ការស្តារនីតិសម្បទា និងថែទាំសុខភាពជនជាប់ឃុំ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ សម្រេចបានលទ្ធផលល្អជាបន្តទៀត ដោយមានទណ្ឌិតចូលរួមកម្មវិធីអប់រំកែប្រែក្រៅប្រព័ន្ធ កម្មវិធីបំណិនជីវិត និងចលនាប្រឡងប្រណាំងកែប្រែខ្លួន ចំនួន១ ៨៩៧នាក់ ក្នុងនោះមានស្ត្រីចំនួន ១៦៧នាក់។
ជាមួយគ្នានេះ ជនជាប់ឃុំទាំងនោះ ត្រូវបានវាយតម្លៃថា «មានការកែប្រែខ្លួនល្អ ប្រព្រឹត្តល្អ ហើយមួយចំនួនត្រូវបានរៀបចំលើកបញ្ជីឈ្មោះស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស»។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ដែលទើបបានប្រកាស នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដានេះ។
ទន្ទឹមនឹងនេះ មានទណ្ឌិតចំនួន ១ ៧១២នាក់ បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីលើជំនាញចម្រុះ រៀបចំដោយអង្គភាពផ្ទាល់ និងក្រោមការគាំទ្រពីមជ្ឈមណ្ឌលជាតិ ព្រមទាំងអង្គការដៃគូនានា។
ដោយឡែក អគ្គនាយកដ្ឋានពន្ធនាគារ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការ និងគ្រប់គ្រងចំពោះជំងឺឆ្លង ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើអ្នកមានជំងឺដែលងាយប្រឈមគ្រោះថ្នាក់ដូចជាជំងឺបេះដូង វិបល្លាសស្មារតី និងជនជាប់ឃុំ ដែលគ្មានសាច់ញាតិជាទីពឹងពាក់។
របាយការណ៍បង្ហាញថា តាមរយៈការពង្រឹងសេវាប៉ុស្តិ៍សុខភាពពន្ធនាគារ និងការកែប្រែគុណភាពម្ហូបអាហារឱ្យកាន់តែប្រសើរឡើង ក្នុងឆមាសទី១នេះ ហើយករណីសង្គ្រោះបន្ទាន់ ឬការបញ្ជូនជនជាប់ឃុំទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ ព្រមទាំងអត្រានៃការស្លាប់ គឺជារួមបានមានការថយចុះគួរឱ្យកត់សម្គាល់។
គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានជនជាប់ឃុំសរុបចំនួន ៦៧ ៦៧៧នាក់ ក្នុងនោះមានស្ត្រីចំនួន ៤ ៥៣០នាក់ ហើយនៅក្នុងចំនួននេះ គឺមានជនត្រូវចោទចំនួន ២២ភាគរយ ជនជាប់ចោទមានចំនួន ១០ភាគរយ ពិរុទ្ធជនមានចំនួន ៣៧ភាគ និងទណ្ឌិតមានចំនួន ៣១ភាគរយ៕
