ភ្នំពេញៈ នៅក្នុងឱកាស «រុក្ខទិវា» នាថ្ងៃទី៩ ខែកក្កដានេះ ក្រសួងបរិស្ថានបានត្រៀមខ្លួនជាស្រេចក្នុងការចែកកូនឈើចម្រុះរហូតដល់ ៥លានដើមក្នុងរយៈពេលបីថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃសុក្រស្អែកនេះ ខណៈដែលអង្គការអភិរក្សជាដៃគូបានលើកឡើងពីសារៈសំខាន់នៃដើម និងព្រៃឈើសម្រាប់មនុស្ស សត្វ និងប្រព័ន្ធជីវៈចម្រុះ។
ក្រសួងបរិស្ថានបានប្រកាសថា កូនឈើចម្រុះជាច្រើនប្រភេទ ដែលដឹកជញ្ជូនមកពីបណ្តាខេត្ត និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ បានមកដល់ជាបន្តបន្ទាប់ហើយ ដើម្បីត្រៀមរៀបចំក្នុងពិព័រណ៍ និងចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដានេះ។
ក្រសួងបរិស្ថាន បានរៀបចំពិព័រណ៍និងផ្សព្វផ្សាយ ក្រោមប្រធានបទ «ពន្លកបៃតង» ឆ្នាំ២០២៦ ដោយចែកជូនកូនឈើចម្រុះប្រមាណ ៥លានដើម ដោយឥតគិតថ្លៃដល់សាធារណជន ដើម្បីពង្រីកគម្របបៃតង ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល បង្កើតទ្រព្យសម្បត្តិធម្មជាតិ និងខែលការពារបរិស្ថានដ៏មានតម្លៃបំផុតសម្រាប់ម្លប់នែការរស់នៅប្រកបដោយចីរភាពរបស់កូនចៅយើងជំនាន់ក្រោយ។

ក្រសួងបរិស្ថាននៅក្នុងឆ្នាំ២០២៦ បានបណ្តុះកូនឈើបានជាង៥,៣លានដើម នៅតាមថ្នាលបណ្តុះកូនឈើរបស់មន្ទីរបរិស្ថានរាជធានី-ខេត្ត ទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ រួមមាននៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគិរី និងកោះកុង។ តាមផែនការដែលបានគ្រោងទុក ក្រសួងបរិស្ថានគ្រោងចែកកូនឈើចំនួន ៥លានដើម រួមមានកូនត្នោត ១,៥លានដើម ឈើប្រណីត ឈើហូបផ្លែ និងឈើលម្អ)នៅឆ្នាំ២០២៦។
នៅក្នុងឱកាស «រុក្ខទិវា» នេះ សហគមន៍ អាជ្ញាធរមូលដ្ឋាន និងអង្គការ WWF-កម្ពុជា បានរួមគ្នាប្រារព្ធទិវាដ៏មានសារៈសំខាន់នេះនៅខេត្តក្រចេះ ដើម្បីបង្កើនការយល់ដឹងថា «រាល់ដើមឈើដែលយើងដាំថ្ងៃនេះ គឺជាការបណ្ដុះក្តីសង្ឃឹម និងការប្តេជ្ញាចិត្តសម្រាប់អនាគតរបស់មនុស្ស និងធម្មជាតិ»។
អង្គការបានលើកឡើងថា ដើមឈើមួយដើមអាចមើលទៅតូច ប៉ុន្តែនៅពេលរួមគ្នាដាំរាប់ពាន់ដើម វាអាចជួយស្តារព្រៃឈើ ការពារជម្រកសត្វព្រៃ អភិរក្សប្រភពទឹក និងពង្រឹងភាពធន់របស់ប្រព័ន្ធអេកូឡូស៊ីចំពោះការប្រែប្រួលអាកាសធាតុ។ ការស្តារព្រៃឈើ មិនមែនគ្រាន់តែជាការដាំដើមឈើប៉ុណ្ណោះទេ ប៉ុន្តែជាការស្តារតុល្យភាពរវាងមនុស្ស និងធម្មជាតិ ដើម្បីឱ្យព្រៃឈើបន្តផ្តល់ទឹកស្អាត ខ្យល់បរិសុទ្ធ ស្បៀងអាហារ និងជីវភាពប្រកបដោយចីរភាពសម្រាប់សហគមន៍។
អង្គការបានអំពាវនាវថា ក្នុងទិវារុក្ខទិវានេះ សូមចូលរួមទាំងអស់គ្នា ដើម្បីជាផ្នែកមួយនៃដំណោះស្រាយ ដោយនាំគ្នាដាំដើមឈើ ការពារព្រៃឈើ និងជំរុញអ្នកដទៃឱ្យរួមគ្នាថែរក្សាធម្មជាតិ ដើម្បីអនាគតដ៏បៃតងសម្រាប់កម្ពុជា។
ដោយឡែក អង្គការ WCS កម្ពុជា ក៏បានលើកយកពីគុណតម្លៃរបស់ដើមឈើ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងធម្មជាតិ គាំទ្រជីវភាពសហគមន៍មូលដ្ឋាន និងរួមចំណែកដោះស្រាយការប្រែប្រួលអាកាសធាតុផងដែរ។
អង្គការWCS កម្ពុជា ក្រោមការគាំទ្រពីគម្រោងរេដបូកកែវសីមា (Keo Seima REDD+) បាននឹងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការស្តារព្រៃឈើឡើងវិញ ស្របតាមយុទ្ធសាស្ត្រចក្រា ឆ្នាំ២០២៣–២០២៨ របស់ក្រសួងបរិស្ថាន។ ការគាំទ្រនេះផ្តោតលើការអភិវឌ្ឍថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នៅភូមិភាគឦសាននៃប្រទេសកម្ពុជា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធថ្នាល ដើម្បីបណ្តុះកូនឈើដែលមានគុណភាព ស្របទៅតាមបរិយាកាស និងសណ្ឋានដីប្រទេសកម្ពុជា។ ក្នុងនោះគម្រោងបានគាំទ្រដល់ប្រព័ន្ធស្រោចស្រព និងការសាងសង់ខ្លោងទ្វារថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នៅស្នាក់ការកណ្តាលនៃដែនជម្រកសត្វព្រៃកែវសីមា ។

ក្នុងឆ្នាំ២០២៦ នេះ គម្រោងរេដបូកកែវសីមាបានគាំទ្រការបណ្តុះកូនឈើជាច្រើនប្រភេទ ដែលមានសរុបចំនួន ១១ម៉ឺនដើម រួមមាន៖ បេង កកោះ ធ្នង់ ស្រល់ និងគគីរជាដើម។ កូនឈើទាំងនេះនឹងត្រូវយកទៅគាំទ្រការងារដាំស្តារព្រៃឈើឡើងវិញនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដើម្បីស្តារគម្របព្រៃឈើ និងពង្រឹងភាពធន់នឹងអាកាសធាតុ។ សម្រាប់ឆ្នាំ២០២៧ គម្រោងមានគោលដៅបណ្តុះកូនឈើចំនួន ១៥ម៉ឺនដើមបន្ថែមទៀត ដើម្បីបង្កើនភាពចម្រុះនៃប្រព័ន្ធអេកូឡូស៊ី និងផ្តល់អត្ថប្រយោជន៍បន្ថែមដល់សហគមន៍មូលដ្ឋាន និង ភពផែនដីទាំងមូល។
បន្ថែមពីនេះគម្រោងបានគាំទ្រដល់យុទ្ធនាការ «ពន្លកបៃតង» ដែលនឹងប្រព្រឹត្តទៅនៅក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុននេះ ដោយមានចែកជូនកូនឈើជាច្រើនប្រភេទដោយឥតគិតថ្លៃ។ ក្នុងនោះមានដូចជា៖ ក្រញូង បេង ធ្នង់ កកោះ ត្របែកព្រៃ ស្រល់ និងដើមត្នោត ដើម្បីចែកជូនសាធារណៈជនយកទៅដាំតាមទីតាំងនានា ក្នុងគោលដៅលើកកម្ពស់ការបណ្តុះពន្លកបៃតង និងចូលរួមអបអរសាទរពិធីរុក្ខទិវា៕

