លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សន្យាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជា ដែលលោកបានទទួលបទពិសោធន៍ដោយផ្ទាល់ ពីការធ្វើដំណើរគ្រប់ខេត្ត-ក្រុងនៃកម្ពុជាដល់ប្រជាជនជប៉ុន ហើយលោកបានលើកជាសំណើដល់កម្ពុជា ឱ្យពិចារណាពិនិត្យលទ្ធភាពផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុន។
លោក UENO Atsushi បានលើកឡើងបែបនេះ នៅពេលលោកបានចូលជួបសម្តែងការគួរសម និងជំរាបលា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៩ ខែកក្កដា ក្នុងឱកាសលោកបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ហើយលោកបានបញ្ជាក់ពីការបន្តគាំទ្រការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសកម្ពុជា និងជប៉ុន។
ចំណែកការស្នើដល់កម្ពុជា ឱ្យពិចារណាពិនិត្យលទ្ធភាពផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុន ដែលធ្វើដំណើរមកទស្សនានៅកម្ពុជា ពីសំណាក់លោក UENO Atsushi គឺស្របពេលដែលកម្ពុជា បាននឹងកំពុងអនុវត្តការលើកលែងទិដ្ឋាការសាកល្បង ដល់ប្រជាជនចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្នុងយុទ្ធនាការ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង»។
ជាការឆ្លើយតប លោក ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកដ៏សកម្មរបស់លោក UENO Atsushi ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កា ជាពិសេសក្នុងវិស័យទេសចរណ៍ ក្នុងអាណត្តិបេសកកម្មទូតរបស់ឯកអគ្គរាជទូតជប៉ុនរូបនេះ។
លោក ហួត ហាក់ បានគូសបញ្ជាក់ថា «កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរជប៉ុន និងអន្តរជាតិ» ព្រមទាំងបានស្នើឱ្យភាគីជប៉ុនបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា សម្របសម្រួលឱ្យការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំង២។
លោករដ្ឋមន្រ្តី បានស្នើឱ្យបន្តពង្រីកការតភ្ជាប់ជើងហោះហើររវាងជប៉ុន និងកម្ពុជា គាំទ្រការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ អ្នកបង្កើតមាតិកា និងវិនិយោគិនជប៉ុនមកស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា។
លោក ហួត ហាក់ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តែងតែជាដៃគូដ៏សំខាន់របស់កម្ពុជា ហើយបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អ និងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងជ្រាលជ្រៅបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ ១៩៥៣ ហើយបច្ចុប្បន្នទំនាក់ទំនងប្រទេសទាំង២ ត្រូវបានដំឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងជាបន្តបន្ទាប់ តាមរយៈ ASEAN-Japan Centre (AJC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) លើការអភិវឌ្ឍធនធានមនុស្ស ការផ្សព្វផ្សាយទេសចរណ៍ និងទេសចរណ៍ប្រកបដោយនិរន្តរភាព។
តាមទិន្នន័យរបស់ក្រសួងទេសចរណ៍ បង្ហាញថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនចំនួន ៣៧ ៥៨៩ នាក់ ធ្លាក់ចុះ ២៣,២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
ភ្ញៀវទេសចរជប៉ុន ស្ថិតនៅចំណាត់ថ្នាក់ទី ៨ ដែលចូលមកកម្ពុជាច្រើនជាងគេបន្ទាប់ពីប្រទេសចិន វៀតណាម អាមេរិក ចក្រភពអង់គ្លេស បារាំង ឥណ្ឌូនេស៊ី និងអូស្ត្រាលី។ ដោយឡែក កាលពីឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវជនជាតិជប៉ុនចំនួន ១០៥ ៩៨៩នាក់ ធ្លាក់ចុះ ៦% បើធៀបនឹងឆ្នាំ២០២៤៕
