Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»អាជ្ញាធរខេត្តតាកែវ អំពាវនាវ​ឱ្យ​អង្គការសង្គមស៊ីវិល រួមគ្នាទប់ស្កាត់បទល្មើស Online Scams តែ​ព្រមានចំពោះ​អ្នកមិនសហការ
    ព័ត៌មានជាតិ

    អាជ្ញាធរខេត្តតាកែវ អំពាវនាវ​ឱ្យ​អង្គការសង្គមស៊ីវិល រួមគ្នាទប់ស្កាត់បទល្មើស Online Scams តែ​ព្រមានចំពោះ​អ្នកមិនសហការ

    ngochecktayBy ngochecktayJuly 7, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោក ស៊ុត ខុន (ឈរពីមុខខាងស្តាំ) ពេលចូលរួមក្នុងវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» កាលពីព្រឹកថ្ងៃទី៧ ខែកក្កដានេះ។ រូបថត រដ្ឋបាលខេត្តតាកែវ
    លោក ស៊ុត ខុន (ឈរពីមុខខាងស្តាំ) ពេលចូលរួមក្នុងវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» កាលពីព្រឹកថ្ងៃទី៧ ខែកក្កដានេះ។ រូបថត រដ្ឋបាលខេត្តតាកែវ
    Share
    Facebook Twitter LinkedIn Pinterest Email

    អាជ្ញាធរ​ខេត្តកែវ បានអំពាវនាវដល់បណ្ដាអង្គការសង្គមស៊ីវិល សមាគម និងសហជីពនានា ដែលកំពុងប្រតិបត្តិការណ៍ក្នុងភូមិសាស្ត្រខេត្តមួយនេះ ឱ្យបង្កើនកិច្ចសហការយ៉ាងសកម្ម ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកំពុងរីករាលដាល និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ តែលោក​ក៏បានព្រមាន​ ចំពោះស្ថាប័នណាមួយ មិន​ចូល​រួមសហការ​ ដែល​អាច​នឹង​ទទួល​រង​ការ​ផាកពិន័យ និង​ទទួល​ទោស​តាម​ផ្លូវច្បាប់ជាធរមាន។

    ការអំពាវនាវនេះ ត្រូវបាន​ធ្វើ​ឡើង​តាម​រយៈ​លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ នៅពេល​លោក​បានចូលរួមជាអធិបតីក្នុងវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាព​អង្គការសង្គម​ស៊ីវិល​ក្នុង​យុគសម័យឌីជីថល» នៅវិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​តាកែវ កាលពីព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦។

    វេទិកានេះមានគោលបំណងសំខាន់ ​ដើម្បី​លើក​កម្ពស់ការ​យល់​ដឹង និង​ពង្រឹង​សមត្ថភាព​របស់អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​នានា ក្នុង​បរិបទឌីជីថល រួមទាំង​បញ្ហាបទ​ល្មើស​ Online Scams។

    ​លោក ខុន បញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងគួរ​ឱ្យ​កត់​សម្គាល់​នៃ​​បទល្មើស​បោក​​ប្រាស់​តាមប្រព័ន្ធអនឡាញ នាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បាន​នឹង​កំពុង​ដាក់ចេញ​នូវ​វិធាន​ការណ៍​ម៉ឺងម៉ាត់​ជា​បន្តបន្ទាប់ ដើម្បី​ការពារ​សន្តិសុខ​ឌីជីថល និង​ផល​ប្រយោជន៍ស្របច្បាប់​របស់​ប្រជាពលរដ្ឋ។ វិធានការណ៍ទាំងនេះ រួមមាន​ការ​ពង្រឹង​ក្រប​ខ័ណ្ឌ​ច្បាប់ ការ​បង្កើនសមត្ថភាព​មន្ត្រី​អនុវ​ត្តច្បាប់ និង​ការ​ផ្សព្វផ្សាយ​អប់រំ​ដល់​សាធារណជន​អំពី​ហានិភ័យ និង​ទម្រង់នៃ​បទ​ល្មើស​ឆបោក​នានា។

    លោកបានសង្កត់ធ្ងន់ថា៖ «បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺ​ជា​បញ្ហាប្រឈមរួម​ដែល​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំងអស់ ទាំង​ស្ថាប័នរដ្ឋ វិស័យឯកជន និង​ជា​ពិសេស​គឺ​អង្គការសង្គម​ស៊ីវិល ដែល​ជា​កម្លាំង​ចលករ​ដ៏សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន និងអប់រំ​ដល់​សហគមន៍​មូល​ដ្ឋាន»។

    លោកអភិបាលរង​ខេត្តតាកែវ​រូបនេះ បានបន្តថា អង្គការសង្គមស៊ីវិល សមាគម និងសហជីពទាំងអស់ គួរតែចូលរួម​យ៉ាង​សកម្មជាមួយ​រាជរដ្ឋាភិបាល ឬ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​ចុះ​ផ្សព្វផ្សាយ អប់រំ និង​ធ្វើ​រដ្ឋបាល​តាមមូលដ្ឋាន ដើម្បី​ទប់ស្កាត់បទល្មើស Online Scams កុំឱ្យ​កើត​មាន​ឡើង ឬ​រីករាល​ដាល​នៅ​ក្នុងសហគមន៍របស់ខ្លួន។

    ជាមួយគ្នានេះ លោក ស៊ុត ខុន ​បានលើកឡើង​ពីសារៈសំខាន់នៃ​ការអនុវត្តច្បាប់ និង​បានព្រមានថា «ប្រសិនបើ​ក្រុម​អង្គការ​សង្គមស៊ីវិល សមាគម ឬ​សហជីពណាមួយ មិន​ចូល​រួម​សហការជាមួយ​អាជ្ញាធរ ក្នុងការ​ចុះ​ធ្វើ​រដ្ឋបាល​តាម​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់បទល្មើស Online Scams នោះ​ពួកគេ​អាច​នឹង​ទទួល​រង​ការ​ផាកពិន័យ និង​ទទួល​ទោស​តាម​ផ្លូវច្បាប់ជាធរមាន»។ ការព្រមាននេះ គឺក្នុងគោលបំណង​ជំរុញ​ឱ្យ​មាន​ការ​ទទួល ខុសត្រូវ​ខ្ពស់ និង​ការចូល​រួម​ប្រកប​ដោយប្រសិទ្ធភាព​ពី​គ្រប់​ភាគី​ទាំងអស់ ក្នុង​ការ​ថែ​រក្សា​សន្តិសុខ និងសណ្តាប់ធ្នាប់​សង្គម។

    បន្ថែម​លើនេះ លោកអភិបាលរងខេត្ត បានអំពាវនាវដល់គ្រប់​អង្គការសង្គមស៊ីវិល សមាគម និងសហជីពទាំងអស់ ឱ្យ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រួម​ចំណែក​កសាង​សង្គម​មួយ ​ដែល​​គ្មាន​​បទ​ល្មើស Online Scams ធានាបាន​នូវ​សុវត្ថិភាព​ឌីជីថល និង​ការ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តតាកែវ​ទាំង​មូល ហើយ​ការចូលរួមពីគ្រប់ភាគី គឺ​ជាគន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅរួមនេះ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.