ឆ្នាំ ២០៥០ ចំនួនប្រជាជនកម្ពុជា ត្រូវបានព្យាករថានឹងមានប្រមាណ ២៤លាននាក់ ហើយចំនួនមនុស្សចាស់អាយុចាប់ពី ៦៥ឆ្នាំឡើងទៅនឹងមានចំនួនជិតពីរដងនៃចំនួនបច្ចុប្បន្ន ខណៈមនុស្សវ័យក្មេងមានចំនួនតិចជាងមុន។ និន្នាការនេះតម្រូវឲ្យមានការវិនិយោគចាប់ពីពេលនេះទៅ ដើម្បីបញ្ចៀសបញ្ហានាពេលអនាគត។ នេះបើតាមលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់ឱកាស«ប្រជាជនពិភពលោកលើកទី៣៧» ១១ កក្កដា ឆ្នាំ២០២៦។
បើតាមលោក ហ៊ុន ម៉ាណែត បច្ចុប្បន្ននេះ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលភាគលាភប្រជាសាស្ត្រ គឺជាពេលដែលប្រជាជនវ័យក្មេង និងប្រជាជនក្នុងវ័យធ្វើការនៅតែមានចំណែកខ្ពស់ ដែលឱកាសដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច បង្កើនផលិតភាព និងពង្រឹងមូលដ្ឋានអភិវឌ្ឍន៍រយៈពេលវែង។
ប៉ុន្តែ លោកថ្លែងថា ភាគលាភប្រជាសាស្ត្រនេះ មិនកើតឡើងដោយស្វ័យប្រវត្តិឡើយ ប្រសិនបើមិនមានការវិនិយោគឲ្យបានត្រឹមត្រូវលើមនុស្ស ជាពិសេសលើការអប់រំ ជំនាញ សុខភាព ឱកាសការងារ សមភាពយេនឌ័រ និងបរិយាកាសសង្គម។ លោកថា មានតែការវិនិយោគលើពួកគេទេដែលអាចអនុញ្ញាតឱ្យប្រជាជនវ័យក្មេង បង្ហាញសក្តានុពលរបស់ខ្លួនបានពេញលេញ ក្នុងការចូលរួមកសាងនិងអភិវឌ្ឍប្រទេសនៅថ្ងៃនេះ និងភាពរីកចម្រើន ប្រកបដោយភាពធន់នៅថ្ងៃស្អែក។
ការធ្វើការអង្កេតចន្លោះជំរឿនប្រជាជននៅក្នុងឆ្នាំកម្ពុជាឆ្នាំ២០២៤ បង្ហាញថា កម្ពុជាមានប្រជាជនចំនួន១៧,៣លាននាក់ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំ មានចំនួន២៦,៨%, វ័យ១៥-៣៤ឆ្នាំ មានចំនួន៣៤,៦%, វ័យ៣៥-៦៤ មានចំនួន៣២,១%, និងវ័យ៦៥ឆ្នាំឡើង មានចំនួន៦,៥%។
លោក ហ៊ុន ម៉ានែត ថ្លែងថា តាមព្យាករណ៍ ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់នៅឆ្នាំ២០៥០ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំនឹងថយ ចុះដល់២១,៨% និងវ័យ១៥-៣៤ឆ្នាំនឹងថយចុះដល់២៨,២% ខណៈដែលប្រជាជនវ័យ៣៥-៦៤នឹងកើន ដល់៣៧,២% និងវ័យ៦៥ឆ្នាំឡើងនឹងកើនដល់១២,៧%។
លោកថា ចំនួននេះបង្ហាញពីទិន្នន័យនេះបង្ហាញយ៉ាងច្បាស់ថា បញ្ហាប្រជាជនគឺជាបញ្ហាគន្លឹះដែលពាក់ព័ន្ធផ្ទាល់នឹងគុណភាព ធនធានមនុស្ស កម្លាំងពលកម្ម ទីផ្សារការងារ ការផ្តល់សេវាសាធារណៈ សុខុមាលភាពគ្រួសារ និងសន្តិសុខ សង្គមនាពេលអនាគត។
លោកថ្លែងថា៖ «ការប្រែប្រួលរចនាសម្ព័ន្ធអាយុនេះ បញ្ជាក់យ៉ាងច្បាស់ថា ពេលវេលាដើម្បីវិនិយោគលើប្រជាជនវ័យក្មេងគឺឥឡូវនេះ។ ប្រសិនបើយើងខកខានមិនបានផ្តល់ឱកាសនិងការគាំទ្រដល់ប្រជាជនវ័យក្មេងនាពេលបច្ចុប្បន្ន យើងនឹងប្រឈមនឹងបញ្ហានានានៅពេលខាងមុខ ដូចជាការមិនទទួលបាននូវភាគលាភប្រជាសាស្ត្រទីពីរ កង្វះកម្លាំងពលកម្មជំនាញ និងការកើនឡើងនៃបន្ទុក សេដ្ឋកិច្ចនិងសង្គមដោយសារកំណើនប្រជាជនវ័យចាស់»។
ការកើនឡើងនៃប្រជាជនវ័យចាស់ជាបញ្ហាមិនអាចចៀសផុតទៅថ្ងៃមុខ ដែលតម្រូវឲ្យមានភាពបុរេសកម្មក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គមទុកជាមុនសម្រាប់ប្រជាជនវ័យចាស់ ដើម្បីប្រែក្លាយភាពជាបន្ទុកនៃប្រជាជន វ័យចាស់ទៅជាភាគលាភប្រជាសាស្ត្រទីពីរ និងកាលានុវត្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ប្រាក់។ នេះបើតាមលិខិតរបស់លោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន ម៉ាណែត៖ «នៅពេលដែលប្រជាជនវ័យក្មេងបច្ចុប្បន្នទទួលបានឱកាសការងារនិងប្រាក់ចំណូលសមរម្យ ពួកគេមិនត្រឹមតែអាចលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៅពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពសន្សំ និងកសាងសុវត្ថិភាព ហិរញ្ញវត្ថុ សម្រាប់ធានាដល់ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានលទ្ធភាពគាំទ្រកូនចៅជំនាន់ក្រោយ និង វិនិយោគបន្ត នៅពេលដែលពួកគាត់ឈានចូលវ័យចាស់»។
លោកបានលើកឡើងនូវអនុសាសន៍មួយចំនួន ដូចជាការពង្រឹងប្រព័ន្ធទិន្នន័យប្រជាជន និងការធ្វើគោលនយោបាយផ្អែកលើភស្តុតាង ទៅតាមវិស័យ ដោយលោកចាត់ទុកការពង្រឹងប្រព័ន្ធស្ថិតិ ការចុះបញ្ជីអត្រានុកូលដ្ឋាន ការស្ទង់មតិ ការព្យាករប្រជាជន និងការប្រើប្រាស់ទិន្នន័យរដ្ឋបាល គឺជាមូលដ្ឋានចាំបាច់សម្រាប់រៀបចំគោលនយោបាយឱ្យចំគោលដៅនិងមានប្រសិទ្ធភាព។
លោកជំរុញឲ្យមានការវិនិយោគកាន់តែខ្លាំងទៅលើការអប់រំ ជំនាញ និងការងារសមរម្យសម្រាប់ប្រជាជនវ័យក្មេង ជាពិសេសជំនាញដែលឆ្លើយតបទៅនឹងទីផ្សារការងារថ្មី នោះគឺ STEM។
ការវិនិយោគលើការពង្រឹងសុខភាព សុខុមាលភាព សមភាពយេនឌ័រ និងការគាំពារក្រុមងាយរងគ្រោះ ក៏ត្រូវយកចិត្តទុកដាក់ផងដែរ។ បន្ថែមពីលើនេះ លោកថា ត្រូវមានការរៀបចំប្រព័ន្ធសុខាភិបាល ការគាំពារសង្គម សេវាថែទាំរយៈពេលវែង ប្រាក់សោធននិវត្តន៍ និងការចូលរួមរបស់មនុស្សចាស់ក្នុងសង្គម ដែលទាំងអស់នេះត្រូវក្លាយជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍រយៈពេលវែងរបស់ជាតិ។
លោក ហ៊ុន ម៉ាណែត៖ «អនាគតរបស់កម្ពុជា នឹងត្រូវបានកំណត់ដោយគុណភាពនៃការវិនិយោគលើប្រជាជនវ័យក្មេង និងប្រជាជននៅថ្ងៃនេះ។ ប្រសិនបើយើងអាចផ្តល់ឱកាសអប់រំ សុខភាព ការងារ និងបរិយាកាសសង្គមដែលសមស្រប ប្រជាជនវ័យក្មេងកម្ពុជានឹងក្លាយជាកម្លាំង ដ៏សំខាន់ក្នុងការជំរុញកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង ក្លាយជាប្រទេសមានចំណូលខ្ពស់ និងជាសង្គមមួយដែលមានភាពធន់ប្រជាជន ប្រកបដោយសាមគ្គីភាព សមធម៌ និងចីរភាព»៕
