ប្រធានាធិបតីតួកគី បានធ្វើអំណោយអនុស្សាវរីយ៍ ជាកាំភ្លើងខ្លីនិងគ្រាប់ពិត ទៅដល់បណ្តាមេដឹកនាំប្រទេសសមាជិកអូតង់ និងសហភាពអឺរ៉ុប។ អំណោយកាំភ្លើងខ្លី Revolver (រេវុលវែរ) មួយដើមនេះ បានធ្វើឲ្យគេភ្ញាក់ផ្អើល និងជជីកចោទសួរអំពីគោលបំណងពិតប្រាកដរបស់ប្រមុខរដ្ឋតួកគី ថាតើលោកមានចេតនាអ្វីនៅពីក្រោយ«អំណោយក្តៅក្រហាយ» យ៉ាងដូច្នេះ?
ប្រធានាធិបតីតួកគី លោក រេសេប តាយីប អ៊ែរដូហ្កាន ម្ចាស់ផ្ទះរៀបចំជំនួបកំពូលអង្គការយោធាអូតង់ បានជូនអំណោយជាកាំភ្លើងខ្លី ទៅកាន់បណ្តាមេដឹកនាំនិងឥស្សរជនធំៗ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ ថ្ងៃទី៧-៨ កក្កដា នៅរដ្ឋធានីអង់ការ៉ា។ មន្ត្រីខុទ្ទកាល័យប្រធានាធិបតីលីទុយអានី បានបញ្ចេញរូបភាពវីដេអូ ដែលបង្ហាញអំណោយនោះ ថាមាន Revolver មួយដើម និងគ្រាប់ពិត ៦ គ្រាប់ រួមទាំងឯកសារបញ្ជាក់កម្មសិទ្ធ ១ច្បាប់។
ដោយសម្តែងការភ្ញាក់ផ្អើល នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តារមឺ យល់ថា នេះមិនមែនជាអំណោយធម្មតា និងបានលើកបញ្ហានេះ មកនិយាយមុនគេ។ មានសំណួរប្លែកៗ ចោទសួរឡើង តួយ៉ាង តើគេត្រូវតែយកអំណោយនេះដាក់តាមខ្លួន? ឬបញ្ជូនឲ្យម្ចាស់ដើមវិញ? ឬក៏ ត្រូវប្រគល់វាឲ្យសារមន្ទីរណាមួយ?
អំណោយសម្រាប់ប្រធានាធិបតីប៉ូឡូញបានបញ្ជូនទៅដល់ហើយ។ រីឯ នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Bart De Wever ទើបតែដឹងថា អំណោយនោះ ជាកាំភ្លើង នៅពេលដែលលោក បានធ្វើដំណើរទៅដល់ប្រទេសខ្លួន។ ប្រមុខរដ្ឋាភិបាលបែលហ្ស៊ិកបានសម្រេចប្រគល់វាទៅឲ្យភ្នាក់ងារនគរបាល នៅព្រលានយន្តហោះ។
នៅថ្ងៃព្រហស្បតិ៍ ទី៩កក្កដា មេដឹកនាំអង់គ្លេស និងអាល្លឺម៉ង់ មិនទាន់យក « អំណោយក្តៅក្រហាយ »នេះ ចេញពីទឹកដីតួកគី នៅឡើយទេ។ មេដឹកនាំមួយចំនួនផ្សេងទៀត ក៏ធ្វើដូចគ្នា ។
ក្រៅពីបណ្តាមេដឹកនាំនៃរដ្ឋសមាជិកអូតង់ ឥស្សរជនជាន់ខ្ពស់នៃស្ថាប័នផ្សេងៗដែលជាភ្ញៀវកិត្តិយស ក៏ទទួលកាដូកាំភ្លើងខ្លីដែរ។ ជាក់ស្តែង ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន និង ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អង់តូនីញ៉ូ កូស្តា ក៏បាន Revolver មួយដើម និងគ្រាប់ពិត ៦ គ្រាប់ ដូចគេដូចឯង។ ក្នុងពេលភ្លាមៗ ក្រៅពីអរគុណចំពោះសមានចិត្តមេដឹកនាំតួកគី លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន គ្រោងនឹងប្រគល់អំណោយសព្វាវុធនេះ ជូនទៅសារមន្ទីរយោធា ណាមួយ។ នេះបើតាមមន្ត្រីសន្តិសុខនិងពិធីការរបស់គណៈកម្មការអឺរ៉ុប។
ពេលនេះដែរ សំណួរជាច្រើនបានផុសឡើង។ ក្នុងបរិបទដែលអង្គការអូតង់ប្រជុំធំ ដោយឧទ្ទិសចំពោះសំណុំរឿងសង្គ្រាមអ៊ុយក្រែន សង្គ្រាមអ៊ីរ៉ង់ និងទំនាក់ទំនងរប៉ាក់រប៉ើកជាមួយសហរដ្ឋអាមេរិក ហេតុអ្វីម្ចាស់ផ្ទះតួកគីសម្រេចធ្វើអំណោយជាអាវុធសម្លាប់មនុស្សយ៉ាងដូច្នេះ? តើ លោក អ៊ែរដូហ្កាន មានចេតនាអ្វីនៅពីក្រោយអំណោយដ៏គួរឲ្យទើសទាល់មួយនេះ?
បណ្តាអ្នកសារព័ត៌មានអន្តរជាតិ បានទទូចរកការពន្យល់បំភ្លឺពីសំណាក់មេដឹកនាំតួកគី តែក្រុមការងារប្រធានាធិបតី អ៊ែរដូហ្កាន មិនបញ្ចេញប្រតិកម្មអ្វីទេ នារសៀលថ្ងៃទី៩កក្កដា។ តែបើតាមទីភ្នាក់ងារព័ត៌មានReuters គឺ លោក អ៊ែរដូហ្កាន ចង់អួតអំពីឧស្សាហកម្មយោធារបស់តួកគី ដែលកំពុងដើរតួនាទីសំខាន់១ ក្នុងចំណោមប្រទេសនាំចេញអាវុធ នៅលើពិភពលោក៕
