Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»កម្ពុជា គ្រោងចំណាយ​​៥លាន​ដុល្លារ ដើម្បី​ដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ ប្រើថាមពលពីពន្លឺព្រះអាទិត្យ ក្នុងរាជធានី-ខេត្តចំនួន ១៣
    ព័ត៌មានជាតិ

    កម្ពុជា គ្រោងចំណាយ​​៥លាន​ដុល្លារ ដើម្បី​ដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ ប្រើថាមពលពីពន្លឺព្រះអាទិត្យ ក្នុងរាជធានី-ខេត្តចំនួន ១៣

    ngornleng namBy ngornleng namJuly 14, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ពិធីចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដានេះ។ រូបថត អគ្គិសនីកម្ពុជា
    ពិធីចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដានេះ។ រូបថត អគ្គិសនីកម្ពុជា
    Share
    Facebook Twitter LinkedIn Pinterest Email

    រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកា​ប្រមាណ ៥លានដុល្លារអាមេរិក ជាអំណោយរបស់អគ្គិសនីកម្ពុជា ដើម្បី​ដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ ប្រើថាមពលពីពន្លឺព្រះអាទិត្យ (Solar) ដោយ​គម្រោងនេះ គ្រោងនឹងដំឡើងតាមបណ្តាញផ្លូវថ្នល់សរុបប្រមាណ ១,០០០គីឡូម៉ែត្រ ក្នុងរាជធានី-ខេត្តចំនួន ១៣ ជាពិសេសបណ្តាខេត្តជុំវិញបឹងទន្លេសាប។

    លោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានលើក​ឡើងពីគម្រោង​នេះ នៅក្នុង​ពិធី​​​ចុះ​អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី​កិច្ចសហប្រតិបត្តិការក្នុងការដំឡើង​ភ្លើងបំភ្លឺ ដោយ​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ តាមបណ្តាញ​ផ្លូវ​សាធារណៈ​នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែកក្កដានេះ នៅអគ្គិសនីកម្ពុជា។

    លោក ជលសា បាន​ថ្លែង​ថា បច្ចុប្ប​ន្នសមត្ថភាព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា មាន​ប្រភពប្រមាណ ៦,៣០០ មេហ្គាវ៉ាត់ ខណៈ​ដែល​ប្រភព​ថាមពល​កកើត​ឡើង​វិញ​មាន​ប្រមាណ ៤,០០០ មេហ្គាវ៉ាត់ ស្មើនឹង​ប្រហែល ៦៣% នៃ​ថាមពល​សរុប ក្នុង​នោះរួម​មាន ថាមពលវារីអគ្គិសនី ៣៣% ថាមពលពន្លឺ​ព្រះអាទិត្យ ៣០% ដោយ​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រទេស​មួយ​ដែល​ឈរក្នុង​លំដាប់​ខ្ពស់​ក្នុង​ពិភពលោក លើ​ការ​ផ្គត់ផ្គង់​ថាមពល​ស្អាត (ពណ៌បៃតង)។

    លោក​បញ្ជាក់ថា៖​ «បច្ចេកទេស​ដំឡើង​ គឺត្រូវប្រើ​ប្រាស់​ផ្ទាំង​សូឡា និង​អំពូល LED ជំនាន់​ថ្មី ដោយ​ដំ​​ឡើង​នៅលើ​របាំង​ពុះ​ចែក​ទ្រូង​ផ្លូវ ឬ​អម​សង​ខាង​ផ្លូវ ដែល​មាន​គម្លាត​ពី​បង្គោល​មួយ​ទៅមួយប្រហែល ៥០ម៉ែត»។

    តាម​ផែនការបែងចែក​តាម​កំណាត់ផ្លូវ​ជាតិ​សំខាន់ៗ គម្រោងនេះ នឹង​ត្រូវ​អនុវត្ត​លើ​កំណាត់​ផ្លូវ​សំខាន់ៗ​ដែល​មិន​ទាន់​មាន​ប្រព័ន្ធភ្លើងបំភ្លឺ រួមមាន កំណាត់ផ្លូវជាតិ​លេខ​៥ ចន្លោះ​ពី​ព្រំ​ប្រទល់​រាជធានី​ភ្នំពេញ-ខេត្តកណ្តាល ទល់​រាជ​ធានីភ្នំពេញ-ខេត្តកណ្តាល ដល់ព្រំប្រទល់ខេត្ត​កំពង់​ឆ្នាំង-ពោធិ៍សាត់ និង​ពី​ព្រំប្រទល់​ខេត្តពោធិ៍សាត់-បាត់ដំបង ដល់​ខេត្ត​បន្ទាយមានជ័យ ដោយ​ត្រូវដំឡើង​ប្រព័ន្ធ​អំពូល ភ្លើង​បំភ្លឺនៅ​លើ​មេឌីដ្យាន​ទ្រូងផ្លូវ។

    ចំពោះផែនការនេះ លោក ប្រាំង ជលសា សង្កត់ធ្ងន់ថា កំណាត់​ផ្លូវជាតិលេខ​៦ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់ចាម សៀមរាប និង​បន្ទាយ​មានជ័យ ចាប់​ពី​ស្រុក​ជើងព្រៃ (ស្គន់) ដល់​ព្រំ​ប្រទល់ ខេត្ត​កំពង់ធំ និង​ចាប់​ពី​ស្រុក​ជីក្រែង ដល់​ក្រុង​សេរីសោភ័ណ ដោយ​ត្រូវ​ដំឡើង​ប្រព័ន្ធ​អំពូល​ភ្លើង​បំភ្លឺ​នៅ​អមសងខាងផ្លូវ។ លើសពីនេះ គម្រោងនេះ​នឹង​ផ្តល់​ជូន​បណ្តា​ខេត្ត​នៅ​ជុំវិញ​បឹងទន្លេសាប លើក​លែង​តែ​ខេត្តពោធិ៍សាត់ និង​ខេត្ត​កំពង់ធំ ដែល​បាន​ដាក់​ដំឡើង​រួច​ហើយ។

    ចំណែក​នៅកំណាត់ផ្លូវជាតិលេខ៧ ពីស្រុកជើងព្រៃ(ស្គន់) ដល់ទីក្រុង​កំពង់ចាម​ក្នុង​ខេត្ត​កំពង់ចាម ត្រូវ​ដំឡើង​ប្រព័ន្ធ​អំពូលភ្លើងបំភ្លឺនៅ​លើទ្រូងផ្លូវ រីឯ​ផ្លូវជាតិលេខ​២១ ពី​ក្រុង​តាខ្មៅ​ក្នុង​ខេត្តកណ្តាល ដល់ព្រំដែន​ប្រទេស​វៀតណាម ត្រូវ​ដំឡើង​ប្រព័ន្ធ​អំពូលភ្លើងបំភ្លឺ​នៅ​អមសងខាងផ្លូវ។ ផ្លូវក្រវាត់​ក្រុងទី​២ និង​ផ្លូវក្រវាត់ក្រុងទី​៣ នៅ​ក្នុង​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ ត្រូវ​ដំឡើង​ប្រព័ន្ធ​អំពូលភ្លើងបំភ្លឺនៅ​អមសងខាង និងលើទ្រូងផ្លូវ, ផ្លូវស្ថិតក្នុងក្រុង ដែលជាទីប្រជុំជន និងជាតំបន់ទេសចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, ខេត្តកំពត និងខេត្តកែប។

    ចំពោះ​អត្ថប្រយោជន៍នៃគម្រោងដំឡើងនេះ លោក ប្រាំង ជលសា បញ្ជាក់​ថា «វានឹង​ជួយ​កាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​យប់ បង្កើន​សុវត្ថិភាព​សង្គម លើក​កម្ពស់​សេដ្ឋកិច្ច​ពេល​យប់ និងទេសចរណ៍ ព្រម​ទាំង​មិន​មាន​បន្ទុក​ចំណាយ​លើ​ថ្លៃ​អគ្គិសនី​ប្រចាំ​ខែ និង​ងាយ​ស្រួល​ដំឡើង​ជាងប្រព័ន្ធ​ភ្លើង​ដើរ​ដោយ​ខ្សែកាបពីមុន។

    ម្យ៉ាងវិញទៀត ក្រោយបញ្ចប់ការសាងសង់ អគ្គិសនីកម្ពុជា នឹង​ប្រគល់​ជូន​រដ្ឋបាលរាជធានី-ខេត្ត និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​អ្នក​គ្រប់គ្រង និង​ថែ​ទាំ​បន្ត។ បន្ទាប់ពី​បញ្ចប់​ការ​សាងសង់រួច ក្រសួង​រ៉ែ និងថាមពល និង​អគ្គិសនីកម្ពុជា នឹង​ប្រគល់​ជូន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន, រដ្ឋបាលរាជធានី-ខេត្ត បន្ត​គ្រប់គ្រង និង​ដំណើរ​ការ​ថែ​ទាំ ដើម្បី​ឱ្យ​ហេដ្ឋារចនា​សម្ព័ន្ធ​នេះនៅ​បន្ត​បំភ្លឺ​ជូន​បង​ប្អូន​ប្រជាពលរដ្ឋជានិរន្តរ៍។

    ជាមួយគ្នានេះ ក្រសួងរ៉ែ និងថាមពល, ក្រសួងសាធារណការ និងដឹកជញ្ជូន, អគ្គិសនីកម្ពុជា និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ មានជំនឿចិត្តយ៉ាងមុតមាំថា៖ «ការចុះ​ហត្ថលេខា​លើ​អនុស្សរណៈនៃការយោគយល់រួមគ្នា​នា​ថ្ងៃនេះ នឹង​បាន​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នូវ​សុខ​សុវត្ថិភាព លើកស្ទួយ​សោភ័ណភាព និង​សុខុមាល​ភាព​ក្នុង​ការ​រស់​នៅ ជាពិសេស​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បទ​ល្មើសផ្សេងៗ ក៏ដូចជា​ជួយ​ជំរុញ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ពេល​យប់ តាម​រយៈទេសចរណ៍ជាដើម»៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngornleng nam

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.