Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»រីករាយ «រុក្ខទិវា» សាធារណជនអាចទៅទទួលយកកូនឈើចម្រុះរហូតដល់ទៅ ៥លានដើមដោយឥតគិតថ្លៃចាប់ពីថ្ងៃសុក្រស្អែក
    ព័ត៌មានជាតិ

    រីករាយ «រុក្ខទិវា» សាធារណជនអាចទៅទទួលយកកូនឈើចម្រុះរហូតដល់ទៅ ៥លានដើមដោយឥតគិតថ្លៃចាប់ពីថ្ងៃសុក្រស្អែក

    ngochecktayBy ngochecktayJuly 9, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញៈ នៅក្នុងឱកាស «រុក្ខទិវា» នាថ្ងៃទី៩ ខែកក្កដានេះ ក្រសួងបរិស្ថានបានត្រៀមខ្លួនជាស្រេចក្នុងការចែកកូនឈើចម្រុះរហូតដល់ ៥លានដើមក្នុងរយៈពេលបីថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃសុក្រស្អែកនេះ ខណៈដែលអង្គការអភិរក្សជាដៃគូបានលើកឡើងពីសារៈសំខាន់នៃដើម និងព្រៃឈើសម្រាប់មនុស្ស សត្វ និងប្រព័ន្ធជីវៈចម្រុះ។

    ក្រសួងបរិស្ថានបានប្រកាសថា​ កូនឈើចម្រុះជាច្រើនប្រភេទ ដែលដឹកជញ្ជូនមកពីបណ្តាខេត្ត និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ បានមកដល់ជាបន្តបន្ទាប់ហើយ ដើម្បីត្រៀមរៀបចំក្នុងពិព័រណ៍ និងចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដានេះ។
     
    ក្រសួងបរិស្ថាន បានរៀបចំពិព័រណ៍និងផ្សព្វផ្សាយ ក្រោមប្រធានបទ «ពន្លកបៃតង» ឆ្នាំ២០២៦ ដោយចែកជូនកូនឈើចម្រុះប្រមាណ ៥លានដើម ដោយឥតគិតថ្លៃដល់សាធារណជន ដើម្បីពង្រីកគម្របបៃតង ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល បង្កើតទ្រព្យសម្បត្តិធម្មជាតិ និងខែលការពារបរិស្ថានដ៏មានតម្លៃបំផុតសម្រាប់ម្លប់នែការរស់នៅប្រកបដោយចីរភាពរបស់កូនចៅយើងជំនាន់ក្រោយ។

    ក្រសួងបរិស្ថាននៅក្នុងឆ្នាំ​២០២៦ បានបណ្តុះកូនឈើបានជាង៥,៣លានដើម នៅតាមថ្នាលបណ្តុះកូនឈើរបស់មន្ទីរបរិស្ថានរាជធានី-ខេត្ត ទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ រួមមាននៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគិរី និងកោះកុង។ តាមផែនការដែលបានគ្រោងទុក ក្រសួងបរិស្ថានគ្រោងចែកកូនឈើចំនួន ៥លានដើម រួមមានកូនត្នោត ១,៥លានដើម ឈើប្រណីត ឈើហូបផ្លែ និងឈើលម្អ)នៅឆ្នាំ២០២៦។

    នៅក្នុងឱកាស «រុក្ខទិវា» នេះ សហគមន៍ អាជ្ញាធរមូលដ្ឋាន និងអង្គការ WWF-កម្ពុជា បានរួមគ្នាប្រារព្ធទិវាដ៏មានសារៈសំខាន់នេះនៅខេត្តក្រចេះ ដើម្បីបង្កើនការយល់ដឹងថា «រាល់ដើមឈើដែលយើងដាំថ្ងៃនេះ គឺជាការបណ្ដុះក្តីសង្ឃឹម និងការប្តេជ្ញាចិត្តសម្រាប់អនាគតរបស់មនុស្ស និងធម្មជាតិ»។

    អង្គការបានលើកឡើងថា ដើមឈើមួយដើមអាចមើលទៅតូច ប៉ុន្តែនៅពេលរួមគ្នាដាំរាប់ពាន់ដើម វាអាចជួយស្តារព្រៃឈើ ការពារជម្រកសត្វព្រៃ អភិរក្សប្រភពទឹក និងពង្រឹងភាពធន់របស់ប្រព័ន្ធអេកូឡូស៊ីចំពោះការប្រែប្រួលអាកាសធាតុ។ ការស្តារព្រៃឈើ មិនមែនគ្រាន់តែជាការដាំដើមឈើប៉ុណ្ណោះទេ ប៉ុន្តែជាការស្តារតុល្យភាពរវាងមនុស្ស និងធម្មជាតិ ដើម្បីឱ្យព្រៃឈើបន្តផ្តល់ទឹកស្អាត ខ្យល់បរិសុទ្ធ ស្បៀងអាហារ និងជីវភាពប្រកបដោយចីរភាពសម្រាប់សហគមន៍។

    អង្គការបានអំពាវនាវថា ក្នុងទិវារុក្ខទិវានេះ សូមចូលរួមទាំងអស់គ្នា ដើម្បីជាផ្នែកមួយនៃដំណោះស្រាយ ដោយនាំគ្នាដាំដើមឈើ ការពារព្រៃឈើ និងជំរុញអ្នកដទៃឱ្យរួមគ្នាថែរក្សាធម្មជាតិ ដើម្បីអនាគតដ៏បៃតងសម្រាប់កម្ពុជា។

    ដោយឡែក អង្គការ WCS កម្ពុជា ក៏បានលើកយកពីគុណតម្លៃរបស់ដើមឈើ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងធម្មជាតិ គាំទ្រជីវភាពសហគមន៍មូលដ្ឋាន និងរួមចំណែកដោះស្រាយការប្រែប្រួលអាកាសធាតុផងដែរ។

    អង្គការWCS កម្ពុជា ក្រោមការគាំទ្រពីគម្រោងរេដបូកកែវសីមា (Keo Seima REDD+) បាននឹងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការស្តារព្រៃឈើឡើងវិញ ស្របតាមយុទ្ធសាស្ត្រចក្រា ឆ្នាំ២០២៣–២០២៨ របស់ក្រសួងបរិស្ថាន។ ការគាំទ្រនេះផ្តោតលើការអភិវឌ្ឍថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នៅភូមិភាគឦសាននៃប្រទេសកម្ពុជា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធថ្នាល ដើម្បីបណ្តុះកូនឈើដែលមានគុណភាព ស្របទៅតាមបរិយាកាស និងសណ្ឋានដីប្រទេសកម្ពុជា។  ក្នុងនោះគម្រោងបានគាំទ្រដល់ប្រព័ន្ធស្រោចស្រព និងការសាងសង់ខ្លោងទ្វារថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នៅស្នាក់ការកណ្តាលនៃដែនជម្រកសត្វព្រៃកែវសីមា ។

    ក្នុងឆ្នាំ២០២៦ នេះ គម្រោងរេដបូកកែវសីមាបានគាំទ្រការបណ្តុះកូនឈើជាច្រើនប្រភេទ ដែលមានសរុ​បចំនួន ១១ម៉ឺនដើម រួមមាន៖ បេង កកោះ ធ្នង់ ស្រល់ និងគគីរជាដើម។ កូនឈើទាំងនេះនឹងត្រូវយកទៅគាំទ្រការងារដាំស្តារព្រៃឈើឡើងវិញនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដើម្បីស្តារគម្របព្រៃឈើ និងពង្រឹងភាពធន់នឹងអាកាសធាតុ។ សម្រាប់ឆ្នាំ២០២៧ គម្រោងមានគោលដៅបណ្តុះកូនឈើចំនួន ១៥ម៉ឺនដើមបន្ថែមទៀត ដើម្បីបង្កើនភាពចម្រុះនៃប្រព័ន្ធអេកូឡូស៊ី និងផ្តល់អត្ថប្រយោជន៍បន្ថែមដល់សហគមន៍មូលដ្ឋាន និង ភពផែនដីទាំងមូល។

    បន្ថែមពីនេះគម្រោងបានគាំទ្រដល់យុទ្ធនាការ «ពន្លកបៃតង» ដែលនឹងប្រព្រឹត្តទៅនៅក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុននេះ ដោយមានចែកជូនកូនឈើជាច្រើនប្រភេទដោយឥតគិតថ្លៃ។ ក្នុងនោះមានដូចជា៖ ក្រញូង បេង ធ្នង់ កកោះ ត្របែកព្រៃ ស្រល់ និងដើមត្នោត ដើម្បីចែកជូនសាធារណៈជនយកទៅដាំតាមទីតាំងនានា ក្នុងគោលដៅលើកកម្ពស់ការបណ្តុះពន្លកបៃតង និងចូលរួមអបអរសាទរពិធីរុក្ខទិវា៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.