លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញការអនុវត្តគម្រោង
«លើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ ហៅកាត់ថា EMPOWER» ដើម្បីជួយលើកកម្ពស់ជីវភាពដល់គ្រួសារក្រីក្រចំនួន ២៦០០០ គ្រួសារ ស្ថិតនៅក្នុងខេត្តគោលដៅចំនួន១៦ ក្នុងការបង្កើនលទ្ធភាពរកប្រាក់ចំណូល និងពង្រឹងសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែរឹងមាំ។
ការជំរុញនេះ ត្រូវបានធ្វើឡើង នៅពេលលោក ឌិត ទីណា ចូលរួមជាអធិបតីភាពក្នុងពិធីសិក្ខាសាលាបើកដំណើរការគម្រោង «លើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់» ដែលរៀបចំនៅទីស្តីការក្រសួងកសិកម្ម កាលពីព្រឹកថ្ងៃទី ១០ ខែកក្កដានេះ។
នៅក្នុងអង្គពិធីនោះ លោក ឌិត ទីណា បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ «ត្រូវរួមគ្នាចាត់ចែងធនធាន និងមធ្យោបាយអនុវត្តការងារប្រកបដោយភាពបុរេសកម្ម» នៅក្នុងអនុវត្តគម្រោង EMPOWER នេះ។
លោកបានសង្កត់ធ្ងន់ ដោយជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវយល់ដឹងឱ្យបានច្បាស់លាស់ពីគោលដៅគម្រោង និងការជួយរៀបចំផែនការអាជីវកម្មជូនកសិករ ដើម្បីធានាថា «ការអនុវត្តជាក់ស្តែងមានភាពរហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងការបង្កើនប្រាក់ចំណូលប្រកបដោយនិរន្តរភាពសេដ្ឋកិច្ច»។
ក្រសួងកសិកម្ម បានឱ្យដឹងថា គម្រោង EMPOWER ជាកិច្ចអន្តរាគមន៍គ្រប់ជ្រុងជ្រោយមួយ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងឆ្លើយតបនឹងស្ថានភាពពហុវិបត្តិ តាមរយៈការបង្កើតមុខរបរ ធានាលំនឹងជីវភាព និងពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និងសង្គម។ គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ៦ខែ ចាប់ពីខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយគ្របដណ្តប់លើក្រុង/ស្រុកចំនួន ២៥ ក្នុងខេត្តគោលដៅសរុបចំនួន ១៦។
ក្រសួងបានបញ្ជាក់ថា តាមរយៈគម្រោង EMPOWER នេះ គ្រួសារក្រីក្រកម្រិត១ និងកម្រិត២ សរុបចំនួន ២៦០០០គ្រួសារ នឹងទទួលបានការគាំទ្រលើមុខរបរកសិកម្មជាក់ស្តែង រួមមាន ការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ ការចិញ្ចឹមមាន់ស្រែ ចង្រិត ឃ្មុំ និងការបណ្តុះផ្សិត ដើម្បីបង្កើនលទ្ធភាពរកប្រាក់ចំណូល និងពង្រឹងសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែរឹងមាំ៕
