លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចាត់ទុកការជួយគាំទ្រជាបន្តបន្ទាប់លើគ្រប់វិស័យរួមទាំងសកម្មភាពបោសសម្អាតមីន របស់សាធារណរដ្ឋប្រជាមានិតចិន វាមិនត្រឹមតែប្រែក្លាយដីដែលរងផលប៉ះពាល់ដោយសង្គ្រាម ឱ្យក្លាយជាដីមានសុវត្ថិភាពសម្រាប់ការរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការពង្រឹងសន្តិភាព ជំរុញការអភិវឌ្ឍ និងកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ។
លោក លី ធុជ បានលើកឡើងបែបនេះ នៅពេលលោកចូលរួមជាអធិបតី ជាមួយលោក Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទបញ្ចប់គម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់សកម្មភាពមីន» នៅស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី ៨ ខែកក្កដានេះ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក សែម រតនា អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលរក្សាសន្តិភាព ផងដែរ។
លោក លី ធុជ បានគូសបញ្ជាក់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយសកម្មភាពមីន គឺជាបេសកកម្មមនុស្សធម៌ដ៏សំខាន់ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ និងប្រែក្លាយដីដែលរងផលប៉ះពាល់ដោយសង្គ្រាម ឱ្យក្លាយជាដីមានសុវត្ថិភាពសម្រាប់ការរស់នៅ និងការអភិវឌ្ឍ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់អាទិភាពខ្ពស់ដល់ការកសាង និងថែរក្សាសន្តិភាព សន្តិសុខ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដោយប្តេជ្ញាធានាថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប នឹងរស់នៅដោយសុវត្ថិភាព និងគ្មានការភ័យខ្លាចពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
លោកបញ្ជាក់ថា៖ «គម្រោងនេះបានបោសសម្អាតផ្ទៃដីរងផលប៉ះពាល់ជាង ៣លានម៉ែត្រការ៉េ ប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ដោយសុវត្ថិភាព បង្កបង្កើនផល និងការអភិវឌ្ឍ ព្រមទាំងរួមចំណែកការពារអាយុជីវិតប្រជាពលរដ្ឋ លើកកម្ពស់ការយល់ដឹងអំពីហានិភ័យគ្រាប់មីន និងកសាងបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់សហគមន៍»។
ទន្ទឹមនឹងនេះ លោក លី ធុជ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យសកម្មភាពមីនមនុស្សធម៌។
លោកសង្កត់ធ្ងន់ថា៖ «ការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិន មិនត្រឹមតែជាសក្ខីភាពនៃចំណងមិត្តភាពដែកថែប និងទំនាក់ទំនងជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការពង្រឹងសន្តិភាព ជំរុញការអភិវឌ្ឍ និងកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ»៕
