គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា បានឃាត់ខ្លួនជនបរទេសចំនួន ៨នាក់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ ក្នុងពេលអាជ្ញាធរកំពុងត្រួតពិនិត្យការស្នាក់នៅរបស់ជនរបរទេស ស្របតាមអនុក្រឹត្យលេខ ០៣។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ១ករណី នៅបុរីប៊ុនលីចំការដូង ផ្ទះលេខ C១៦ ផ្លូវលេខ BL០២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ (ស្រី ១នាក់) មានជនជាតិបង់ក្លាដែស ៧នាក់ (ប្រុស) និងជនជាតិមីយ៉ាន់ម៉ា ១នាក់ (ស្រី)។ ក្នុងចំណោមពួកគេ មាន៣នាក់គ្មានលិខិតឆ្លងដែន។
រដ្ឋបាលរាជធានីបញ្ជាក់ថា តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជនសង្ស័យទាំង ៨នាក់ត្រូវបានឃើញថាជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្រោមរូបភាពអូសទាញលួងលោមស្នេហា ហើយបន្តបោកប្រាស់ដាក់ប្រាក់ចូលរួមវិនិយោគក្លែងក្លាយ (Investment Scams)។
បច្ចុប្បន្នជនសង្ស័យ និងសម្ភារទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។ បើតាមអាជ្ញាធរ ការត្រួតនិងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ ត្រូវបានធ្វើឡើងនៅខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ ដោយអាជ្ញាធរបានផ្សព្វផ្សាយនៅតាមអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងរាជធានីភ្នំពេញ។ នៅថ្ងៃទី៦នេះ ការផ្សព្វផ្សាយធ្វើបាននៅទីតាំអចំនួន ៩៤ និងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ២៨៦នាក់ (ស្រី ៨៤នាក់) បូករួមទាំងជនសង្ស័យ online scam ខាងលើផងដែរ៕
