Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ
    ព័ត៌មានជាតិ

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    ngochecktayBy ngochecktayJuly 17, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្តបន្ទាយមានជ័យ: ក្រសួងព័ត៌មានបានអំពាវនាវឱ្យពង្រឹងកិច្ចសហការរវាងមន្ទីរព័ត៌មានរាជធានី-ខេត្ត និងអ្នកសារព័ត៌មាននៅទូទាំងប្រទេស ដើម្បីធានាការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងទប់ស្កាត់ការផ្សាយព័ត៌មានដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ បន្ទាប់ពីអាជ្ញាធរបានលើកឡើងពីបទពិសោធន៍កន្លងមក ដែលអ្នកសារព័ត៌មានមួយចំនួនបានផ្សាយព័ត៌មានពាក់ព័ន្ធនឹងកិច្ចការយោធាដោយខ្វះការប្រុងប្រយ័ត្ន។

    ការអំពាវនាវនេះត្រូវបានធ្វើឡើងដោយលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» ជូនមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា។

    លោកបានជំរុញឱ្យមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មានក្នុងមូលដ្ឋាន ក៏ដូចជាអ្នកសារព័ត៌មានដែលចុះបំពេញបេសកកម្មពីបណ្ដាខេត្តផ្សេងៗ ដើម្បីធានាថា ព័ត៌មានដែលផ្សព្វផ្សាយជូនសាធារណជន មានភាពត្រឹមត្រូវ និងអាចទុកចិត្តបាន ជាពិសេសលើប្រធានបទពាក់ព័ន្ធនឹងកិច្ចការយោធា និងការការពារបូរណភាពទឹកដីកម្ពុជា។

    បើតាមលោក អស្នារិទ្ធ ការស្វែងយល់ពីតម្រូវការរបស់អ្នកសារព័ត៌មាន និងការសម្របសម្រួលជាប្រចាំរវាងមន្ទីរព័ត៌មាន អាជ្ញាធរ និងអ្នកសារព័ត៌មាន គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាពវិជ្ជាជីវៈ និងជួយឱ្យការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិ ប្រព្រឹត្តទៅដោយទំនួលខុសត្រូវ។

    លោកបានបញ្ជាក់ថា កិច្ចសហការនេះគួរធ្វើឡើងជាប្រចាំ ដើម្បីគាំទ្រដល់ការបំពេញការងាររបស់អ្នកសារព័ត៌មាន តាមរយៈការសម្របសម្រួលឱ្យអាចចុះយកព័ត៌មាន សម្ភាសមន្ត្រីជំនាញ អាជ្ញាធរ និងភាគីពាក់ព័ន្ធបានកាន់តែងាយស្រួល។

    លោកបានបន្ថែមថា ការផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ នឹងជួយកាត់បន្ថយការផ្សាយព័ត៌មានខុសឆ្គង ដែលអាចនាំឱ្យមានប្រតិកម្មសាធារណៈ ឬបញ្ហាផ្លូវច្បាប់ជាយថាហេតុ។

    ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងព័ត៌មានបានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានទាំងអស់ សហការជាមួយអាជ្ញាធរ និងមន្ទីរព័ត៌មានទាំង ២៥ រាជធានី-ខេត្ត ដើម្បីកសាងវប្បធម៌នៃការសម្របសម្រួល និងផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយភាពត្រឹមត្រូវ។

    លោកបានលើកឡើងថា: “គោលដៅសំខាន់ គឺធានាឱ្យការផ្សព្វផ្សាយព័ត៌មានប្រព្រឹត្តទៅដោយការទទួលខុសត្រូវ មិនប៉ះពាល់ដល់សន្តិសុខជាតិ កិត្តិយសបុគ្គល និងស្របតាមក្រមសីលធម៌វិជ្ជាជីវៈ”។

    លោក អស្នារិទ្ធ បានលើកយកបទពិសោធន៍ក្នុងអំឡុងពេលមានភាពតានតឹងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ មកធ្វើជាឧទាហរណ៍ ដោយបញ្ជាក់ថា ក្រសួងព័ត៌មានបានកត់សម្គាល់ឃើញអ្នកសារព័ត៌មានមួយចំនួនតូច ផ្សាយព័ត៌មានដែលប៉ះពាល់ដល់សន្តិសុខជាតិ និងអាថ៌កំបាំងយោធា។

    លោកថ្លែងថា៖ «ជាមេរៀនកន្លងមក ក្នុងអំឡុងពេលមានការរំលោភបំពានលើបូរណភាពទឹកដីពីសំណាក់ភាគីថៃ ក្រសួងព័ត៌មានបានកត់សម្គាល់ឃើញអ្នកសារព័ត៌មានមួយចំនួនតូចបានវង្វេងសមរភូមិ ដោយផ្សាយព័ត៌មានប៉ះពាល់ដល់សន្តិសុខជាតិ និងអាថ៌កំបាំងយោធា។ ការផ្សព្វផ្សាយដោយខ្វះការប្រុងប្រយ័ត្នបែបនេះ វាបានក្លាយជាបន្ទុក និងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរទៅវិញ»។

    លោកបានបន្តថា ការរួមគ្នាក្នុងក្របខណ្ឌកិច្ចសហការ និងការសម្របសម្រួល មិនត្រឹមតែជួយលើកកម្ពស់សមត្ថភាព និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតព្វកិច្ចរួមក្នុងការការពារផលប្រយោជន៍ជាតិផងដែរ។

    ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ លោក សេក សុខុម បានសម្តែងការគាំទ្រចំពោះការណែនាំរបស់ក្រសួងព័ត៌មាន និងបញ្ជាក់ថា មន្ទីរបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយអ្នកសារព័ត៌មានមកពីគ្រប់ទិសទី ដែលចុះបំពេញបេសកកម្មក្នុងខេត្ត។

    លោកបានប្តេជ្ញាថា មន្ទីរនឹងបន្តសម្របសម្រួលជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់ការចុះយកព័ត៌មាន និងការសម្ភាសរបស់អ្នកសារព័ត៌មាន ស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងបទប្បញ្ញត្តិជាធរមាន៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    ជំនន់ទឹកភ្លៀងអាចនាំមីន និងគ្រាប់មិនទាន់ផ្ទុះរសាត់មកតំបន់ថ្មី អាជ្ញាធរមីនអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.