ភ្នំពេញៈ បន្ទាប់ពីចូលរួមកម្មវិធី បើកដំណើរការពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមឆ្នាំ២០២៦ របស់ក្រសួងបរិស្ថាន នាព្រឹកថ្ងៃសុក្រនេះ លោកសុខ ទូច បានចែករំលែកនូវបទពិសោធសំខាន់ៗចំនួនបីចំណុច ដើម្បីទទួលបានជោគជ័យលើការដាំដើមឈើ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលគ្រប់គ្រង ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ក្នុងខេត្តព្រះវិហារ លោក សុខ ទូច បានលើកឡើងថា ការដាំដើមឈើមានការលំបាកតែ ៥%ប៉ុណ្ណោះ ប៉ុន្តែការថែរក្សា និងអភិវឌ្ឍដើមឈើឱ្យទទួលបានជោគជ័យក្រោយពីដាំរួច គឺ ត្រូវការ ៩៥%ផ្សេងទៀត។ លោកបានពន្យល់ថា ដើម្បីរក្សា ៩៥%នោះ គឺត្រូវការ ៣ចំណុចៗគឺ (១) ឆន្ទៈនយោបាយ ដែលមានការប្ដេជ្ញាចិត្តខ្ពស់, (២) ត្រូវការសេចក្ដីស្រឡាញ់ និង (៣) ត្រូវការរួបរួមគ្នា ដើម្បីផលប្រយោជន៍បរិស្ថាន និងមនុស្សជំនាន់ក្រោយ។
លោកបានបញ្ជាក់ដោយខ្លីថា៖«បើខ្វះចំណុចទាំង៣នេះ ដាំរួចក៏គ្មានន័យដែរ ព្រោះខ្ញុំបានឆ្លងកាត់រួចហើយ»។
ក្រសួងបរិស្ថានបានបើកដំណើរការពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើម ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា តំណាង លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ កម្មវិធីនេះមានរយៈពេល ៣ថ្ងៃ ដោយគម្រោងនឹងចែកកូនឈើចម្រុះរហូតដល់ទៅ ៥លានដើមជូនសាធារណជនយកទៅដាំដោយឥតគិតថ្លៃ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបជុំគ្នានេះមិនត្រឹមតែដើម្បីបើកពិព័រណ៍ «ពន្លកបៃតង» ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងរួមគ្នាប្រកាសចាប់ផ្តើម ឱចលនាជាតិមួយ ដែលមានគោលបំណងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការការពារ និងស្ដារធនធានធម្មជាតិ ដោយគូសបញ្ជាក់ថា «ពន្លកបៃតង» គឺជានិមិត្តរូបនៃក្តីសង្ឃឹម ការទទួលខុសត្រូវ និងការចាប់ផ្តើមថ្មី សម្រាប់កម្ពុជាបៃតង ស្អាត និងប្រកបដោយចីរភាព។
លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជំរុញចលនាបៃតងយ៉ាងខ្លាំងក្លា ដោយចាត់ទុកពិព័រណ៍ «ពន្លកបៃតង» គឺជាបេសកកម្មជាតិដ៏មានគុណតម្លៃខ្ពស់បំផុត ក្នុងការបណ្តុះស្មារតីស្រឡាញ់បរិស្ថាន ធម្មជាតិ និងព្រៃឈើ។ សកម្មភាពនេះមានគោលបំណងពង្រីកគម្របបៃតងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការតាំងពិព័រណ៍កូនឈើ និងយុទ្ធនាការដាំដើមត្នោតចំនួន ១លានដើម ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ និងបរិស្ថាន។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរចំពោះការផ្តួចផ្តើមយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដែលមានគោលដៅពង្រីកគម្របព្រៃឈើ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងបង្កើតទ្រព្យសម្បត្តិធម្មជាតិសម្រាប់ជំនាន់ក្រោយ ហើយការចូលរួមចលនាបៃតងត្រូវស្តែងឡើងតាមរយៈសកម្មភាពជាក់ស្តែង ដូចជាការទទួលកូនឈើដាំដោយផ្ទាល់។

ពិព័រណ៍ផ្សព្វផ្សាយ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោតមួយលានដើម ឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងមុខទីស្តីការក្រសួងបរិស្ថាន។ កម្មវិធីនេះ រួមមានការដាក់តាំងពិព័រណ៍កូនឈើ និងនិងចែកកូនឈើ នៅតាមស្តង់នីមួយៗ ដែលរៀបចំដោយក្រសួងបរិស្ថាន ពិសេស អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មន្ទីរបរិស្ថានទាំង២៥ រាជធានីខេត្ត ទូទាំងប្រទេស ការចូលរួមពី ក្រុមការងារយុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រុមកាយរិទ្ធិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ចលនាភូមិមួយផលិត- ផលមួយ បងប្អូនប្រជាសហគមន៍តំបន់កាពារធម្មជាតិ។
លើសពីនេះ ក្រសួងបរិស្ថាន ក៏មានការដាក់តាំងពិព័រណ៍រថយន្ត និងម៉ូតូអគ្គិសនី សំដៅលើកទឹកចិត្តសាធារណជនឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរប្រភេទនេះ ដើម្បីរួមចំណែកកាត់បន្ថយការបញ្ចេញកាបូនទៅក្នុងបរិស្ថាន បង្កើនភាពស្អាតក្នុងទីក្រុង និងគាំទ្រចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ ជាប្រទេសអព្យាក្រឹត្យកាបូន៕


