នៅថ្ងៃសៅរ៍ទី១១កក្កដានេះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានបញ្ចប់ដំណើរទស្សនកិច្ចមួយជុំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសនូវែលហ្សេឡង់។ អញ្ជើញទៅដល់នូវែលហ្សេឡង់ជាលើកទីមួយ លោកម៉ូឌី បានប្រកាសចាត់ទុកនូវែលហ្សេឡង់ ជាដៃគូយុទ្ធសាស្ត្រ។ មុននេះមួយថ្ងៃ ក្នុងទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ប្រមុខរដ្ឋាភិបាលឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រួលការនាំចេញសារធាតុអ៊ុយរ៉ានីញ៉ូមពីអូស្រ្តាលីទៅឥណ្ឌា។
នេះជាលើកទីមួយ គិតតាំងពី៤០ឆ្នាំមក ដែលនាយករដ្ឋមន្ត្រីឥណ្ឌាអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសនូវែលហ្សេឡង់។ នាឱកាសជាប្រវត្តិសាស្ត្រនេះ ឥណ្ឌានិងនូវែលហ្សេឡង់បានប្រកាសផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យក្លាយជាដៃគូជាយុទ្ធសាស្ត្រ ជាពិសេសក្នុងវិស័យយោធានិងសន្តិសុខ។ ភាពជាដៃគូយុទ្ធសាស្ត្រនឹងផ្តល់វិសាលភាពនិងក្របខ័ណ្ឌដល់ទំនាក់ទំនងទ្វេភាគី។ នេះជាប្រសាសន៍របស់នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ដែលចង់ពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យបានកាន់តែរឹងមាំឡើង បន្ថែមពីលើបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដោះដូរសេរី រំលាយចោលទាំងស្រុងរនាំងពន្ធគយ ជាថ្នូរនឹងការវិនិយោគទំហំជាង២០ពាន់លានដុល្លារនៅឥណ្ឌា កាលពីខែមេសា២០២៦។ ចំណែកលោកនាយករដ្ឋមន្ត្រីឥណ្ឌាចាត់ទុកព្រឹត្តការណ៍ថ្ងៃនេះ ថាជាដំណាក់កាលដ៏សំខាន់ប្រកបដោយថាមពលនិងទំនុកសម្រាប់ឥណ្ឌានិងនូវែលហ្សេឡង់។
មុនអញ្ជើញមកដល់នូវែលហ្សេឡង់ លោកណារិនដ្រា ម៉ូឌី បានប្រកាស នៅថ្ងៃព្រហស្បតិ៍ទី ៩កក្កដា ចុះកិច្ចព្រមព្រៀងដ៏សំខាន់មួយ ក្នុងវិស័យថាមពលនុយក្លេអ៊ែរស៊ីវិលជាមួយអូស្រ្តាលី ដែលជាដំណាក់កាលទីពីរនៃទស្សនកិច្ចមួយជុំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់លោក។ តាមរយៈកិច្ចព្រមព្រៀងនេះ អូស្ត្រាលីនឹងធានាផ្គត់ផ្គង់សារធាតុអ៊ុយរ៉ានីញ៉ូមដល់ឥណ្ឌា ដែលត្រូវការ និងចង់អភិវឌ្ឍនុយក្លេអ៊ែរស៊ីវិល ដើម្បីសម្រេចកម្មវត្ថុឆ្ពោះទៅរកថាមពលស្អាត ដោយកាត់បន្ថយការពឹងផ្អែកលើថាមពលផូស៊ីល។ ឥណ្ឌានិងអូស្ត្រាលីមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរទ្វេភាគីតាំងពីឆ្នាំ២០១៥ ប៉ុន្តែការនាំចេញអ៊ុយរ៉ានីញ៉ូមទៅឥណ្ឌាមិនអាចចេញរួច ដោយខ្លាចមានបម្រើបម្រាស់រ៉ែក្នុងកម្មវិធីនុយក្លេអ៊ែរយោធា។ ពេលនេះ កិច្ចព្រមព្រៀងថ្មី បានចែងយ៉ាងច្បាស់ថាការនាំចេញអ៊ុយរ៉ានីញ៉ូមទៅឥណ្ឌាមានកម្មវត្ថុស៊ីវិលសុទ្ធសាធ។
បើតាមសមាគមនុយក្លេអ៊ែរពិភពលោក អូស្រ្តាលីមានធនធានអ៊ុយរ៉ានីញ៉ូម២៨%នៃរ៉ែអ៊ុយរ៉ានីញ៉ូមនៅលើពិភពលោក។ ចំណែកឥណ្ឌាដែលប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក (១៤០០លាននាក់)កំពុងស្វះស្វែងបង្កើនសមត្ថភាពផលិតថាមពលនុយក្លេអ៊ែរ។ ម្យ៉ាងទៀត តាំងពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ ទំនាក់ទំនងឥណ្ឌា-អូស្ត្រាលី ឥណ្ឌា-នូវែលហ្សេឡង់ ក៏ដូចជាឥណ្ឌា-ឥណ្ឌូណេស៊ី ត្រូវបានពង្រឹងយ៉ាងខ្លាំង ដើម្បីទប់ទល់មហិច្ឆតាចិននៅតំបន់អាស៊ីប៉ាស៊ីហ្វិកផង និងដើម្បីមានជម្រើសដៃគូពាណិជ្ជកម្មផ្សេងក្រៅពីចិនផង។ ចង់ពង្រឹងវត្តមាននៅតំបន់អាស៊ីប៉ាស៊ីហ្វិក លោកម៉ូឌីបានជ្រើសរើសបំពេញទស្សនកិច្ចក្នុងបីប្រទេសសំខាន់ៗ ដោយផ្តើមពីប្រទេសឥណ្ឌូណេស៊ី។ កាលពីថ្ងៃទី៧កក្កដា ឥណ្ឌា បានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់មីស៊ីលរយៈឆ្ងាយដល់ឥណ្ឌូណេស៊ី៕
