ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពលបានអនុម័តឱ្យប្រើប្រាស់មូលនិធិទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន លើគម្រោងចំនួន៤៨ មានថវិកាជាង ៥ ៦៩៥ ៥៦៧ ដុល្លារសហរដ្ឋអាម៉េរិកតាមបណ្តាឃុំចំនួន ៤៦ ក្នុងខេត្តចំនួន១០ សម្រាប់ឆ្នាំ២០២៦ ដែលថវិកានេះបានមកពីក្រុមហ៊ុន ឬអាជីវករធ្វើអាជីវកម្មរ៉ែ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួង ស្តីពីការអនុវត្តគម្រោងមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ឆ្នាំ២០២៦ នាថ្ងៃសុក្រ ទី១០ ខែកក្កដានេះ។
ក្រសួងរ៉ែ និងថាមពល បានជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋឱ្យបានជ្រាបពីមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងការប្រើប្រាស់មូលនិធិរ៉ែក្នុងការរួមចំណែកអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន តាមរយៈការស្នើសុំគម្រោងអភិវឌ្ឍពីរដ្ឋបាលឃុំ/សង្កាត់។
ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្នុងការធ្វើអាជីវកម្មរ៉ែ ក្រុមហ៊ុន អាជីវករ ទាំងអស់ត្រូវមានកាតព្វកិច្ចបង់ជូនរដ្ឋ នូវសួយសាររ៉ែ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀត តាមការកំណត់ក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។ បន្ថែមលើកាតព្វកិច្ចនេះ ក្រុមហ៊ុន អាជីវករ ត្រូវបង់នូវមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដែលក្រសួងរ៉ែនិងថាមពលបានបង្កើតឡើងពីឆ្នាំ២០១៥ ក្នុងគោលបំណងរួមចំណែកជួយដល់មូលដ្ឋាន ឃុំ សង្កាត់ក្នុងការអភិវឌ្ឍឃុំ សង្កាត់ ដែលមានការដ្ឋានរ៉ែស្ថិតនៅ។ ថវិកាដែលបង់ចូលមូលនិធិនេះ សមាមាត្រ ទៅនឹងទំហំផលិតកម្មរ៉ែដែលក្រុមហ៊ុន អាជីវករបានធ្វើអាជីវកម្មរ៉ែ។
បន្ថែមលើការបង់នូវមូលនិធិរ៉ែនេះ ក្រុមហ៊ុន អាជីវកររ៉ែ បានជួយរួមចំណែកដោយផ្ទាល់ក្នុងការ អភិវឌ្ឍមូលដ្ឋាន តាមរយៈការជួយសាងសង់ផ្លូវ សាលារៀន អណ្តូងទឹក។ល។ នៅក្នុងឃុំ សង្កាត់ ដែល ការដ្ឋានរ៉ែបានស្ថិតនៅផងដែរ។
ក្រសួងបានលើកឡើងថា មូលនិធិរ៉ែ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងតំបន់សហគមន៍មូលដ្ឋានដែលមានការដ្ឋានរ៉ែស្ថិត នៅ និងអាចប្រើប្រាស់បានក្នុងតំបន់ជិតខាងនៃការដ្ឋានរ៉ែនោះ តាមរយៈការស្នើសុំដោយផ្ទាល់ពីរដ្ឋបាលឃុំ សង្កាត់ ដែលមានការដ្ឋានរ៉ែស្ថិតនៅ។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៥ មកដល់ ឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពលបានអនុម័តឱ្យប្រើប្រាស់មូលនិធិ លើគម្រោងចំនួន ១៤៤ មានថវិកាជាង ៩ ៧១២ ៨៨០ ដុល្លារអាម៉េរិករួចមកហើយ៕
