កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់ជំនាញស្រាវជ្រាវយ៉ាងល្អិតល្អន់ រហូតឈានដល់ការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដ៏ធំមួយ ដែលមានគោលដៅទៅកាន់សហរដ្ឋអាមេរិក ប្រេស៊ីល ម៉ិកស៊ិក និងកូឡុំប៊ី។
ប្រតិបត្តិការចុះបង្រ្កាបនេះ ត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី ៦ ខែកក្កដានេះ គឺកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង ទទួលផែនការងារសន្តិសុខ រួមមានការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ប្រតិបត្តិការនេះ បានធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយទីតាំងដែលត្រូវបានបង្ក្រាបគឺស្ថិតនៅផ្ទះលេខ C១៦ ផ្លូវ BL០២ បុរីប៊ុនលីចំការដូង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជាលទ្ធផលសមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៨នាក់ ក្នុងនោះមានស្រីម្នាក់។ ជនសង្ស័យទាំងនោះរួមមានជនជាតិបង់ក្លាដេសចំនួន ៧នាក់ (ប្រុស) និងជនជាតិមីយ៉ាន់ម៉ាចំនួន ១នាក់ (ស្រី)។
ក្រៅពីនេះ សមត្ថកិច្ចបានរឹបអូសសម្ភារៈមួយចំនួនធំ ដែលត្រូវបានប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស រួមមានកុំព្យូទ័រយួរដៃ (laptop) ចំនួន ១២គ្រឿង ទូរសព្ទដៃចំនួន ១៧គ្រឿង ដុំ Wifi ចំនួន ១គ្រឿង ដុំ modem ចំនួន ១គ្រឿង អង្គចងចាំ (USB Flash) និងក្រដាសប្រាក់ដុល្លារសែន ចំនួន ៤៩សន្លឹក ដែលត្រូវបានប្រើសម្រាប់បោកប្រាស់ជាប្រាក់វិនិយោគចំណេញ។
យោងតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ជនសង្ស័យខាងលើ បានប្រើប្រាស់ប្រទេសកម្ពុជា ជាមូលដ្ឋានសម្រាប់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយពួកគេបានប្រើប្រាស់រូបភាព «អូសទាញលួងលោមស្នេហា» (Romance Scams) ដើម្បីទាក់ទាញជនរងគ្រោះ ហើយបន្តបោកប្រាស់ឱ្យដាក់ប្រាក់ចូលរួមវិនិយោគក្លែងក្លាយ (Investment Scams)។
សមត្ថកិច្ចបានបញ្ជាក់ថា «គោលដៅសំខាន់នៃក្រុមជនល្មើសនេះ គឺផ្តោតទៅលើប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក ប្រេស៊ីល ម៉ិកស៊ិក និងកូឡុំប៊ី ហើយវិធីសាស្ត្រនេះបង្ហាញពីភាពស្មុគស្មាញ និងល្បិចកលរបស់ក្រុមឧក្រិដ្ឋជន ដែលតែងតែស្វែងរកវិធីថ្មីៗ ដើម្បីបោកប្រាស់ជនរងគ្រោះតាមរយៈបច្ចេកវិទ្យា»។
ការបង្ក្រាបនេះ គឺជាជោគជ័យដ៏សំខាន់មួយទៀតរបស់កម្លាំងនគរបាលរាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ ទោះយ៉ាងណា អាជ្ញាធរកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសបច្ចេកវិទ្យាឆ្លងដែន ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស៕
