Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា» ដើម្បីចូលរួមដោះស្រាយគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះប្រព័ន្ធអេកូឡូស៊ី
    ព័ត៌មានជាតិ

    កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា» ដើម្បីចូលរួមដោះស្រាយគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះប្រព័ន្ធអេកូឡូស៊ី

    ngornleng namBy ngornleng namJuly 7, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញៈ ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា (CEDS) ឆ្នាំ២០២៦–២០៣០» ដែលជាក្របខ័ណ្ឌគោលនយោបាយជាតិដ៏មានសារៈសំខាន់ និងដើរតួជាត្រីវិស័យ ក្នុងការតម្រង់ទិសការទូតបរិស្ថានរបស់កម្ពុជា សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់ការអភិរក្សអេកូឡូស៊ី និងការការពារបរិស្ថាន ខណៈដែលការប្រែប្រួលអាកាសធាតុសកល និងការធ្លាក់ចុះនៃប្រព័ន្ធអេកូឡូស៊ី បានឈានដល់ «បន្ទាត់ក្រហម» ដ៏គ្រោះថ្នាក់មួយ។

    ថ្លែងក្នុងពិធីប្រកាស នាថ្ងៃចន្ទ ទី៦ ខែកក្កដា រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង​ សុផល្លែត មានប្រសាសន៍ថា ការដាក់ចេញនូវយុទ្ធសាស្ត្រនេះ ធ្វើឡើងចំពេលដែលប្រវត្តិសាស្ត្រមនុស្សជាតិកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ ដែលពិភពលោកកំពុងប្រឈមមុខនឹងភាពស្មុគស្មាញ និងវិបត្តិបរិស្ថាន។ បញ្ហានេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជិតស្និទ្ធ ការពង្រឹងទំនុកចិត្តឱ្យកាន់តែរឹងមាំ និងការរួមសកម្មភាពជាសមូហភាពកាន់តែខ្លាំងក្លាឡើង រវាងប្រជាជាតិទាំងអស់។ 

    លោករដ្ឋមន្រ្តីបានលើកឡើងថា៖«កម្ពុជា ជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិយ៉ាងច្រើន ប៉ុន្តែយើងក៏ទទួលស្គាល់ផងដែរថា ការប្រែប្រួលអាកាសធាតុសកល និងការធ្លាក់ចុះនៃប្រព័ន្ធអេកូឡូស៊ី បានឈានដល់ បន្ទាត់ក្រហម ដ៏គ្រោះថ្នាក់មួយទៅហើយ។ ការបង្វែរនិន្នាការទាំងនេះឱ្យត្រឡប់ មកល្អប្រសើរឡើងវិញ ទាមទារឱ្យមានការរួមសកម្មភាពជាបន្ទាន់ និងកិច្ចសហការជាយុទ្ធសាស្ត្រប្រកបដោយការគិតគូរច្បាស់លាស់»។

    លោកបន្តថា យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា (CEDS)  ឆ្នាំ២០២៦–២០៣០ មិនមែនគ្រាន់តែជាឯកសារប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្ខីភាពដ៏ជ្រាលជ្រៅនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំរួមគ្នា ក្នុងការការពារបរិស្ថាន សម្រាប់ជំនាន់បច្ចុប្បន្ន និងអនាគត។ កិច្ចការនេះក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមយ៉ាងសកម្មនៅលើឆាកអន្តរជាតិ ដើម្បីបង្កើតភាពជាដៃគូប្រកបដោយវឌ្ឍនភាព និងការតស៊ូមតិលើគោលនយោបាយអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់និរន្តរភាពបរិស្ថានពិតប្រាកដ និងភាពធន់នឹងអា​កាសធាតុ។

    ដោយហេតុថាជាប្រទេសងាយរងគ្រោះដោយឥទ្ធិពលនៃប្រែប្រួលអាកាសធាតុ កម្ពុជាត្រូវតែប្រកាន់ខ្ជាប់នូវអភិក្រមមួយដ៏រឹងមាំ និងគិតគូរវែងឆ្ងាយ។ យុទ្ធសាស្ត្រនេះ នឹងធ្វើឱ្យមានតុល្យភាពរវាងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងភាពជាម្ចាស់ និងអធិ​បតេយ្យភាពជាតិ។ កម្ពុជាប្តេជ្ញាយ៉ាងពេញទំហឹង ក្នុងការប្រើប្រាស់សំឡេងរបស់យើងនៅលើឆាកសកល ដើម្បីការពារផលប្រយោជន៍ និងតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍន៍ និងបន្តតស៊ូមតិ ដើម្បីស្វែងរកវិធានការប្រកបដោយសមធម៌ សម្រាប់ដោះស្រាយឫសគល់នៃបញ្ហាបរិស្ថាន សកល ព្រមទាំងការពារយ៉ាងដាច់ខាតនូវសិទ្ធិអធិបតេយ្យរបស់យើង សំដៅឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

    យុទ្ធសាស្ត្រនេះ បានកំណត់នូវសសរស្តម្ភ យុទ្ធសាស្ត្រចំនួនបី។ ការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយ ការបន្ស៊ាំ និងអភិបាលកិច្ច ដែលផ្តោតលើការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការការពារព្រៃឈើ ការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត ការលើកកម្ពស់កសិកម្មឆ្លាតវៃអាកាសធាតុ និងការទាក់ទាញការវិនិយោគបៃតង។ ទន្ទឹមនឹងនេះ យុទ្ធសាស្ត្រនេះ ក៏សង្កត់ធ្ងន់លើការកសាងភាពធន់ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភាពត្រៀមលក្ខណៈរបស់សហគមន៍ ការពង្រឹងក្របខ័ណ្ឌស្ថាប័ន និងភាពជាដៃគូរវាងរដ្ឋនិងឯកជន ព្រមទាំងការកៀរគរហិរញ្ញប្បទានអាកាសធាតុ។

    ការលើកកម្ពស់ការអភិរក្សអេកូឡូស៊ី តាមរយៈការការពារ ជីវៈចម្រុះ ការស្តារព្រៃឈើ និងការគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍​ ដែលមានគោលបំណងការពារប្រព័ន្ធ អេកូឡូស៊ីធម្មជាតិរបស់កម្ពុជា ដោយការពង្រឹងការអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ការសហការជាមួយភាគីពាក់ព័ន្ធសំខាន់ៗ និងការផ្តល់ធនធានសម្រាប់ការអភិរក្ស។ ការងារនេះក៏ផ្តោតលើការស្តារព្រៃឈើយ៉ាងសកម្ម តាមរយៈការបង្កើតថ្នាលបណ្តុះ  កូនឈើ និងការដាំដើមឈើឡើងវិញ ព្រមទាំងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាពរបស់សហគមន៍ តាមរយៈ គោលដៅលម្លែបៃតង និងការគ្រប់គ្រងធនធានធម្មជាតិ។

    ការការពារបរិស្ថាន តាមរយៈខ្យល់ ដី និងទឹក ដែលចូលរួមដោះស្រាយការគ្រប់គ្រងការបំពុល ដោយការពង្រឹងបទប្បញ្ញត្តិ និងការអនុវត្តច្បាប់ ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការជំរុញការប្រើប្រាស់ថាមពលស្អាត ក៏ដូចជាមធ្យោបាយដឹកជញ្ជូនស្អាត។ ការងារនេះក៏ផ្តោតលើការកែលម្អប្រព្រឹត្តិកម្មទឹកកខ្វក់ ការគ្រប់គ្រងការហូរច្រោះពីដីកសិកម្ម និងការបង្កើនការអប់រំសាធារណៈអំពីការបំពុលទឹក។ បន្ថែមលើនេះ វាក៏នឹងរួមចំ​ណែកកែលម្អការគ្រប់គ្រងសំណល់ តាមរយៈការពង្រឹងប្រព័ន្ធប្រមូល និងទីលានចាក់សំរាម ការលើកកម្ពស់ការកែច្នៃឡើងវិញ និងការអភិវឌ្ឍដំណោះស្រាយបំប្លែងកាកសំណល់ទៅជាថាមពល៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngornleng nam

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.