ភ្នំពេញ៖ កម្ពុជាបានក្លាយជាប្រទេសដែលមានការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៦ ដោយចំនួនភ្ញៀវធ្លាក់ចុះដល់ទៅ ៤៧,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈប្រទេសជិតខាងភាគច្រើននៅតែរក្សាបានកំណើន ឬធ្លាក់ចុះតិចតួច ទោះបីជាពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយ និងការរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសក៏ដោយ។
របាយការណ៍ស្ថិតិរបស់ក្រសួងទេសចរណ៍បង្ហាញថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ១.៥៣៩.០២៦នាក់ ក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ ធ្លាក់ចុះពី ២.៩៥០.៨២៤នាក់ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២៥។
ការធ្លាក់ចុះនេះ បណ្តាលមកពីការដួលរលំនៃភ្ញៀវឆ្លងកាត់ច្រកព្រំដែនគោក និងផ្លូវទឹក ដែលធ្លាក់ចុះ ៦៧,៥ភាគរយ ខណៈភ្ញៀវមកតាមផ្លូវអាកាសថយចុះ ១៩,៨ភាគរយ។
ទិន្នន័យនេះផ្ទុយស្រឡះពីនិន្នាការរបស់បណ្តាប្រទេសអាស៊ាន។
យោងតាមការចងក្រងទិន្នន័យរបស់ Travel and Tour World វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិ ១០,៦លាននាក់ កើនឡើង ១៤,៩ភាគរយ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ។ ឥណ្ឌូណេស៊ីទទួលបាន ៦លាននាក់ កើនឡើង ៧,៧ភាគរយ ខណៈម៉ាឡេស៊ីទទួលបាន ១០,៦លាននាក់ កើនឡើង ១ភាគរយ។
យោងតាមរបាយការណ៍របស់ក្រសួង បានបង្ហាញថា៖ «រីឯថៃ ដែលជាទីផ្សារទេសចរណ៍ធំបំផុតនៅអាស៊ីអាគ្នេយ៍ ទទួលបានភ្ញៀវ ១៣,៨លាននាក់ ថយចុះត្រឹម ២,៣ភាគរយ ប៉ុណ្ណោះ ខណៈសិង្ហបុរីទទួលបាន ៧លាននាក់ ថយចុះ ១,២ភាគរយ។ ផ្ទុយទៅវិញ កម្ពុជាមានការធ្លាក់ចុះខ្លាំងបំផុតក្នុងតំបន់ គឺ ៤៧,៨ភាគរយ»។
អ្នកជំនាញមើលឃើញថា ការធ្លាក់ចុះនេះបង្ហាញថា វិស័យទេសចរណ៍កម្ពុជាបានរងផលប៉ះពាល់ទាំងពីបញ្ហានៅតាមព្រំដែន និងការប្រែប្រួលនៃការធ្វើដំណើរអន្តរជាតិ។
ស្ថិតិរបស់ក្រសួងទេសចរណ៍បង្ហាញថា ការធ្លាក់ចុះខ្លាំងបំផុតកើតឡើងពីទីផ្សារថៃ ដែលធ្លាប់ជាប្រភពភ្ញៀវទេសចរធំបំផុតរបស់កម្ពុជា។ ភ្ញៀវពីថៃបានធ្លាក់ចុះ ៩៦,២ភាគរយ ពី ៨៥៦.១៦៩នាក់ មកនៅត្រឹម ៣២.៧៥៧នាក់។
ភ្ញៀវពីឡាវក៏ធ្លាក់ចុះ ៩១,៤ភាគរយ កូរ៉េខាងត្បូង ៥៩,៩ភាគរយ ឥណ្ឌូណេស៊ី ៣៨,៥ភាគរយ វៀតណាម ២៥,៩ភាគរយ ចិន ១៩ភាគរយ បារាំង ១៦,៥ភាគរយ និងចក្រភពអង់គ្លេស ១៤,៥ភាគរយ។
ការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវឆ្លងកាត់ព្រំដែន គឺជាមូលហេតុចម្បងដែលធ្វើឱ្យចំនួនភ្ញៀវមកតាមផ្លូវគោកធ្លាក់ចុះខ្លាំងជាងការធ្វើដំណើរតាមផ្លូវអាកាស។
ទន្ទឹមនឹងនេះ វិស័យទេសចរណ៍នៅអាស៊ីអាគ្នេយ៍ក៏កំពុងរងឥទ្ធិពលពីជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសសង្គ្រាមពាក់ព័ន្ធនឹងអ៊ីរ៉ង់ ដែលបានរំខានដល់ច្រកអាកាសដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។
ភ្ញៀវទេសចរអឺរ៉ុបជាច្រើនដែលធ្វើដំណើរមកកម្ពុជា និងប្រទេសអាស៊ីអាគ្នេយ៍ ភាគច្រើនត្រូវធ្វើដំណើរឆ្លងកាត់មជ្ឈមណ្ឌលអាកាសចរណ៍នៅមជ្ឈិមបូព៌ា ដូចជា ឌូបៃ (Dubai) ដូហា (Doha) និង អាប៊ូដាប៊ី (Abu Dhabi) តាមជើងហោះហើររបស់ក្រុមហ៊ុន Emirates, Qatar Airways និង Etihad Airways មុននឹងបន្តមកកាន់ភ្នំពេញ ឬសៀមរាប។
បន្ទាប់ពីជម្លោះផ្ទុះឡើង ការបិទដែនអាកាស ការប្តូរផ្លូវហោះហើរ ការលុបចោលជើងហោះហើរ និងវិធានការសន្តិសុខកាន់តែតឹងរ៉ឹង បានធ្វើឱ្យការធ្វើដំណើររវាងអឺរ៉ុប និងអាស៊ីចំណាយពេលយូរជាងមុន តម្លៃសំបុត្រឡើងថ្លៃ និងកាត់បន្ថយចំនួនកៅអីដែលអាចរកបាន។ ស្ថានភាពនេះបានប៉ះពាល់ដល់តម្រូវការធ្វើដំណើររយៈចម្ងាយឆ្ងាយមកកាន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ។
ខណៈប្រទេសជិតខាងបានពន្លឿនយុទ្ធសាស្ត្រទាក់ទាញភ្ញៀវក្នុងតំបន់អាស៊ី កម្ពុជាមិនទាន់អាចទាញយកប្រយោជន៍ពីនិន្នាការនេះបានដូចប្រទេសដទៃឡើយ។
ទោះជាយ៉ាងណា ទេសចរណ៍ក្នុងស្រុកនៅតែបង្ហាញសញ្ញាវិជ្ជមាន។
របាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា ប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរកម្សាន្តក្នុងស្រុកសរុប ២០,៣លានដង ក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២៦ កើនឡើង ៥៤,២ភាគរយ បើធៀបនឹងឆ្នាំមុន ខណៈការធ្វើដំណើររបស់ភ្ញៀវបរទេសនៅក្នុងប្រទេសបានធ្លាក់ចុះ ១៤,៥ភាគរយ។
តួលេខទាំងនេះបង្ហាញថា ទេសចរណ៍ក្នុងស្រុកបានជួយទ្រទ្រង់វិស័យនេះមួយផ្នែក ប៉ុន្តែមិនអាចជំនួសចំណូលពីភ្ញៀវទេសចរអន្តរជាតិ ដែលមានការចំណាយខ្ពស់ជាង និងជាប្រភពរូបិយប័ណ្ណបរទេសដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជាបានឡើយ។
ខណៈកម្ពុជាកំពុងត្រៀមទទួលរដូវទេសចរណ៍ចុងឆ្នាំ តួលេខចុងក្រោយនេះបានបង្ហាញពីបញ្ហាប្រឈមធំមួយសម្រាប់វិស័យទេសចរណ៍ ក្នុងការស្តារការប្រកួតប្រជែងឡើងវិញ ស្របពេលបណ្តាប្រទេសជិតខាងកំពុងបន្តទាញយកអត្ថប្រយោជន៍ពីការងើបឡើងវិញនៃទេសចរណ៍ក្នុងតំបន់។
