អ ក្នុងជម្រើស១១នាក់ដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា គ្មានឈ្មោះសម្រាប់ការប្រមូលផ្តុំ ត្រៀមការប្រកួតពានរង្វាន់ ASEAN Championship Hyundai Cup 2026នេះទេ ប៉ុន្តែគ្រូបង្គោលជប៉ុន លោក Koji Gyotoku បានអះអាងថា កីឡាករដែលត្រូវបានជ្រើសរើសលើកនេះ គឺសមស្រប និងល្អបំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅពេលបច្ចុប្បន្ន។
តាមបញ្ជីរាយនាមក្រុមជម្រើសជាតិកម្ពុជា ដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញថា កីឡាករចំនួន២៤នាក់ ត្រូវបានកោះហៅ សម្រាប់ការប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិលើកនេះ ហើយក្នុងនោះជាងពាក់កណ្តាល ជាអ្នកធ្លាប់មានឈ្មោះក្នុងក្រុមជម្រើសជាតិ ពេលប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិប៊ូតាន និងក្រុមជម្រើសជាតិចិនហុងកុង កាលពីដើមខែមិថុនា ឆ្នាំ ២០២៦ ខណៈខ្លះទៀត ជាកីឡាករចំណូលថ្មី ទើបមានឱកាសជាប់ជម្រើសជាតិ។
ប៉ុន្តែកីឡាករ ដែលធ្លាប់បង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងឱ្យក្រុមជម្រើសជាតិកម្ពុជា រួមមានអ្នកចាំទី វីរៈ ដារ៉ា, កែវ សុខសិលា ខ្សែការពារ សារ៉េត គ្រីយ៉ា, ឡេង ណូរ៉ា, ស រតនា ខ្សែបម្រើ មិន រតនៈ, គឹម សុខយុទ្ធ, ញាណ សុស៊ីដាន, ស៊ិន កក្កដា និងខ្សែប្រយុទ្ធ នេតូ រ៉ុនដុន ជាដើម គឺគ្មានឈ្មោះ សម្រាប់ការប្រមូលផ្តុំលើកនេះទេ។
យ៉ាងណាក៏ដោយ ការខកខាន មិនមែនចូលរួមជាមួយក្រុមជម្រើសជាតិលើកនេះ អាចមកពីកីឡាករសំខាន់ៗទាំងអស់នោះ ជាប់ភារកិច្ចជាមួយក្លិបរបស់ពួកគេ ដែលបាននឹងកំពុងត្រៀមខ្លួន សម្រាប់ការប្រកួតប្រជែង នៅរដូវកាលថ្មី ឆ្នាំ ២០២៦-២០២៧។

លោក Koji Gyotoku គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បានដឹងច្បាស់ពីស្ថានភាពនេះ ហើយលោកថ្លែងអំណរគុណដល់គ្រប់ក្លិបទាំងអស់ ដែលបានបង្ហាញការយោគយល់ និងផ្តល់កិច្ចសហការក្នុងការអនុញ្ញាតឱ្យកីឡាករចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា លើកនេះ បើទោះបីជាកម្មវិធី ASEAN Championship Hyundai Cup 2026 នេះ ធ្វើឡើងក្រៅពី FIFA International Match Window និងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការត្រៀមក្រុមសម្រាប់រដូវកាលថ្មីរបស់ក្លិបក៏ដោយ។
ដោយគោរពចំពោះផែនការរៀបចំក្រុមរបស់ក្លិបនីមួយៗ និងបន្ទាប់ពីការពិភាក្សារួមគ្នា មានកីឡាករមួយចំនួនត្រូវបន្តបំពេញភារកិច្ចជាមួយក្លិបរបស់ខ្លួន ដោយត្រូវខកខានឱកាសលេងឱ្យជម្រើសជាតិ ប៉ុន្តែ លោក Koji Gyotoku បានអះអាងថា កីឡាករទាំង២៤នាក់ ដែលបានចូលរួមជាមួយក្រុមគោព្រៃកម្ពុជា លើកនេះ គឺសមស្រប និងល្អបំផុតហើយ។
តាមរយៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក Koji Gyotoku បានបញ្ជាក់ថា៖ «ចំពោះបញ្ជីកីឡាករដែលត្រូវបានជ្រើសរើសលើកនេះ រួមទាំងកីឡាករដែលទើបតែទទួលបានឱកាសជាប់ជាលើកដំបូង គឺជាក្រុមដែលយើងជឿជាក់ថា សមស្រប និងល្អបំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅពេលបច្ចុប្បន្ន»។

សម្រាប់ការប្រកួតពានរង្វាន់ ASEAN Championship Hyundai Cup 2026នេះ ក្រុមជម្រើសជាតិកម្ពុជា ឈរនៅពូល A ជាមួយ វៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ខណៈពូល B មាន ថៃ ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ ហើយការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
យ៉ាងណាក៏ដោយ នៅក្នុងដំណើរត្រៀមការប្រកួតពានរង្វាន់ ASEAN Championship Hyundai Cup 2026 នេះ ក្រុមគោព្រៃកម្ពុជា នឹងចេញទៅបោះជំរំហ្វឹកហាត់នៅប្រទេសជប៉ុន ហើយលោក Koji Gyotoku បានថ្លែងអំណរគុណដល់សមាគមបាល់ទាត់ជប៉ុន (JFA) ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងធំធេងក្នុងការរៀបចំការបោះជំរំហ្វឹកហាត់នេះ ធ្វើឱ្យក្រុមជម្រើសជាតិកម្ពុជា កាន់តែត្រៀមខ្លួនបានល្អ សម្រាប់ការប្រកួតពាននេះ។
គ្រូបង្គោលជនជាតិជប៉ុន លោក Koji Gyotoku បានបញ្ជាក់ថា៖ «យើងនឹងរៀបចំការហ្វឹកហាត់ ឱ្យបានល្អបំផុតក្នុងអំឡុងជំរំហ្វឹកហាត់នៅប្រទេសជប៉ុន ជាមួយកីឡាករទាំងអស់ ដែលត្រូវបានជ្រើសរើស ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ និងបង្ហាញសមត្ថភាពល្អបំផុតរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួត Hyundai Cup»៕
