សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ហៅកាត់ សារមន្ទីរ ស.ស.រ) បានប្រកាសដាក់សម្ពោធជាផ្លូវការនូវសៀវភៅ«យើងទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)» ដែលជាការសហការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា។
ពិធីនេះប្រព្រឹត្តឡើងកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងបរិវេណសួនច្បារព្រះបាទអង្គឌួងនៃសារមន្ទីរ ស.ស.រ. ដោយមានការចូលរួមពីតំណាងវិស័យវប្បធម៌ អប់រំ និងវិស័យឯកជននានា។ សៀវភៅថ្មីនេះនឹងផ្តល់ជូនអ្នកអាននូវខ្លឹមសារសង្ខេបនៃពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ ស.ស.រ។
តាមរយៈអត្ថបទសង្ខេប និងការរចនារូបភាពបែបគំនូរ សៀវភៅនេះផ្តល់ឱកាសឱ្យអ្នកអានគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាននូវភាពងាយស្រួល និងការពន្យល់យ៉ាងក្បោះក្បាយពីប្រវត្តិសេដ្ឋកិច្ចនិងរូបិយវត្ថុ ដែលមានអាយុកាលជាង ២ ០០០ឆ្នាំរបស់ប្រទេសកម្ពុជា។
សៀវភៅ «យើងទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)» ក៏មានរៀបរាប់លម្អិតពីខ្លឹមសារសំខាន់ៗរបស់ពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ និងអាចប្រើប្រាស់ជាឧបករណ៍មគ្គុទ្ទេសក៍ក្នុងការទស្សនាសារមន្ទីរ និងឈ្វេងយល់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាផងដែរ។
កិច្ចសហការនេះបានបង្ហាញភាពជាដៃគូយ៉ាងជិតស្និទ្ធ រវាងសារមន្ទីរ ស.ស.រ និងគ្រឹះស្ថានបោះពុម្ពផ្សាយ ស៊ីប៉ា ដែលបានប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ការអាន និងគុណភាពអប់រំ និងបានក្លាយជាគ្រឹះស្ថានឈានមុខគេ ក្នុងការបង្កើនលទ្ធភាពទទួលបានចំណេះដឹងនៅទូទាំងប្រទេសកម្ពុជា។
តាមរយៈការរួមបញ្ចូលគ្នានូវជំនាញក្នុងការបោះពុម្ពសៀវភៅ ដែលងាយស្រួលអាន របស់គ្រឹះស្ថានបោះពុម្ពផ្សាយ ស៊ីប៉ា ជាមួយនឹងចំណេះដឹងផ្នែកប្រវត្តិសាស្ត្រនិងសមុច្ច័យដែលសារមន្ទីរ ស.ស.រ បានចងក្រង និងដាក់តាំងបង្ហាញសមិទ្ធផលនេះមានគោលបំណងធ្វើឱ្យប្រធានបទប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ ក្លាយជាចំណេះដឹងងាយស្រួលទទួលយក និងគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកអានគ្រប់រូប។
លោក Blaise Kilian សហប្រធានសារមន្ទីរ ស.ស.រ. បាននិយាយថា៖«ការផ្តល់លទ្ធភាពឱ្យសាធារណជនគ្រប់មជ្ឈដ្ឋាន ទទួលបានចំណេះដឹងផ្នែកប្រវត្តិសាស្ត្រសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា ជាបេសកកម្មមួយដ៏សំខាន់របស់សារមន្ទីរ ស.ស.រ។ យើងមានសេចក្តីសោមនស្សរីករាយដែលបានរួមសហការជាមួយគ្រឹះស្ថាន ស៊ីប៉ា ក្នុងការបោះពុម្ពផ្សាយសៀវភៅនេះឡើង ដោយបានផ្តល់នូវភាពងាយស្រួលក្នុងការអាន និងយល់ពីខ្លឹមសារនៃពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ»។
លោក ហុក សុទ្ធិ អគ្គនាយកនៃគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា បានថ្លែងថា៖«គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា មានមោទកភាពដែលបានចាប់ដៃគូសហការជាមួយសារមន្ទីរ ស.ស.រ ក្នុងការបោះពុម្ពសៀវភៅនេះឡើង ដែលជាធនធានផ្នែកអប់រំដ៏សាមញ្ញ ប៉ុន្តែមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់យុវជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ»។
សៀវភៅ «យើងទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)» ត្រូវបានបោះពុម្ពផ្សាយជាបីភាសា រួមមានភាសាខ្មែរ អង់គ្លេស និងបារាំង៕
