Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»កម្ពុជាស្នើឱ្យសមភាគីថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ និងការបង្កហេតុនានាតាមបណ្តោយព្រំដែន
    ព័ត៌មានជាតិ

    កម្ពុជាស្នើឱ្យសមភាគីថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ និងការបង្កហេតុនានាតាមបណ្តោយព្រំដែន

    ngornleng namBy ngornleng namJuly 15, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    (ឆ្វេង) លោក និត ណារ៉ុង ចាប់ដៃជាមួយលោក កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការដ្ឋាន RBC ថៃ នៅក្នុងកិច្ចប្រជុំ RBC នាថ្ងៃនេះ។ រូបថត៖ ក្រសួងការពារជាតិ
    (ឆ្វេង) លោក និត ណារ៉ុង ចាប់ដៃជាមួយលោក កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការដ្ឋាន RBC ថៃ នៅក្នុងកិច្ចប្រជុំ RBC នាថ្ងៃនេះ។ រូបថត៖ ក្រសួងការពារជាតិ
    Share
    Facebook Twitter LinkedIn Pinterest Email

    យោធាកម្ពុជាបានស្នើឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់នៅតាមព្រំដែន ក្នុងខណៈដែលក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការនៅថ្ងៃទី១៥ ខែកក្កដានេះ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

    លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំសម្របសម្រួលប្រតិបត្តិការក្រៅផ្លូវការរវាងលេខាធិការដ្ឋានទាំងពីរ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីពិភាក្សារិះរកដំណោះស្រាយចំពោះបញ្ហានានាដោយសន្តិវិធី និងទាន់ពេលវេលា ដើម្បី​បញ្ចៀសការយល់ច្រឡំដោយមិនចាំបាច់ និងបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែន។

    គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ RBC កម្ពុជា និងគណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ RBC ថៃ។

    លោកស្រី សុជាតា បានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មានថា៖ «នៅក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ ការពង្រីកភូមិសាស្ត្រ និងសកម្មភាពរាយបន្លាលួស នៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងតំបន់ដែលមិនទាន់ដាច់ស្រេច»។

    កម្ពុជាបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែង និងខណ្ឌសីមានៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដូចមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

    ចំពោះហេតុការណ៍បាញ់ និងការបង្កផ្ទុះនានា ភាគីកម្ពុជាបានស្នើឱ្យមានការផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកុំឱ្យមានការយល់ច្រឡំ និងបានអំពាវនាវឱ្យមានការដាក់ចេញនូវវិធានការជាក់ស្តែង ដើម្បីធានាថាហេតុការណ៍បែបនេះមិនកើតមានបន្តទៀត និងចៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់។

    លោកស្រីបន្ថែមថា ភាគីកម្ពុជាក៏បានស្នើឱ្យភាគីថៃចូលរួមសហការក្នុងការអប់រំ និងរឹតបណ្តឹងវិន័យដល់បណ្តាកងកម្លាំងជួរមុខរបស់ខ្លួន ដើម្បីទប់ស្កាត់កុំឱ្យមានសកម្មភាពណាមួយដែលនាំទៅដល់ការបង្កហេតុ ដូចជាការបាញ់បោះ ការរាយបន្លាលួស និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យជាដើម។

    លោកស្រីបន្តថា៖ «បន្ថែមពីលើនេះ ភាគីកម្ពុជាក៏បានលើកឡើងពីសារៈសំខាន់នៃការរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយបំភ្លៃការពិត ជាពិសេសការផ្សព្វផ្សាយទាំងឡាយណាដែលមានចរិតលក្ខណៈអុជអាលឱ្យមានការស្អប់គ្នា និងចងគំនុំគ្នា សំដៅលើកកម្ពស់ការជឿជាក់គ្នាទៅវិញទៅមក និងបង្កើតឱ្យមានបរិយាកាសអំណោយផលដល់ការដោះស្រាយដោយសន្តិវិធី»។

    ភាគីកម្ពុជាក៏បានបញ្ជាក់ជាថ្មីយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ ខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលធ្វើឡើងក្រោមអធិបតីភាពប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។

    លោកស្រីបញ្ជាក់ថា ការប្តេជ្ញាចិត្តទាំងនេះ គឺ៖ «សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ»៕

    post khmer
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngornleng nam

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.