ភ្នំពេញៈ ក្រុមការងារជំណាញនៃក្រសួងបរិស្ថានបានបញ្ជាឱ្យ ក្រុមហ៊ុន ហ្វាង ស៊ីង ហ្គាម៉ិន ឯ.ក FANG XING GARMENT CO., LTD. មានទីតាំងស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញអនុវត្តតាមច្បាប់ជាធរមានឱ្យបានត្រឹមត្រូវ បន្ទាប់ពីបានរកឃើញមានការដុតកម្ទេចក្រណាត់ និងបញ្ចេញផ្សែងលើកម្រិតស្តង់ដាគុណភាពខ្យល់សាធារណៈ។
ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដែលដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន សហការ ជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានរកឃើញថា ក្រុមហ៊ុនហ្វាង ស៊ីង ហ្គាម៉ិន ឯ.ក (FANG XING GARMENT) បានប្រើប្រាស់កម្ទេចក្រណាត់ដុតក្នុងឡចំហាយ ដោយពុំមានបំពាក់ប្រព័ន្ធចម្រោះសម្រាប់សម្អាតផ្សែងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

ក្រុមការងារបានធ្វើការត្រួតពិនិត្យគុណភាពខ្យល់ ចេញពីបំពង់ផ្សែងឡចំហាយ ហើយហជាបឋមបានរកឃើញមានកម្រិតលើសកម្រិតស្ដង់ដា។ ជាមួយគ្នានេះ ក្រុមហ៊ុន ពុំមានកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។
ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន ដោយតម្រូវឱ្យក្រុមហ៊ុន ត្រូវបញ្ឈប់ការដុតកម្ទេចក្រណាត់ ក្នុងឡចំហាយជាបន្ទាន់ និងធ្វើការបំពាក់ប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយ ឱ្យបានត្រឹមត្រូវ ព្រមទាំងបញ្ចេញផ្សែង អនុលោមតាមស្ដង់ដាកំណត់ ស្តីពីការគ្រប់គ្រងគុណភាពខ្យល់។

ជាមួយគ្ននេះ ក្រុមហ៊ុន ត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន ហើយដាក់ជូនក្រសួងបរិស្ថាន ដើម្បីធ្វើការពិនិត្យ និងផ្ដល់យោបល់ ក៏ដូចជាត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធពីក្រសួងបរិស្ថាន។ លើសពីនេះ ក្រុមហ៊ុន ក៏ត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថានតាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ៕
