ភ្នំពេញៈ នគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានអន្តរាគមន៍ជួយសង្រ្គោះនារីម្នាក់ជាប់ទឹកទំនប់ពាមពូលនៅពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងបណ្តាលឱ្យទឹកហក់ឡើងភ្លាមៗ ខណៈដែលស្រុកជាច្រើនក្នុងខេត្តមួយចំនួនក៏ទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងផងដែរ។
ដោយសារតែស្ថានភាពជំនន់នៃទឹកភ្លៀងធ្លាក់ជាបន្ដបន្ទាប់បានធ្វើឱ្យទឹកជន់លិចខ្លាំងនៅទំនប់ពាមពូល ស្ថិតនៅក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ដែលធ្វើឱ្យនារីម្នាក់ឈ្មោះ វឿន ស្រីនិច អាយុ ១៩ឆ្នាំជាប់នៅលើទំនប់។ កងកម្លាំងនគរបាលបានសហការជាមួយប្រជាការពារភូមិបានធ្វើការជួយអន្ដរាគមន៍សង្រ្គោះនារីនោះរូបដោយជោគជ័យ។ នេះបើយោងតាមស្នងការដ្ឋានខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃអាទិត្យ ទី១២ ខែកក្កដា។
នគរបាលខេត្តបញ្ជាក់ថា៖«នារីឈ្មោះ វឿន ស្រីនិច ដែលរស់នៅភូមិអួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានជាប់ដោយសារតែការឆ្លងទឹកចំពេលទឹកហូរខ្លាំងបណ្ដាលអោយគួចធ្លាក់ទៅទើរលើមែកឈើ ស្របពេលមេឃកំពុងភ្លៀងធ្លាក់ខ្លាំង ស្ថានភាពទឹកមានការជន់ហក់ឡើងខ្លាំងភ្លាមៗមួយរំពេច»។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានដឹកនាំកងកម្លាំងនគរបាលប្រតិបត្ដិការបញ្ជានិងដោះស្រាយជួយសង្រ្គោះនារីរូបនោះ បានមកដីគោកដោយសុខសុវត្ថិភាពប្រើពេលជាង ១៨០ នាទី គេចចេញពីហានិភ័យ។ នគរបាលបានអំពាវនាវដល់បងប្អូនដែលរស់នៅតំបន់ភ្នំ មានទំនប់ទឹក ឬស្ទឹងឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះស្ថានភាពទឹកភ្លៀងហូរធ្លាក់ពីលើភ្នំមកមានល្បឿនលឿន ស្របពេលភ្លៀងបន្ដធ្លាក់បណ្ដាលឱ្យទឹកជន់លិចតាមច្រក អូរ ស្ទឹង ដែលជាហេតុអាចបង្កជាផល៉ះពាល់។

ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអាទិត្យម្សិលមិញ ក៏បានបង្កផលប៉ះពាល់ផងដែរ ដល់បណ្តាស្រុកក្នុងខេត្តមួយចំនួន ដូចជាស្រុកកំពង់សីលា ក្នុងខេត្តព្រះសីហនុ ស្រុកសំឡូត ក្នុងខេត្តបាត់ដំបង និងស្រុកស្រែបំពិល ព្រមទាំងព្រែកជីផាត ខេត្តកោះកុង ជាដើម។
ស្នងការដ្ឋានគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយសារស្ថានភាពអាកាសធាតុនៅក្នុងមូលដ្ឋានស្រុកសំឡូត ខេត្តបាត់ដំបង មានភ្លៀងធ្លាក់យ៉ាងគំហុកតាំងពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានបង្កឱ្យកើតមានជំនន់ទឹកភ្លៀងជាថ្មីម្តងទៀត។ ទឹកភ្លៀងបានហូរធ្លាក់យ៉ាងខ្លាំងក្លាចុះមកផ្នែកខាងក្រោម ហើយផ្លូវធ្វើដំណើរមួយចំនួនត្រូវ បានកាត់ផ្តាច់ដោយសារចរន្តទឹកហូរបុក។
ចំពោះមុខទិដ្ឋភាពគ្រោះធម្មជាតិនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់ លោកអធិការនគរបាលស្រុក និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក ដែលស្ថិតក្នុងភូមិសាស្ត្ររងគ្រោះ ត្រូវត្រៀមកម្លាំងអន្តរាគមន៍ និងចល័តចុះជួយសង្គ្រោះប្រជាពលរដ្ឋជាបន្ទាន់ ករណីទទួលរងគ្រោះថ្នាក់ ដោយត្រូវជម្លៀសពួកគាត់មកកាន់ទីទួលសុវត្ថិភាព ព្រមទាំងត្រូវបំពាក់គ្រឿងឧបករណ៏ និងមធ្យោបាយសង្គ្រោះឱ្យបានគ្រប់គ្រាន់។

ទន្ទឹមនឹងនេះ លោកស្នងការ ក៏បានណែនាំដល់ កងកម្លាំងនគរបាល នៅតាមបណ្តាស្រុកផ្នែកខាងក្រោម ដែលអាចនឹងទទួលរងឥទ្ធិពល ពីចរន្តទឹកហូរធ្លាក់នេះ ព្រមទាំងកម្លាំងនគរបាលប្រចាំការ អន្តរាគមន៍របស់ស្នងការដ្ឋានផ្ទាល់ ត្រូវត្រៀមលក្ខណៈសម្បត្តិ មធ្យោបាយ និងសម្ភារចាំបាច់នានា ឱ្យបានជាប់ជាប្រចាំ ដើម្បីចេញជួយដោះស្រាយបញ្ហា និងសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

