ថ្លែងទៅកាន់អ្នកកាសែត នៅក្នុងឱកាសជំនួបកំពូលអូតង់ ក្នុងរដ្ឋធានីអង់ការ៉ា ព្រឹកថ្ងៃពុធទី៨កក្កដា លោកដូណាល់ ត្រាំ បានបញ្ជាក់ថា សម្រាប់លោកគឺចប់ហើយ លែងមានបទឈប់បាញ់ លែងមានការចរចាអ្វីទៀតហើយជាមួយអ៊ីរ៉ង់។ លោកត្រាំ បន្ថែមថា វាគឺជារឿងមួយខាតពេលឥតប្រយោជន៍ណាស់ ព្រោះពួកមេដឹកនាំអ៊ីរ៉ង់សុទ្ធតែជាពួកកុហកបោកប្រាស់ ពោរពេញដោយល្បិច ជាពួកឆ្កួតកើតរោគចិត្ត។
សូមបញ្ជាក់ថា សម្ដីដ៏គ្រោតគ្រាតរបស់លោកដូណាល់ ត្រាំ នេះ គឺជាប្រតិកម្មទៅនឹងស្ថានការណ៍នៅតំបន់ឈូងសមុទ្រពែក្ស ដែលមានការផ្ទុះអាវុធវាយប្រហារគ្នាសាជាថ្មី រវាងអាមេរិកនិងអ៊ីរ៉ង់។ កាលពីថ្ងៃអង្គារ អង្គការUKMTO ទទួលបន្ទុកសន្តិសុខផ្លូវសមុទ្រ បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាននាវាដឹកប្រេងចំនួន៣គ្រឿង រងគ្រោះដោយការវាយប្រហារដោយគ្រាប់ មិនស្គាល់ប្រភព។ តែបើផ្អែកតាម អាជ្ញាធរកាតា និងអារ៉ាប៊ីសាអូឌីត បានអះអាងថា នាវា២ក្នុងចំណោមទាំង៣គឺត្រូវអ៊ីរ៉ង់វាយប្រហារ។
ក្រោយដំណឹងនេះ នៅយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធ កងទ័ពអាមេរិកបានបើកប្រតិបត្តិការភ្លាម វាយប្រហារទៅលើទីតាំងយោធាអ៊ីរ៉ង់ ចំនួនជាង៨០គោលដៅ ក្នុងនោះមានទីតាំងបាញ់មីស៊ីល ប្រព័ន្ធការពារផ្លូវអាកាស និងប្រព័ន្ធរ៉ាដាសមុទ្រជាដើម។ បន្ថែមពីនេះ រដ្ឋបាលលោកដូណាល់ ត្រាំ ក៏បានសម្រេចព្យួរលែងអនុវត្ត នូវការលើកលែងទណ្ឌកម្មនាំចេញប្រេងរបស់អ៊ីរ៉ង់។ អាមេរិកបានអះអាងថា អ៊ីរ៉ង់បានរំលោភបំពានបទឈប់បាញ់ ដែលបានកំណត់ឲ្យបើកចរាចរណ៍ច្រកសមុទ្រអកមូហ្សដោយសុវត្ថិភាព។
ការវាយប្រហាររបស់អាមេរិក និងការសម្រេចដាក់ទណ្ឌកម្មរាំងខ្ទប់ការនាំចេញប្រេងមកវិញនេះ បានធ្វើឲ្យអ៊ីរ៉ង់ខឹងច្រឡោតឡើង ហើយបានឆ្លើយតបវិញ តាមរយៈការវាយប្រហារបាញ់ប្លោងគ្រាប់មីស៊ីល និងដ្រូន ទៅកាន់មូលដ្ឋានទ័ពអាមេរិក ប្រចាំនៅបារ៉ែននិងនៅកូវ៉ែត។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសថា គ្រប់ទីកន្លែងទាំងអស់នៅតំបន់មជ្ឈិមបូព៌ា ដែលកងទ័ពអាមេរិកប្រើប្រាស់ដើម្បីបើកប្រតិបតិ្តវាយប្រហារមកលើអ៊ីរ៉ង់ គឺសុទ្ធតែជាផ្ទាំងស៊ីបដ៏ស្របច្បាប់នៃការវាយប្រហារសងសឹករបស់អ៊ីរ៉ង់។
គួរកត់សំគាល់ថា ស្ថានការណ៍វិវឌ្ឍន៍ផ្ទុះអាវុធសាជាថ្មីនេះ បានឆ្លុះបញ្ចាំងឲ្យឃើញនូវភាពផុយស្រួយនៃការកិច្ចព្រមព្រៀងបឋម ក៏ដូចជាបទឈប់បាញ់រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក។ កត្តាសុវត្ថិភាពនៃចរាចរណ៍នាវា នៅច្រកសមុទ្រអកមូហ្ស នៅតែជាការព្រួយបារម្ភដ៏ធំ។ នៅព្រឹកថ្ងៃពុធនេះ តម្លែប្រេងឆៅបានស្ទុះហក់ឡើង ជាង៦%មួយរំពេច មួយធុងបារីល ឡើងដល់ ជាង៧៨ដុល្លារ។ បន្ទាប់ពីស្តាប់ សម្តីលើកឡើងរបស់ លោកដូណាល់ ត្រាំ ដែលថាអាមេរិកឈប់ចរចាជាមួយអ៊ីរ៉ង់ ព្រោះអ៊ីរ៉ង់មានល្បិចថោកទាប អ្នកវិភាគជាច្រើនកំពុងចោទសួរ ថាតើអ្វីទៅ ជាយុទ្ធសាស្ត្រតទៅមុខទៀតរបស់លោកដូណាល់ ត្រាំ ដើម្បីដោះស្រាយបញ្ហានេះ? តើច្រកសមុទ្រអកមូហ្ស ផ្លូវចរាចរណ៍ដឹកប្រេងនិងឧស្ម័នដ៏សំខាន់មួយរបស់ពិភពលោក នឹងក្លាយជាចំណាប់ខ្មាំងរបស់អ៊ីរ៉ង់តរៀងរហូតទៅឬ?
