នៅថ្ងៃចន្ទទី១៣កក្កដានេះ តូក្យូបានប្រកាសទទួលស្គាល់អំពីភាពចាំបាច់ ដែលជប៉ុនត្រូវប្រឹងប្រយុទ្ធប្រឆាំងនឹងសកម្មភាពចារកិច្ចបរទេស។ សេចក្តីប្រកាសនេះធ្វើឡើងក្រោយពី កាសែតអាមេរិក បានចុះផ្សាយថារុស្ស៊ីបានទៅធ្វើចារកិច្ចនៅលើទឹកដីជប៉ុន ដើម្បីប្រមូលបានបច្ចេកវិទ្យាសំខាន់ៗ សម្រាប់ផលិតអាវុធ ដែលប្រើក្នុងសង្គ្រាមនៅអ៊ុយក្រែន។
រដ្ឋាភិបាលជប៉ុន បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយផ្ទាល់ ជុំវិញលទ្ធផលអង្កេតរបស់កាសែតអាមេរិកទេ។ ជប៉ុនត្រូវវិភាគបញ្ហានេះដោយហ្មត់ចត់បំផុតសិន។ ប៉ុន្តែ ជប៉ុនបានទទួលស្គាល់ថា នៅចំពោះការវិវឌ្ឍយ៉ាងលឿននៃស្ថានភាពសន្តិសុខ ជប៉ុនចាំបាច់ត្រូវតែប្រឹងប្រែងខ្លាំង ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងចារកិច្ចបរទេស ដែលស្វែងរកព័ត៌មានរសើបៗ និងដែលគំរាមកំហែងដល់សន្តិសុខជាតិជប៉ុន។ នេះបើតាមសេចក្តីប្រកាសរបស់លោក មីណូរ៉ុ គីហារ៉ា អគ្គលេខាធិការរបស់រដ្ឋាភិបាលជប៉ុន។ អ្នកទទួលខុសត្រូវជប៉ុនរូបនេះ បានបញ្ជាក់ទៀតថា សភាជប៉ុនបានអនុម័តរួចហើយច្បាប់បើកផ្លូវឱ្យជប៉ុនបង្កើតស្ថាប័នថ្មីទទួលបន្ទុកសម្របសម្រួលសកម្មភាពចារកិច្ច។
សេចក្តីប្រកាសធ្វើកំណែទម្រង់ប្រព័ន្ធចារកិច្ច ដ៏ចាស់ទ្រុឌទ្រោមរបស់ខ្លួនជាលើកទីមួយ គិតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ប្រព្រឹត្តទៅដោយហេតុជប៉ុនកំពុងប្រឈមនឹងសកម្មភាពចារកិច្ចកាន់តែខ្លាំងឡើងៗ។
នៅថ្ងៃអាទិត្យទី ១២កក្កដា កាសែតNew York Timesអាមេរិកបានចុះផ្សាយអត្ថបទអង្កេតមួយ ដែលអះអាង ដោយហេតុតែជប៉ុនមានច្បាប់ប្រឆាំងនឹងចារកិច្ចខ្សោយ ម៉ូស្គូបានប្រើប្រាស់ទឹកដីជប៉ុនជាកន្លែងសំខាន់ សម្រាប់ឈ្លបប្រមូលព័ត៌មានសម្ងាត់សំខាន់ៗ រសើបៗ និងបច្ចេកវិទ្យាទំនើបៗ ទៅផ្គត់ផ្គង់សង្គ្រាមនៅអ៊ុយក្រែន។ ៩០%នៃមីស៊ីល និងដ្រូន រុស្ស៊ី មានសមាសធាតុផ្សំជារបស់ជប៉ុន។ នេះបើតាមបទយកការណ៍របស់កាសែតNew york Times ដដែល។ កាសែតពន្យល់ថា រុស្ស៊ីជ្រើសរើសជប៉ុន ព្រោះតាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែនមក បណ្តាប្រទេសធំៗអឺរ៉ុបបានបណ្តេញ ចារបុរសរុស្ស៊ី ចេញអស់ជាច្រើនរយនាក់។ ឯជប៉ុនជាប្រទេសមានបច្ចេកវិទ្យាឧស្សាហកម្មទំនើបខ្លាំង បណ្តាញពាណិជ្ជកម្មអន្តរជាតិល្អ តែមានច្បាប់ខាងផ្នែកចារកិច្ចមិនសូវតឹងតែងខ្លាំង។ ប្រតិបត្តិការចារកិច្ចរុស្ស៊ី មានលក្ខណៈសាមញ្ញបំផុត។ មេដឹកនាំប្រតិបត្តិការ ឈ្មោះ Maksim Vladimirovitch Filchenkov ដែលជាភ្នាក់ងារចារកិច្ចយោធារុស្ស៊ីប្រកបដោយបទពិសោធន៍ បានបង្កើតការិយាល័យមួយ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot នៅសង្កាត់តូរ៉ាណូម៉ុង របស់ក្រុងតូក្យូ មិនឆ្ងាយប៉ុន្មានពីទីស្នាក់ការនគរបាលជាតិទទួលបន្ទុកអង្កេតកិច្ចការចារកិច្ច។ ដើម្បីពង្វាងបម្រាមដែលហាមឃាត់មិនឱ្យនាំចេញដោយផ្ទាល់ទៅរុស្ស៊ី បណ្តាញផ្គត់ផ្គង់រុស្ស៊ីបានប្រើក្រុមហ៊ុននិងប្រទេសទីបី ដូចជាវៀតណាម ស្រីលង្កា អ៊ូបេគីស្ថាន សម្រាប់ដឹកសមាសធាតុផ្សំទាំងអស់នោះទៅរុស្ស៊ី។ នេះបើតាមការរៀបរាប់ក្នុងកាសែតNew York Times ដដែល៕
