Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»ក្រសួងព័ត៌មាន៖ Facebook និង TikTok មិនមែនជាបណ្ដាញសារព័ត៌មាន
    ព័ត៌មានជាតិ

    ក្រសួងព័ត៌មាន៖ Facebook និង TikTok មិនមែនជាបណ្ដាញសារព័ត៌មាន

    ngochecktayBy ngochecktayJuly 11, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ ក្រសួងព័ត៌មានបានព្រមានសាធារណជនកុំឱ្យចាត់ទុកព័ត៌មានដែលផ្សព្វផ្សាយលើ Facebook និង TikTok ថាជាព័ត៌មានវិជ្ជាជីវៈដោយស្វ័យប្រវត្តិ ខណៈពលរដ្ឋកម្ពុជាជាង ១៥លាននាក់កំពុងប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមយ៉ាងសកម្ម ហើយការប្រើប្រាស់វេទិកាទាំងនេះមានអត្រាខ្ពស់ក្នុងចំណោមយុវជន។

    លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា៖ “Facebook និង TikTok មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការនៅកម្ពុជាឡើយ ដោយសារវេទិកាទាំងនេះអនុញ្ញាតឱ្យមនុស្សទូទៅអាចបង្កើតគណនី ឬទំព័រ និងផ្សព្វផ្សាយខ្លឹមសារបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ឆ្លងកាត់ដំណើរការត្រួតពិនិត្យបែបវិជ្ជាជីវៈសារព័ត៌មាន”។

    លោកបានលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ក្រុងកែប កាលពីថ្ងៃទី១០ ខែកក្កដា។

    តាមលោក ទេព អស្នារិទ្ធ ក្នុងចំណោមប្រជាជនកម្ពុជាជាង ១៧លាននាក់ មានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមសកម្មជាង ១៥លាននាក់។ ក្នុងចំណោមប្រជាពលរដ្ឋវ័យក្មេង និងយុវសិស្សដែលកំពុងស្ថិតក្នុងវ័យសិក្សា ប្រមាណ ៥៩% ប្រើប្រាស់ Facebook ខណៈប្រមាណ ៣៥% សកម្មនៅលើ TikTok។

    លោកបានចោទជាសំណួរថា តើអ្នកដែលមានគណនី និងប្រើប្រាស់បណ្ដាញសង្គមទាំងអស់ សុទ្ធតែបានរៀន ឬទទួលការបណ្ដុះបណ្ដាលផ្នែកសារព័ត៌មានដែរឬទេ?

    លោកថ្លែងថា៖ «ចម្លើយ គឺថា មិនមានទេ! លើកលែងតែគណនី ឬក៏ផេកផ្លូវការរបស់ក្រសួង ស្ថាប័ន ឬបុគ្គល និងក្រុមមានវិជ្ជាជីវៈត្រឹមត្រូវប៉ុណ្ណោះ»។

    លោកបន្តថា៖ «Facebook និង TikTok នេះ អ្នកណាក៏បង្កើតបានដែរ… ហើយផ្សាយទាំងព័ត៌មានល្អ និងមិនល្អលាយឡំគ្នា ដោយពុំមានការពិនិត្យ ផ្ទៀងផ្ទាត់ខ្លឹមសារ មាតិកា ឬរូបភាពហ្នឹងមុនបញ្ចេញទេ»។

    លោកបានពន្យល់ថា បណ្ដាញសង្គមមានតួនាទីទូលំទូលាយ ចាប់ពីការកម្សាន្ត ការធ្វើអាជីវកម្ម ការផ្សព្វផ្សាយផលិតផល រហូតដល់ការចែករំលែកព័ត៌មាន ប៉ុន្តែការប្រើប្រាស់ដោយខ្វះការពិចារណា និងការផ្ទៀងផ្ទាត់ អាចបង្កភាពច្របូកច្របល់ និងប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

    ផ្ទុយពីការបង្ហោះខ្លឹមសារទូទៅលើបណ្ដាញសង្គម លោក ទេព អស្នារិទ្ធ បានលើកឡើងថា ស្ថាប័នសារព័ត៌មានវិជ្ជាជីវៈមានយន្តការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានមុនការផ្សព្វផ្សាយ ដោយព័ត៌មានត្រូវឆ្លងកាត់ការត្រួតពិនិត្យពីនិពន្ធនាយក និងពិនិត្យប្រភព ដើម្បីធានាភាពត្រឹមត្រូវ និងការអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ។

    លោកបានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយផ្លូវការផ្ដោតសំខាន់លើគុណភាព និងភាពត្រឹមត្រូវជាងល្បឿន។ ទោះបីវិស័យសារព័ត៌មានបានវិវត្តទៅរកការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ដែលទាមទារល្បឿនលឿនជាងមុនក៏ដោយ ការផ្ទៀងផ្ទាត់ប្រភពនៅតែជាជំហានចាំបាច់មុនការចេញផ្សាយ។

    ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន ធ្វើឡើងក្នុងពេលដែល Facebook និង TikTok បានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការទទួល និងចែករំលែកព័ត៌មានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលធ្វើឱ្យសមត្ថភាពក្នុងការបែងចែករវាងខ្លឹមសារលើបណ្ដាញសង្គម និងព័ត៌មានដែលផលិតតាមស្តង់ដារវិជ្ជាជីវៈ កាន់តែមានសារៈសំខាន់។

    លោក ទេព អស្នារិទ្ធ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមឱ្យមានការទទួលខុសត្រូវខ្ពស់ចំពោះការបញ្ចេញមតិ និងការចែករំលែកបន្ត ដោយត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ជាមុន ដើម្បីកុំឱ្យព័ត៌មានមិនពិតត្រូវបានចែកចាយកាន់តែទូលំទូលាយ។

    យោងតាមក្រសួង ប្រព័ន្ធផ្សព្វផ្សាយផ្លូវការនៅកម្ពុជា រួមមាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទូរទស្សន៍ជាតិកម្ពុជា (TVK) វិទ្យុជាតិកម្ពុជា (RNK) កម្មវិធី MoInfo App ព្រមទាំងគេហទំព័រ និងបណ្ដាញសង្គមផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត មន្ទីរព័ត៌មានទូទាំងប្រទេស និងអង្គភាពសារព័ត៌មានដែលមានអាជ្ញាបណ្ណចេញដោយក្រសួងព័ត៌មាន។

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.