រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាប្រមាណ ៥លានដុល្លារអាមេរិក ជាអំណោយរបស់អគ្គិសនីកម្ពុជា ដើម្បីដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ ប្រើថាមពលពីពន្លឺព្រះអាទិត្យ (Solar) ដោយគម្រោងនេះ គ្រោងនឹងដំឡើងតាមបណ្តាញផ្លូវថ្នល់សរុបប្រមាណ ១,០០០គីឡូម៉ែត្រ ក្នុងរាជធានី-ខេត្តចំនួន ១៣ ជាពិសេសបណ្តាខេត្តជុំវិញបឹងទន្លេសាប។
លោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានលើកឡើងពីគម្រោងនេះ នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងភ្លើងបំភ្លឺ ដោយប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែកក្កដានេះ នៅអគ្គិសនីកម្ពុជា។
លោក ជលសា បានថ្លែងថា បច្ចុប្បន្នសមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា មានប្រភពប្រមាណ ៦,៣០០ មេហ្គាវ៉ាត់ ខណៈដែលប្រភពថាមពលកកើតឡើងវិញមានប្រមាណ ៤,០០០ មេហ្គាវ៉ាត់ ស្មើនឹងប្រហែល ៦៣% នៃថាមពលសរុប ក្នុងនោះរួមមាន ថាមពលវារីអគ្គិសនី ៣៣% ថាមពលពន្លឺព្រះអាទិត្យ ៣០% ដោយកម្ពុជាត្រូវបានចាត់ទុកជាប្រទេសមួយដែលឈរក្នុងលំដាប់ខ្ពស់ក្នុងពិភពលោក លើការផ្គត់ផ្គង់ថាមពលស្អាត (ពណ៌បៃតង)។
លោកបញ្ជាក់ថា៖ «បច្ចេកទេសដំឡើង គឺត្រូវប្រើប្រាស់ផ្ទាំងសូឡា និងអំពូល LED ជំនាន់ថ្មី ដោយដំឡើងនៅលើរបាំងពុះចែកទ្រូងផ្លូវ ឬអមសងខាងផ្លូវ ដែលមានគម្លាតពីបង្គោលមួយទៅមួយប្រហែល ៥០ម៉ែត»។
តាមផែនការបែងចែកតាមកំណាត់ផ្លូវជាតិសំខាន់ៗ គម្រោងនេះ នឹងត្រូវអនុវត្តលើកំណាត់ផ្លូវសំខាន់ៗដែលមិនទាន់មានប្រព័ន្ធភ្លើងបំភ្លឺ រួមមាន កំណាត់ផ្លូវជាតិលេខ៥ ចន្លោះពីព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង-ពោធិ៍សាត់ និងពីព្រំប្រទល់ខេត្តពោធិ៍សាត់-បាត់ដំបង ដល់ខេត្តបន្ទាយមានជ័យ ដោយត្រូវដំឡើងប្រព័ន្ធអំពូល ភ្លើងបំភ្លឺនៅលើមេឌីដ្យានទ្រូងផ្លូវ។
ចំពោះផែនការនេះ លោក ប្រាំង ជលសា សង្កត់ធ្ងន់ថា កំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម សៀមរាប និងបន្ទាយមានជ័យ ចាប់ពីស្រុកជើងព្រៃ (ស្គន់) ដល់ព្រំប្រទល់ ខេត្តកំពង់ធំ និងចាប់ពីស្រុកជីក្រែង ដល់ក្រុងសេរីសោភ័ណ ដោយត្រូវដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅអមសងខាងផ្លូវ។ លើសពីនេះ គម្រោងនេះនឹងផ្តល់ជូនបណ្តាខេត្តនៅជុំវិញបឹងទន្លេសាប លើកលែងតែខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ដែលបានដាក់ដំឡើងរួចហើយ។
ចំណែកនៅកំណាត់ផ្លូវជាតិលេខ៧ ពីស្រុកជើងព្រៃ(ស្គន់) ដល់ទីក្រុងកំពង់ចាមក្នុងខេត្តកំពង់ចាម ត្រូវដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅលើទ្រូងផ្លូវ រីឯផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅក្នុងខេត្តកណ្តាល ដល់ព្រំដែនប្រទេសវៀតណាម ត្រូវដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅអមសងខាងផ្លូវ។ ផ្លូវក្រវាត់ក្រុងទី២ និងផ្លូវក្រវាត់ក្រុងទី៣ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅអមសងខាង និងលើទ្រូងផ្លូវ, ផ្លូវស្ថិតក្នុងក្រុង ដែលជាទីប្រជុំជន និងជាតំបន់ទេសចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, ខេត្តកំពត និងខេត្តកែប។
ចំពោះអត្ថប្រយោជន៍នៃគម្រោងដំឡើងនេះ លោក ប្រាំង ជលសា បញ្ជាក់ថា «វានឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពេលយប់ បង្កើនសុវត្ថិភាពសង្គម លើកកម្ពស់សេដ្ឋកិច្ចពេលយប់ និងទេសចរណ៍ ព្រមទាំងមិនមានបន្ទុកចំណាយលើថ្លៃអគ្គិសនីប្រចាំខែ និងងាយស្រួលដំឡើងជាងប្រព័ន្ធភ្លើងដើរដោយខ្សែកាបពីមុន។
ម្យ៉ាងវិញទៀត ក្រោយបញ្ចប់ការសាងសង់ អគ្គិសនីកម្ពុជា នឹងប្រគល់ជូនរដ្ឋបាលរាជធានី-ខេត្ត និងក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកគ្រប់គ្រង និងថែទាំបន្ត។ បន្ទាប់ពីបញ្ចប់ការសាងសង់រួច ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា នឹងប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋបាលរាជធានី-ខេត្ត បន្តគ្រប់គ្រង និងដំណើរការថែទាំ ដើម្បីឱ្យហេដ្ឋារចនាសម្ព័ន្ធនេះនៅបន្តបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋជានិរន្តរ៍។
ជាមួយគ្នានេះ ក្រសួងរ៉ែ និងថាមពល, ក្រសួងសាធារណការ និងដឹកជញ្ជូន, អគ្គិសនីកម្ពុជា និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ មានជំនឿចិត្តយ៉ាងមុតមាំថា៖ «ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រួមគ្នានាថ្ងៃនេះ នឹងបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋនូវសុខសុវត្ថិភាព លើកស្ទួយសោភ័ណភាព និងសុខុមាលភាពក្នុងការរស់នៅ ជាពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសផ្សេងៗ ក៏ដូចជាជួយជំរុញបង្កើនសកម្មភាពសេដ្ឋកិច្ចពេលយប់ តាមរយៈទេសចរណ៍ជាដើម»៕
