នៅថ្ងៃសៅរ៍ទី១១កក្កដានេះ ប្រមុខដឹកនាំកំពូលអ៊ីរ៉ង់ ម៉ូតាបា ខាមេណី បានអះអាងថា មិនអាចចៀសមិនសងសឹក ឱ្យឪពុកជាអតីតអាយ៉ាតូឡាដែលបានស្លាប់ដោយការបាញ់ប្លោងរបស់អាមេរិកនិងអ៊ីស្រាអែល ក្នុងថ្ងៃទីមួយនៃសង្គ្រាមនៅអ៊ីរ៉ង់ បានទេ។ អគ្គមគ្គុទេសក៍អ៊ីរ៉ង់ បញ្ជាក់ជំហរសងសឹក ដោយច្បាស់ៗ ចំពេលដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ស្រែកគំរាមថានឹងកម្ទេចអ៊ីរ៉ង់ទាំងស្រុង ប្រសិនបើអ៊ីរ៉ង់ប៉ុនប៉ងធ្វើឃាតលោក។
ពិធីបញ្ចុះសពអតីតអគ្គមគ្គុទេសក៍អ៊ីរ៉ង់ អាលី ខាមីណីចប់ភ្លាម ភាពតានតឹងបានប៉ោងឡើងយ៉ាងខ្លាំង។ អាយ៉ាតូឡាថ្មីរបស់អ៊ីរ៉ង់ មិនទាន់ដែលបង្ហាញមុខទេ ប៉ុន្តែបានប្រកាសផ្តាច់ជីវិតឧក្រិដ្ឋជន ដើម្បីសងសឹក ជូនឪពុកដែលស្លាប់ក្នុងការវាយប្រហាររបស់អាមេរិក នៅថ្ងៃដំបូងនៃសង្គ្រាម និងទ័ពអ៊ីរ៉ង់ទាំងឡាយដែលបានស្លាប់ក្នុងសង្គ្រាម។ “ការសងសឹកជាឆន្ទៈរបស់ជាតិអ៊ីរ៉ង់ ដែលត្រូវតែធ្វើ ដោយចៀសមិនបាន” នេះជាសាររបស់អគ្គមគ្គុទេសក៍ថ្មីរបស់អ៊ីរ៉ង់ លោក ម៉ូតាបា ខាមេណី ចុះថ្ងៃសុក្រទី១០កក្កដា តែទើបផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសៅរ៍ទី១១កក្កដានេះ។ បើតាមសារដដែល ឧក្រិដ្ឋជនដែលមានឈ្មោះក្នុងបញ្ជីស្រេចហើយ នឹងត្រូវស្លាប់។
គឺនៅថ្ងៃសុក្រនេះតែម្តង ដែលសង្គ្រាមពាក្យសំដីរវាងអាមេរិកនិងអ៊ីរ៉ង់ បានលាន់ឮខ្លាំង ជំនួសសង្គ្រាមផ្ទុះដាក់អាវុធដាក់គ្នាអស់ពីរថ្ងៃ។ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានស្រែកចោទប្រកាន់អ៊ីរ៉ង់ថាប៉ុនប៉ងធ្វើឃាតលើរូបលោក និងដំឡើងសំឡេងគំរាមជាថ្មី ថានឹងកម្ទេចអ៊ីរ៉ង់ឱ្យហ្មត់។ “បញ្ជាបានដាក់ចេញទៅហើយ ហើយយោធាអាមេរិកក៏បានត្រៀមខ្លួនជាស្រេច ចាំអនុវត្តនិងមានសមត្ថភាពធ្វើប្រតិបត្តិការរយៈពេលមួយឆ្នាំ ឬយូរបន្ថែមទៀត ក្នុងការកម្ទេចនិងបំផ្លាញទាំងស្រុង គ្រប់តំបន់នៅអ៊ីរ៉ង់”។ នេះជាសំណេររបស់លោកដូណាល់ត្រាំ នៅលើបណ្តាញសង្គម Truth Social ដោយបន្ថែមថា មីស៊ីល ១០០០ដើម បានដាក់តម្រង់ទិស និងចាំតែចុចបាញ់ដៅលើអ៊ីរ៉ង់តែប៉ុណ្ណោះ ហើយអាមេរិកនៅមានមីស៊ីលជាច្រើនពាន់គ្រាប់ទៀត សម្រាប់ប្រើបើចាំបាច់។
ទន្ទឹមនឹងការគំរាមវាយកម្ទេចអ៊ីរ៉ង់ ព្រោះចាត់ទុកថាពិធីសារព្រមព្រៀងឈប់បាញ់ ថ្ងៃទី១៧មិថុនា អស់សុពលភាពលែងមានអ្នកគោរព អាមេរិកបានត្រលប់មកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រេងអ៊ីរ៉ង់វិញ និងបានដាក់ឱសានវាទត្រឹមថ្ងៃសៅរ៍ឱ្យអ៊ីរ៉ង់ប្តេជ្ញាជាសាធារណៈឈប់វាយប្រហារនាវានានានៅច្រកសមុទ្ទអកមូហ្ស។
ប៉ុន្តែលោកដូណាល់ត្រាំ មិនបិទផ្លូវចរចាទាំងស្រុងដែរ។ លោកបានប្រកាសយល់ព្រមបន្តការចរចាជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាម។ ប្រតិភូអាមេរិក និងអ៊ីរ៉ង់កំពុងជួបគ្នានៅប្រទេសកាតា ដើម្បីស្តារកិច្ចចរចាឡើងវិញ។ ប្រមុខដឹកនាំការចរចាអ៊ីរ៉ង់ បានព្រមានថា សង្គ្រាមគ្មានថ្ងៃបិទបញ្ចប់ ដោយការសុំចុះចាញ់របស់អ៊ីរ៉ងទេ៕
